លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋកុំធ្វើដំណើរចេញចូលខេត្តព្រះសីហនុ បើមិនចាំបាច់ ហើយពលរដ្ឋខេត្តព្រះសីហនុ កុំចេញឆ្លងទៅខេត្តដទៃទៀតមួយរយៈពេលសិន
នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្រោយពីទទួលបានវ៉ាក់សាំងរួចហើយ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានជុំវិញការវិវឌ្ឍន៍ថ្មីៗ នៃស្ថានភាពជំងឺកូវីដ-១៩ និងការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ នេះផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋ កុំធ្វើដំណើរចេញចូលខេត្តព្រះសីហនុ បើមិនចាំបាច់នោះទេ និងអំពាវនាវដល់ពលរដ្ឋខេត្តព្រះសីហនុ កុំចេញឆ្លងខេត្តដទៃទៀតក្នុងមួយរយៈពេលនេះ ដោយសារតែជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងជាហូរហែនោះ។ ទន្ទឹមនឹងនោះ លោក ក៏បានសម្រេចផ្អាកការធ្វើដំណើររបស់ប្រជាពលរដ្ឋទេសចរណ៍ចូលខេត្តព្រះសីហនុ ប៉ុន្តែការដឹកទំនិញចេញចូលនៅប្រព្រឹត្តដដែល និងបានបន្តអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋនៅភ្នំពេញ កុំចេញពីផ្ទះ បើសិនជាគ្មានភាពចាំបាច់នោះទេដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ទាំងអស់គ្នា។
នៅក្នុងសន្និសីទនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា អាចមានលទ្ធភាពក្នុងការទទួលបានជំនួយវ៉ាក់សាំងប្រឆាំងកូវីដឈ្មោះ (ស៊ីណូហ្វាម Sinopharm ) ពីចិនលើសពី១លានដូស ខណៈចំនួន ៤០ម៉ឺនដូសបន្ថែម នឹងមកដល់កម្ពុជាមុនចូលឆ្នាំខ្មែរខាងមុខនេះ។ លោក បានមានប្រសាសន៍បញ្ជាក់ជាថ្មីអំពីមូលហេតុដែលលោកមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ដោយសារតែកត្តាអាយុដែលកំណត់គឺ១៨ឆ្នាំដល់៥៩ឆ្នាំ ហើយវ៉ាក់សាំងថ្មីឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca)នេះ មិនមានការកំណត់អាយុនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់ដៃគូអន្តរជាតិនានាដែលបានជួយសម្រួបសម្រួលក្នុងការផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជានាពេលនេះ។ ប្រទេសកម្ពុជាជាប្រទេសទី១ នៅអាស៊ីប៉ាស៊ីហ្វិក ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នាពេលនេះ។ នៅពេលខាងមុខ កម្ពុជា នឹងអាចនឹងទទួល វ៉ាក់សាំង២០ភាគរយ នៃចំនួនប្រជាពលរដ្ឋ ពីមជ្ឈមណ្ឌលកូវ៉ាក់ ប៉ុន្តែការទទួលនេះ នឹងធ្វើឡើងតាមដំណាក់កាលដែលឆមាសទី១ កម្ពុជានឹងបានជាង១លានដូស និងជំហានបន្តបន្ទាប់ទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឲ្យក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca) ជូនប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ជាពិសេសជំហានដំបូងអាទិភាពសំខាន់គឺខេត្តក្រុងគោលដៅចំនួនបីគឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលជាខេត្តក្រុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលទាមទារឲ្យមានការចាក់ជាបន្ទាន់ទៅដល់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការឆ្លងជំងឺនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ការរក្សាទុក វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) មានរយៈពេល១ឆ្នាំ នឹងផុតកំណត់ ចំណែកវ៉ាក់សាំង អាស្ត្រាហ្សេនីកា (AstraZeneca) មានរយៈពេលត្រឹម៦ខែប៉ុណ្ណោះ នឹងហួសពេលកំណត់ហើយ។ លោក ក៏បានអនុញ្ញាតឱ្យមន្រ្តីទូត ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលដែលកំពុងបម្រើការងារ និងរស់នៅក្នុងប្រទេសកម្ពុជាអាចទទួលបាន វ៉ាក់សាំង Astra Zeneca នៅកម្ពុជាបាន ដោយមិនមានការគិតថ្លៃអ្វីនោះទេ។ លោក បានប្រកាសថា មន្រ្តី និងប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងលើ នឹងផ្តល់លទ្ធភាពឱ្យចាក់វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (Astra Zeneca) ចំណែកអ្នកអាយុ៥៩ឆ្នាំ ចុះក្រោម អនុញ្ញាតឱ្យចាក់វ៉ាក់សាំងឈ្មោះ ស៊ីណូហ្វាម (Sinopharm) ដោយសារចំនួនវ៉ាក់សាំងមានកម្រិត។
ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ការចាក់វ៉ាក់សាំងមិនមែនជាដំណោះស្រាយក្នុងការលុបបំបាត់កូវីដ-១៩ពីកម្ពុជានោះទេ ប៉ុន្តែត្រូវបូករួមជាមួយនឹងវិធានការ (បីកុំ និងបីការពារ ) ថែមទៀត ទើបជាដំណោះស្រាយដ៏ល្អ និងមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ រហូតមដល់ពេលនេះ មិនមានប្រភពណាបញ្ជាក់ច្បាស់ថា ការចាក់វ៉ាក់សាំងនឹងមានប្រសិទ្ធភាពការពារ ក្នុងរយៈពេលណាមួយ ឬ១ជីវិតនោះទេ ដូច្នេះមានតែវិធីការពារអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះទើបល្អប្រសើរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កម្ពុជាទទួលយកការផ្គត់ផ្គង់វ៉ាក់សាំង១សែនដូសពីឥណ្ឌា ប៉ុន្តែកម្ពុជានឹងស្នើទិញ១លានដូសថែមទៀត នៅខែឧសភា ខាងមុខនេះ។ ក្រៅពីវ៉ាក់សាំងស៊ីណូហ្វាម និង អាស្ត្រាហ្សេនីកា កម្ពុជា កំពុងពិនិត្យមើលវ៉ាក់សាំងប្រភេទផ្សេងៗមួយចំនួនទៀតផងដែរ៕