ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងសុខាភិបាល ពន្យល់មូលហេតុធំៗ ចំនួន ០៣ ដែលនាំឱ្យកម្ពុជា ជាប្រទេសទី១ ទទួលបានវ៉ាក់សាំងពីយន្តការ COVAX

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 31
អ្នកនាំពាក្យក្រសួងសុខាភិបាល ពន្យល់មូលហេតុធំៗ ចំនួន ០៣ ដែលនាំឱ្យកម្ពុជា ជាប្រទេសទី១ ទទួលបានវ៉ាក់សាំងពីយន្តការ COVAX អ្នកនាំពាក្យក្រសួងសុខាភិបាល ពន្យល់មូលហេតុធំៗ ចំនួន ០៣ ដែលនាំឱ្យកម្ពុជា ជាប្រទេសទី១ ទទួលបានវ៉ាក់សាំងពីយន្តការ COVAX

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីហេតុផលធំៗ ចំនួន ០៣ ដែលនាំឱ្យព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសទី១ ដែលបានទទួលវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ពីយន្តការ COVAX។

តាមរយៈបទសម្ភាសន៍មួយ ជាមួយនឹងអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លោកជំទាវវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ៖ “ខ្ញុំសូមជម្រាបជូនថា ដែលនាំឱ្យកម្ពុជា ជាប្រទេសទី១ ដែលបានទទួលអំណោយដ៏ថ្លៃថ្លានេះ គឺដោយសារកត្តាជាច្រើន ប៉ុន្តែកត្តាធំដែលខ្ញុំនឹងជម្រាបជូននោះគឺ ទី១ នោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកមានឆន្ទៈខ្ពស់ លោកមានគោលនយោបាយត្រឹមត្រូវ និងច្បាស់លាស់ ព្រមជាមួយការដឹកនាំប្រកបដោយភាពឈ្លាសវៃ ជាពិសេសនោះ គឺលោកមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹងពហុភាគី និយាយជារួមគឺ លោកមានទំនាក់ទំនងល្អជាមួយភាគីពាក់ព័ន្ធទាំងអស់។ ចំណែកកត្តាទី២ ក្រសួងសុខាភិបាល របស់យើងតែម្តង ដែលបានធ្វើការងារយ៉ាងជិតស្និទ្ធជាទីបំផុត ជាមួយនឹងដៃគូពាក់ព័ន្ធនានារបស់យើង ដើម្បីរួមគ្នាធ្វើយ៉ាងណាឱ្យមានទំនុកចិត្តទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីជំរុញនូវការគ្រប់គ្រងការរាតត្បាតនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជារបស់យើង។ កត្តាទី៣ គឺការរួមសាមគ្គីភាពគ្នាជាធ្លុងមួយ រវាងប្រទេសកម្ពុជា និងដៃគូរបស់យើង ដែលកត្តាទាំង០៣ចំណុចធំៗនេះហើយ ដែលធ្វើឱ្យកម្ពុជាយើងទទួលបានវ៉ាក់សាំងតាមរយៈយន្តការ COVAX មុនគេបង្អស់នោះ”។

ដោយឡែក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសរងចាំការមកដល់នៃវ៉ាក់សាំង AstraZeneca ចំនួន ៣២៤ ០០០ដូស លោកជំទាវ Foroogh Foyouzat តំណាងអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ៖ “ជាដំបូងខ្ញុំសូមអបអរសាទរដល់រាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាទទួលបាននូវវ៉ាក់សាំងនេះ ដោយបានបំពេញនូវលក្ខណ្ឌទាំងអស់របស់មជ្ឈមណ្ឌល COVAX ក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ ដូច្នេះហើយ ជាថ្មីខ្ញុំសូមអបអរសាទរកម្ពុជា ជាប្រទេសទី១ ដែលបានទទួលវ៉ាក់សាំងតាមរយៈយន្តការរបស់មជ្ឈមណ្ឌល COVAX នេះ”។

គួររម្លឹកថា កាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ ឈ្មោះ AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤ ០០០ដូស ក្នុងចំណោម ១ ១០០ ០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ពីមជ្ឈមណ្ឌល COVAX ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជា តាមជើងយន្តហោះពិសេស។ មជ្ឈមណ្ឌល COVAX (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មជ្ឈមណ្ឌល COVAX ដឹកនាំដោយអង្គការ GAVI CEPI និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូជាមួយនឹងអង្គការយូនីសេហ្វ ។

ដោយឡែក នៅថ្ងៃស្អែកនេះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅចាក់វ៉ាក់សាំង AstraZeneca នេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានប្រកាសថា នឹងអញ្ជើញទៅចាក់វ៉ាក់សាំងនេះផងដែរ ព្រោះតែវ៉ាក់សាំងនេះ ពុំមានកំណត់អាយុនោះទេ៕