ខ្មែរប៉ុស្ដិ៍ Close

អត្ថបទវិភាគគួរអាន៖ មូលហេតុពិតនៃការប្តឹងរំលាយគណបក្សសង្រ្គោះជាតិ

ដោយ៖ ប៉ែន វិភាគ ​​ | ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 42
អត្ថបទវិភាគគួរអាន៖ មូលហេតុពិតនៃការប្តឹងរំលាយគណបក្សសង្រ្គោះជាតិ អត្តបទវិភាគគួរអាន៖ មូលហេតុពិតនៃការប្តឹងរំលាយគណបក្សសង្រ្គោះជាតិ

នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃឱសានវាទរយៈពេល២០ថ្ងៃ ដែលតុលាការកំពូលបានទុកឱ្យបក្សព្រះអាទិត្យ រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដើម្បីដាក់ឯកសារពាក់ព័ន្ធផ្សេងៗ ដើម្បីឆ្លើយតបនឹងបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានប្តឹងរំលាយបក្ស។ ប៉ុន្តែលោក កឹម សុខា ប្រធានបក្សព្រះអាទិត្យដែលកំពុងតែជាប់ឃុំខ្លួននៅ ពន្ធនាគារត្រពាំងផ្លុង អំពីអំពើក្បត់ជាតិនោះបានប្រាប់មេធាវីថា មិនចាំបាច់ដាក់ឯកសារអ្វីទាំងអស់ទាក់ទងនឹងការប្រព្រឹត្តល្មើសរបស់បក្សនេះ ទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយ។

តើមានមូលហេតុអ្វីខ្លះដែលនាំឱ្យក្រសួងមហាផ្ទៃប្តឹងរំលាយបក្សព្រះអាទិត្យនេះ?

ទី១៖ រយៈពេលប៉ុន្មានសបា្តហ៍ចុងក្រោយនេះ មានមតិ និងសំណួរជាច្រើនបានលើកឡើង បន្ទាប់ពីមានការដាក់ពាក្យប្តឹងទៅតុលាការកំពូលពីសំណាក់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំរំលាយបក្សព្រះអាទិត្យ។ សម្រាប់បក្សព្រះអាទិត្យ និងមជ្ឈដ្ឋានគាំទ្របក្សនេះ ការប្តឹងរំលាយបក្សព្រះអាទិត្យនេះ គឺដោយសារបក្សទេវតាដឹងខ្លួនថានឹងចាញ់ការបោះឆ្នោតឆ្នាំ២០១៨។ សម្រាប់បក្សទេវតា ដែលជាបក្សកាន់អំណាច ការប្តឹងរំលាយបក្សព្រះអាទិត្យចោលគឺជាចំណាត់ការប្រឆាំងផែនការបដិវត្តពណ៌ឃុបឃិតគ្នា ជាមួយនឹងបរទេសដែលនឹងនាំទៅដល់ការបំផ្លាញសន្តិភាពរបស់កម្ពុជា។

ទី២៖ លទ្ធផលនៃការបោះឆ្នោត២០១៣ បង្ហាញថា បក្សទេវតាទទួលបានការគាំទ្រប្រមាណ ៣,២លាន សំឡេង ត្រូវជា ៦៨ អាសនៈ ហើយបក្សព្រះអាទិត្យទទួលបានការគាំទ្រប្រមាណ ២,៩ លានសំឡេង ត្រូវជា៥៥អាសនៈ។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ គឺបានបង្ហាញថា បក្សទេវតាទទួលបានសំឡេងគាំទ្រសរុបប្រមាណ៣,៥ លានសំឡេង ហើយបក្សព្រះអាទិត្យទទួលបានសំឡេងគាំទ្រសរុបប្រមាណ៣លានសំឡេង។ ប្រសិនបើយកលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់នេះ បែងចែកជាចំនួនអាសនៈនៅរដ្ឋសភាវិញ ឃើញថា បក្សទេវតាទទួលបាន៧១អាសនៈ ហើយបក្សព្រះអាទិត្យទទួលបាន៥៤អាសនៈ។ តើគេអាចវាយតម្លៃលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់នេះបានដូចម្តេច?

ទី៣៖ ដោយប្រៀបធៀបជាមួយលទ្ធផលនៃការបោះឆ្នោត ២០១៣ លទ្ធផលនៃការបោះឆ្នោត ២០១៧ បង្ហាញថា៖

ក៖ ការគាំទ្របក្សទេវតាមានការកើនឡើងចំនួន ៣០ម៉ឺនសំឡេង គឺពី ៣,២ លានសំឡេងនៅឆ្នាំ២០១៣ ដល់ ៣,៥ លានសំឡេង នៅឆ្នាំ២០១៧។ ចំណែកឯបក្សព្រះអាទិត្យកើនបាន១០ម៉ឺនសំឡេង គឺពី ២,៩ លានសំឡេងនៅឆ្នាំ២០១៣ ដល់៣លានសំឡេងនៅឆ្នាំ២០១៧។ ចំពោះគម្លាតសំឡេង នៅឆ្នាំ២០១៣ បក្សទេវតាឈ្នះបក្សព្រះអាទិត្យចំនួន៣០ម៉ឺនសំឡេង ប៉ុន្តែ នៅឆ្នាំ២០១៧ បក្សទេវតាឈ្នះបក្សព្រះអាទិត្យដល់ទៅ៥០ម៉ឺនសំឡេង។ បើគិតជាអាសនៈនៅឆ្នាំ២០១៣ បក្សទេវតាទទួលបាន ៦៨អាសនៈហើយបក្សព្រះអាទិត្យទទួលបានចំនួន ៥៥ អាសនៈ ដូចនេះបក្សទេវតាឈ្នះចំនួន១៣អាសនៈ ពោលគឺសម្រាប់ឆ្នាំ២០១៧បក្សទេវតា បន្តកើនឡើងនូវចំនួនអាសនៈពី ៦៨ ដល់៧១ អាសនៈ ក្នុងពេលដែលបក្សព្រះអាទិត្យបានថយអាសនៈពី ៥៥ អាសនៈមកនៅត្រឹម៥៤អាសនៈ។ ផ្អែកលើលទ្ធផលនេះ បក្សទេវតាមានចំនួនអាសនៈឈ្នះបក្សព្រះអាទិត្យដល់ទៅ១៧អាសនៈ។

ខ៖ រយៈពេល៤ឆ្នាំ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ បក្សព្រះអាទិត្យខំប្រឹងអស់ហើយ ហើយរំពឹងថា នឹងមានសំឡេងគាំទ្រដល់ទៅ ៦០% នៃចំនួនសំឡេងឆ្នោតសរុប ប៉ុន្តែជាក់ស្តែងគឺបានសំឡេងត្រឹម ប្រមាណ៤៣%ប៉ុណ្ណោះ។ និយាយតាមបែបមួយផ្សេងទៀតបក្សព្រះអាទិត្យមិនត្រឹមមិនអាចទទួលកំណើនតាមការរំពឹងទុកនោះទេ ចំនួនអាសនៈបានបន្តថយចុះ សូម្បីតែរក្សាចំនួនអាសនៈដែល ទទួលបាននៅឆ្នាំ២០១៣គឺមិនទាំងបានផង។ ចំណែកឯបក្សទេវតា បានបន្តកើនឡើងការគាំទ្រទាំងសំឡេង ទាំងអាសនៈនៅរដ្ឋសភា។

គ៖ រយៈពេល៤ឆ្នាំ នៃការខិតខំប្រឹងប្រែងអស់លទ្ធភាពរបស់បក្សព្រះអាទិត្យ គឺមិនអាចសម្រេចគោលដៅ ហើយការគាំទ្របានថយចុះ ចំណែកឯបក្សទេវតាទទួលបានការគាំទ្រកើនឡើង គួរអោយកត់សម្គាល់។ ដូច្នេះសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ ដែលមានរយៈពេលខ្លីត្រឹមតែ១ឆ្នាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ តើបក្សព្រះអាទិត្យ (៥៤ អាសនៈ) អាចផ្តួលបក្សព្រះទេវតា (៧១ អាសនៈ) ដែលឈ្នះបក្សព្រះអាទិត្យដល់ទៅ ១៧ អាសនៈបានដែរ ឬទេ? នេះមិនទាន់គិតដល់សកម្មភាពយ៉ាងសកម្មមិនធ្លាប់មានពីមុនរបស់មេបក្សទេវតា សម្តេចតេជោ ហ៊ុន សែន ដែលសម្រុក យកចិត្តទុកដាក់ខ្ពស់ដោះស្រាយការលំបាកនានារបស់កម្មករ តាមរយៈការចុះជួបជាប្រចាំពីពេលនេះ រហូតដល់ការបោះឆ្នោតឆ្នាំ ២០១៨។ ដូច្នេះតាមក្បួនសឹកប្រៀបឈ្នះរបស់បក្សទេវតា សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ គឺជារឿងប្រាកដនិយម ហើយភាពពិតជាក់ស្តែងនេះ គឺខុសពីបក្សព្រះអាទិត្យដែលជ័យជម្នះ គ្រាន់តែជាសុបិន្ត ឬជារឿងព្រេងនិទាន ហើយអំនួតនៃជ័យជម្នះគ្រាន់តែ ជាវោហាសាស្រ្តដែលតែងកើតមាននៅក្នុងរដូវកាលបោះឆ្នោតប៉ុណ្ណោះ។

ទី៣៖ ហេតុអ្វីចាំបាច់រំលឹកឡើងវិញនូវលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧? ការរំលឹកឡើងវិញនូវលទ្ធផលនេះ គឺមានភាពចាំបាច់ដើម្បីបង្ហាញឱ្យឃើញច្បាស់អំពីផ្លូវនៃ ជ័យជម្នះដែលមិនអាចប្រកែកបានរបស់បក្សទេវតា សម្រាប់ការបោះឆ្នោត២០១៨។ បើមានភាពប្រាកដប្រជាអំពីជ័យជម្នះដូច្នេះ ហេតុដូចម្តេចបាន ជាត្រូវប្តឹងរំលាយបក្សទេវតាទៅតុលាការកំពូល?

មានហេតុផលជាតិសំខាន់ពីរដែលបណ្តឹងប្តឹងរំលាយបក្សព្រះអាទិត្យ ត្រូវធ្វើឱ្យបានមុនការបោះឆ្នោត ២០១៨៖

* ហេតុផលទី១៖ គឺជាហេតុផលអាយុជីវិតស្លាប់រស់របស់ជាតិ។ រឿងប្តឹងរំលាយបក្សព្រះអាទិត្យគឺជារឿងដាច់ដោយឡែកពីរឿងបោះឆ្នោតឆ្នាំ២០១៨ ហើយជារឿងដែលមានសារសំខាន់ជាង ការបោះឆ្នោតឆ្នាំ២០១៨ទៀត គឺរឿងសន្តិភាពរបស់ប្រទេស ឯករាជ្យភាពរបស់ជាតិ និងសេចក្តីសុខរបស់ប្រជារាស្រ្តខ្មែរទូទាំងនគរ។ តើរឿងសន្តិភាព និងរឿងបោះឆ្នោត តើមួយណាសំខាន់ជាង។
ច្បាស់ណាស់ សន្តិភាព គឺជាជីវិតរបស់ប្រទេស បើប្រទេសធ្លាក់ចូលក្នុងភាពវឹកវរ ឬសង្រ្គាម ការចាត់តាំងការបោះឆ្នោតក៏ធ្វើមិនបាន ឬបើធ្វើបាន ក៏វាគ្មានតម្លៃអ្វីទាំងអស់សម្រាប់ នគរ និងរាស្រ្តក្នុងនគរ។ ប្រទេសថៃ សុខចិត្តព្យួរចោលលទ្ធិប្រជាធិបតេយ្យ ដើម្បីដូរយកមកវិញនូវសុខសន្តិភាពឯកភាពជាតិថៃ ការបន្តរាជបល្ល័ង្គ និងស្ថេរភាព ដែលជាកត្តាកំណត់សម្រាប់ការអភិវឌ្ឍ និងកិច្ចដំណើរការប្រជាធិបតេយ្យ។ តើសន្តិភាពដែលរកបានដោយការពលីកម្មដ៏លំបាក និងគ្រប់បែបយ៉ាងរបស់វីរជនស្នេហាជាតិខ្មែរ អាចនឹងត្រូវបំផ្លាញដូចម្តេច? ដើម្បីយល់ពីរឿងនេះ យើងត្រូវចាប់ផ្តើមសិក្សាពីបក្សប្រឆាំងនៅកម្ពុជា ហើយអ្វីៗត្រូវបានបកអាក្រាត និងទម្លាយចេញក្លាយភស្តុតាងមិនអាចប្រកែកបាននៃ «ផែនការបដិវត្តពណ៌ក្រោមការឃុបឃិតគ្នាជា សម្ងាត់រវាងបក្សប្រឆាំងកម្ពុជា របស់សម រង្ស៊ី និង កឹម សុខា ជាមួយសហរដ្ឋអាមេរិក»។

ការធ្វើបដិវត្តពណ៌ គឺជានយោបាយស្នូលនៃមេដឹកនាំប្រឆាំងដើម្បីដណ្តើមអំណាច ពុំមែនជាការប្រជែងអំណាចតាមបែបប្រជាធិបតេយ្យយ៉ាងពិតប្រាកដនោះទេ។ អ្វីដែលបក្សប្រឆាំងបានសាបព្រួសមនោគមន៍វិជ្ជាដ៏គ្រោះថ្នាក់របស់ខ្លួនសម្រាប់យុវជន និងសកម្មជនរបស់ខ្លួន ដោយការចោទប្រកាន់ជាប់ជាប្រចាំថា «រដ្ឋអំណាចដែលដឹកនាំដោយបក្សទេវតា គឺផ្តាច់ការ និងក្បត់ជាតិ»។

ការចោទប្រកាន់លាបពណ៌អំពីអំពើផ្តាច់ការនេះ គឺជាស្នូលនៃឧបាយកល និងយុទ្ធសាស្រ្តនៃបដិវត្តពណ៌ ដូចបានសរសេរយ៉ាងក្បោះក្បាយក្នុងគម្ពីរបដិវត្តពណ៌របស់លោក ជីន សាប (Gene Sharp) ក្រោមឆ័ត្រនៃវិទ្យាស្ថាន អាល់ប៊ែរ អាំងស្តាំង របស់សហរដ្ឋអាមេរិក។ បើបានជាជ្រុលចោទប្រកាន់ថា របបដឹកនាំបច្ចុប្បន្ន គឺជារបបផ្តាច់ការទៅហើយ តើហេតុផលអ្វីចាំបាច់ត្រូវមានការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ? នយោបាយរបស់បក្សប្រឆាំង គឺជានយោបាយបំបែកបំបាក់ជាតិ ហើយសាបព្រូសនូវការស្អប់ខ្ពើម និងកំហឹងវណ្ណៈ ដែលជាគ្រោះថ្នាក់យ៉ាងពិតប្រាកដសម្រាប់ប្រជាជាតិ។ គ្មានឡើយការរួមគ្នាជាកម្លាំងសាមគ្គីជាតិ ដើម្បីខ្មែរខ្លាំងក្រោមនយោបាយ និងមនោគមវិជ្ជាបែបនេះ។ សម្តីរបស់ កឹម សុខា និង សម រង្ស៊ី នៅក្នុងវីដេអូដែលបានបែកធ្លាយជ្រួតជ្រាបដល់រាស្រ្តខ្មែរ ជាសាធារណនាពេលនេះ គឺភស្តុតាងមិនអាចប្រកែកបានអំពីផែនការបដិវត្តពណ៌ ដែលជានយោបាយបំផ្លាញសន្តិភាព ដើម្បីមហិច្ឆិតាអំណាចផ្ទាល់ខ្លួន ក្រោមលេសប្រជាធិបតេយ្យ ក្លែងក្លាយ។ បដិវត្តពណ៌ ពុំមែនជារឿងព្រេងនិទានឡើយ ហើយវាបានកើតឡើងពិតប្រាកដនៅលើភពផែនដីនេះ។

ការផ្លាស់ប្តូររបបដឹកនាំបរទេសជាច្រើន ត្រូវបានធ្វើដោយបដិវត្តពណ៌ ក្រោមផ្លាកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដោយសហរដ្ឋអាមេរិកជាអ្នកដឹកនាំ ឬមានតួនាទីស្នូល។ ប្រទេសមួយចំនួនទៀត ពិសេសក្នុងមជ្ឈិមបូព៌ា បានធ្លាក់ចូលទៅក្នុងសង្រ្គាម ចលាចល និងវិនាសកម្ម ក៏ដោយបដិវត្តពណ៌របស់អាមេរិក និងសម្ព័ន្ធផងដែរ។ សម្តីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក ដែលថា នឹងបញ្ឈប់ការផ្តួលរំលំរបបដឹកនាំនៃរដ្ឋបរទេស គឺជាភស្តុតាងនៃការទទួលស្គាល់យ៉ាងច្បាស់អំពីតួនាទីស្នូល និងតួនាទីដឹកនាំធ្វើបដិវត្តពណ៌កន្លង
មក។ សម្តីរបស់ កឹម សុខា ក្នុងវីដេអូក៏បានទម្លាយឱ្យដឹងអំពីផែនការរួមគំនិតឃុបឃិតគ្នាជាសម្ងាត់ជាមួយអាមេរិក ក្នុងការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាផងដែរ។

ការធ្វើបដិវត្តពណ៌បានកើតមានយ៉ាងពិតប្រាកដជាច្រើនលើកនៅកម្ពុជា ប៉ុន្តែបានទទួលបរាជ័យ។ ការប៉ុនប៉ងចុងក្រោយក្នុងការបំបែកកម្លាំងប្រដាប់អាវុធ និងឱ្យកម្លាំងបែរចុងកាណុងទៅរក រដ្ឋអំណាចវិញ ដែលគ្រប់គ្នានៅចាំនោះ គឺសំឡេងអំពាវនាវជាសាធារណៈរបស់មេដឹកនាំប្រឆាំង និងការហុចផ្កាឈូកទៅកម្លាំងប្រដាប់អាវុធ។ ប្រសិនបើការហុចផ្កាធ្វើឡើងបានដោយជោគជ័យ ក្នុងការបំបែកកម្លាំងប្រដាប់ ប្រហែលជានៅម៉ោងនេះ កម្ពុជាកំពុងលិចលង់ក្នុងភាពចលាចល និងវិនាសកម្ម ហើយអ្នកប្រវត្តិសាស្រ្តប្រហែលជាកំពង់សរសេរអំពីបដិវត្តផ្កាឈូកនៅកម្ពុជាទៀតផង។

យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ គឺជាការធ្វើបដិវត្តពណ៌លើកទី២។ ប្រសិនបើការចូលរួមក្នុងយុទ្ធនាការនេះ មានចំនួន ៣,៥% នៃចំនួនប្រជាជន គឺស្មើនឹងប្រមាណ៥សែននាក់ សម្រាប់ការធ្វើដិវត្តពណ៌ ប្រហែលជាម៉ោងនេះ អ្នកប្រវត្តិសាស្រ្តកំពុងអង្គុយសរសេរមេរៀនអំពីបដិវត្តពណ៌ខ្មៅ ដែលបានបង្កវិនាសកម្ម និងចលាចលនៅកម្ពុជា ដូចមេរៀន នៅស៊ីរី និងលីប៊ី ឬអ៊ុយក្រែនជាដើម។ កង្វះការចូលរួមពីសំណាក់ប្រជារាស្រ្តខ្មែរ ដែលស្រឡាញ់សន្តិភាពបានធ្វើឱ្យបដិវត្តពណ៌ទាំងពីរលើកបរាជ័យ។ ថ្វីត្បិតតែបានបរាជ័យយ៉ាងតិចចំនួន២លើក ប៉ុន្តែបក្សព្រះអាទិត្យនៅតែមោះមុតប្តេជ្ញា បន្តធ្វើបដិវត្តពណ៌ជាថ្មី ដោយបានកំណត់យ៉ាងច្បាស់ថា ឆ្នាំ២០១៨ គឺជាដំណាក់កាល់ចុងក្រោយសម្រាប់ធ្វើការផ្លាស់ប្តូរតាម បែបបដិវត្តន៍ពណ៌។

យុវជនជាច្រើនត្រូវបានបញ្ជូនចេញទៅក្រៅដើម្បីទទួលការបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ជាថ្មី អំពីមេរៀនបដិវត្តពណ៌ ជាពិសេសពីអង្គការ Canvas (Center for applied nonviolent action and strategies) ដែលជាអង្គការជំនាញក្នុងការចាត់តាំងអនុវត្តការធ្វើបដិវត្តពណ៌កន្លងមក ពិសេស នៅយូហ្គោស្លាវី និងស៊ែរប៊ី។ ដូច្នេះការបោះឆ្នោតឆ្នាំ២០១៨ ពុំមែនជាទីលានសម្រាប់ការ ប្រកួតប្រជែងអំណាចតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែគ្រាន់តែឱកាសមាសដ៏ល្អសម្រាប់បក្សព្រះអាទិត្យក្នុងការចោទប្រកាន់អំពីភាពមិនប្រក្រតី ដើម្បីអនុវត្តផែនការប្រមូលផ្តុំមនុស្សធ្វើការផ្តួលរំលំរដ្ឋអំណាចប៉ុណ្ណោះ។ ដូច្នេះបើគ្មានចំណាត់ការទាន់ពេលវេលាជាមុននោះទេ ឆ្នាំ២០១៨ សន្តិភាពដែលរកបានដោយការធ្វើពលីកម្ម ដ៏លំបាកដោយវីរជនស្នេហាជាតិខ្មែរជាពិសេសដែលមានព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព នឹងត្រូវបំផ្លាញ
ក្រោមបាតដៃមេដឹកនាំប្រឆាំង ហើយកម្ពុជានឹងក្លាយជាប្រទេសលិចលុងនៅក្នុងសង្រ្គាម និងវិនាសកម្ម ដូចនៅប្រទេសលីប៊ី និងស៊ីរី។

* ហេតុផលទី២៖ គឺជាហេតុផលច្បាប់របស់ប្រទេស។ កម្ពុជាបានប្រកាន់យករបបប្រជាធិបតេយ្យនិងនីតិរដ្ឋ។ រដ្ឋធម្មនុញ ដែលជាច្បាប់កំពូលរបស់ជាតិខ្មែរចែងថា ប្រជាពលរដ្ឋខ្មែរត្រូវមាន កាតព្វកិច្ចគោរពច្បាប់។ ច្បាប់ជាច្រើនត្រូវបានអនុម័តក្រោមដំបូលនៃរដ្ឋធម្មនុញ្ញនេះ។ អំពើខុសច្បាប់ គឺត្រូវមានប្រតិកម្មឆ្លើយតបវិញពីការអនុវត្តច្បាប់។ អ្នកប្រព្រឹត្តខុសច្បាប់ ជារូបវន្តបុគ្គលក្តី ជាបក្សនយោបាយក្តី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ កំហុសរបស់បក្សព្រះអាទិត្យ ត្រូវដោះស្រាយតាមផ្លូវច្បាប់ ហើយមិនអាចយកទៅដោះដូរជាមួយនឹងការបោះឆ្នោតដែល
ជារឿងនយោបាយនោះដែរ។ បើបក្សព្រះអាទិត្យប្រព្រឹត្តខុសច្បាប់នៅម៉ោងនេះ ពេលនេះត្រូវទទួលខុសត្រូវម៉ោងនេះ ពេលនេះហើយក៏មិនអាចរង់ចាំយកទៅទូទាត់គ្នាជាមួយនឹងការបោះឆ្នោតឆ្នាំ ២០១៨ បានដែរ! នេះហើយជាអ្វីដែលគេហៅថា នីតិរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យសេរី។

សូមឧទ្ទិសអត្ថបទនេះជូនចំពោះរាស្រ្តខ្មែរ ដែលជាអ្នកស្នេហាជាតិ អ្នកស្នេហាសន្តិភាព និងអ្នកស្នេហាប្រជារាស្រ្តខ្មែរ ដែលមានជំហរជាតិច្បាស់លាស់មិនចាញ់ឧបាយកលអូសទាញ ធ្វើបដិវត្តពណ៌របស់បក្សប្រឆាំង ហើយសម្រេចបាននូវកម្លាំងជាតិមួយ រួមគ្នាការពារសន្តិភាពប្រទេសដើម្បីជាប្រយោជន៍សម្រាប់មាតុភូមិដ៏កំសត់របស់យើង ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបំផ្លាញសន្តិភាព និងសេចក្តីសុខរបស់ប្រជាជន។

ស្តាយណាស់ដែលមេដឹកនាំបក្សព្រះអាទិត្យជឿជាក់លើបរទេស ជាងជឿជាក់លើកម្ពុជា ដែលខុសពីឆន្ទៈរបស់ប្រជាជនកម្ពុជាដែលជឿជាក់លើកម្ពុជាខ្លួនឯង ជាជាងជឿជាក់លើបរទេស! ប្រវត្តិសាស្ត្រប្រទេសកម្ពុជា បានបង្ហាញយ៉ាងច្បាស់លទ្ធផលនៃការជឿជាក់លើបរទេសដែលនាំមកនូវសោកនាដកម្ម និងការបំផ្លិចបំផ្លាញប្រទេស ដូចដែលក្រុមសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈក្បត់កម្ពុជាឃុបឃិតនឹងអាមេរិកទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ និងនាំកម្ពុជាចូលក្នុងសង្គ្រាមឥណ្ឌូចិន បំផ្លាញប្រទេសជាតិដោយការទម្លាក់គ្រាប់បែក របស់អាមេរិក និងនាំកម្ពុជាចូលក្នុងរបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិល។ ទីបំផុត ព្រះអាទិត្យដែលជានិមិត្តសញ្ញានៃបក្សព្រះអាទិត្យ គឺជាព្រះអាទិត្យដែលអស្តង្គត ហើយជាព្រះអាទិត្យដែលលិចក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយនាំយកនូវភាពចង្រៃទាំងឡាយពីទឹកដីកម្ពុជា ហើយកម្ពុជាបន្តរស់ក្នុងសុខសន្តិភាព ការអភិវឌ្ឍតរៀងទៅ!

ដោយ៖ ចៅចាក់ស្មុក
អតីតបន្ទាយលង្វែក, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧