ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៨នាក់បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងដល់ ១៤នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 53
ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៨នាក់បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងដល់ ១៤នាក់ ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៨នាក់បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងដល់ ១៤នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨នាក់បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្រិការណ៍ «សហគមន៍២៨វិច្ឆិកា» ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍នេះកើនឡើនដល់១៤នាក់។

អ្នកឆ្លងថ្មីទាំង ៨នាក់នេះរួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានស្វាមី ជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ រស់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានស្វាមី បម្រើការងារនៅនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ។

៣៖ ស្ត្រីជនជាតិខ្មែរ អាយុ៤៥ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាម្តាយមីងរបស់អ្នកជំអឺកូវីដ-១៩ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ ខែវិច្ឆិកា។

៤៖ ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គ្រួសារអ្នកបើកបររបស់អ្នកជំងឺកូវីដ-១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្តការណ៍ សហគមន៍ ២៨ វិច្ឆិកា។

៥៖ ស្ត្រីជនជាតិខ្មែរអាយុ (មិនបានរាយការណ៍) រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

៦៖ ស្ត្រីជនជាតិខ្មែរ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាម្តាយមីងរបស់អ្នកជំងឺកូវីដ-១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ។

៧៖ កុមារា ជនជាតិខ្មែរ អាយុ៧ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាក្មួយប្រុសរបស់អ្នកជំងឺកូវីដ-១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា។

៨៖ បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជាអ្នកប៉ះពាល់អ្នកជំងឺកកូវីដ-១៩ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

អ្នកជំងឺកូវីដ-១៩ថ្មីទាំង៨នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់ ចំនួន ៣៣៣២ នាក់ (នៅភ្នំពេញ និងខេត្តចំនួន៧) តែការវិភាគអាចធ្វើបានតែ ២២៤៨សំណាក់ (ត្រឹមម៉ោង១៖៣០នាទី ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០) ដែលក្នុងចំនួននេះ លទ្ធផលបង្ហាញថា មានវិជ្ជមានកូវីដ-១៩ ចំនួន១៤នាក់ (ដោយគិតទាំងអ្នកដែលបានយការណ៍ចំនួន ៦នាក់ ថ្ងៃទី២៨ ខែវិច្ឆិកា និងអ្នករកឃើញ៨នាក់ថ្មី) រីឯចំនួន២២៣៤នាក់ គឺអវិជ្ជមានវីរុសកូវីដ-១៩។ ចំនួននៅសល់ ១០៨៤នាក់ទៀត នឹងបន្តវិភាគ។

ក្រសួងសុខាភិបាល សូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តន៍តាម សារសំឡេងណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី ២៩ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ដែលបានថ្លែងចេញពីខេត្តសៀមរាបនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណីវិជ្ជមាន វីរុសកូវីដ-១៩ រកឃើញក្នុងពេលថ្មីៗនេះ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយសូមឱ្យ អ្នកទាំងអស់ ដែលពាក់ព័ន្ធជាមួយនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ដែលបានរកឃើញវិជ្ជមាន វីរុសកូវីដ-១៩ ថ្មី មានដូចជាអ្នកប៉ះពាល់នៅផ្សារអីអន១ សាលារៀនមួយចំនួន និងកន្លែងផ្សេងៗ ដែលប៉ះពាល់ជាមួយអ្នកជំងឺនៅក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាដើម សូមអញ្ជើញទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ដែលបន្តធ្វើនៅថ្ងៃនេះទៀត នៅតាមទីតាំង៖ បរិវេណផ្សារអីអន១ បរិវេណក្រសួងមហាផ្ទៃ បរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សម្រាប់សិស្សសាលា និងលោកគ្រូអ្នកគ្រូដែលពាក់ព័ន្ធ) និងនៅពន្ធនាគារ ព្រៃស (សម្រាប់អ្នកពាក់ព័ន្ធកន្លែងនោះ) ហើយក្រសួងអាចធ្វើនៅកន្លែងផ្សេងៗទៀតទៅតាមការ ចាំបាច់ផងដែរ ដែលតេស្តនេះមានធ្វើទៅតាមថ្ងៃដូចតទៅ៖

* តេស្តលើកទី១ ធ្វើនៅថ្ងៃទី២៩ និងបន្តធ្វើនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០
* តេស្តលើកទី២ ធ្វើនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០
* តេស្តលើកទី ៣ ធ្វើនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០

ក្រសួងបន្ថែមថា បុគ្គលដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះរបស់ខ្លួន ឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលតែងតែចេញផ្សាយជារឿយៗនូវចំណុច១០យ៉ាងនៃការ ធ្វើចត្តាឡីស័ក នៅតាមផ្ទះ នៅក្នុងមណ្ឌលចត្តាឡីស័ក ឬនៅតាមសណ្ឋាគារ ហើយសម្រាប់អ្នកនៅដែលមិន មានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯងនោះ សូមអញ្ជើញទៅស្នាក់នៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ សុខាភ្នំពេញ ដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថាការធ្វើតេស្តរកកូវីដ-១៩ និងការស្នាក់ធ្វើ ចត្តាឡីស័កនៅសណ្ឋាគារនេះ គឺរដ្ឋជាអ្នកចេញសាហ៊ុយជូនបងប្អូន ហើយសម្រាប់នៅតាមបណ្ដាខេត្ត សូមអាជ្ញាធរថ្នាក់ក្រោមជាតិ ចាត់ចែងរៀបចំ និងគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កទាំងអស់ឱ្យបានហ្មត់ចត់ ជាទីបំផុត អ្នកដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវស្នាក់នៅមណ្ឌលចត្តាឡីស័កដែល រៀបចំដោយអាជ្ញាធរខេត្តដោយរដ្ឋជាអ្នកទទួលបន្ទុក។

កិច្ចការនេះ សំខាន់ណាស់នៅក្នុងដំណាក់កាលនេះ ដើម្បីកាត់ផ្តាច់ខ្សែចម្លងពីបុគ្គលមួយ ទៅបុគ្គលមួយពីបុគ្គលទៅក្រុមគ្រួសារ និងពីបុគ្គលចម្លង រាតត្បាតនៅក្នុងសហគមន៍។ ដូច្នេះអ្នកដែលប៉ះពាល់ទាំងអស់ សូមចូលរួមធ្វើកិច្ចការទាំងនេះ តាមការ អំពាវនាវឱ្យបានគ្រប់គ្នា ដើម្បីខ្លួនឯង ដើម្បីគ្រួសារខ្លួន និងដើម្បីសហគមន៍យើង មិនមានការចម្លង បន្តគ្នាក្នុងទ្រង់ទ្រាយធំ។ ប្រសិនបើបុគ្គលណាមានបញ្ហាសុខភាព សូមប្រញាប់ប្រញាល់ជូនព័ត៌មានតាម លេខដែលបានជូនខាងក្រោមនេះស្រាប់ ដើម្បីក្រុមគ្រូពេទ្យអាចជួយអន្តរាគមន៍បានទាន់ពេលវេលា។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៣២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់៕

អត្ថបទទាក់ទង