ប្រទេស វេណេស៊ុយអេឡា បណ្តេញអ្នកកាទូតកំពូលរបស់សហភាពអឺរ៉ុបក្រោយទទួលការដាក់ទណ្ឌកម្មថ្មី
កាលពីថ្ងៃពុធកន្លងទៅ រដ្ឋាភិបាលវេណេស៊ុយអេឡាបានបញ្ជាឱ្យបណ្តេញប្រមុខការទូតរបស់សហភាពអឺរ៉ុបប្រចាំនៅអាមេរិកខាងត្បូង បន្ទាប់ពីប្លុកនេះបានសម្រេចដាក់ទណ្ឌកម្មលើមន្រ្តីវេណេស៊ុយអេឡាជាច្រើននាក់ដែលត្រូវបានចោទប្រកាន់ថា បានធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ ឬរំលោភសិទ្ធិមនុស្ស។
លោកស្រី Isabel Brilhante Pedrosa ត្រូវបានផ្តល់ពេលឱ្យ ៧២ ម៉ោង ដើម្បីចាកចេញពីប្រទេសដែលកំពុងតែមានបញ្ហានេះ។
រដ្ឋមន្រ្តីការបរទេស វេណេស៊ុយអេឡា លោក Jorge Arreaza បាននិយាយថា៖
«ប្រធានាធិបតី Nicolas Maduro បានសម្រេចចិត្តថា : លោកស្រី Brilhante Pedrosa នឹងលែងត្រូវបានស្វាគមន៍ ទៀតហើយ»។
លោក Arreaza បាននិយាយនៅក្នុងសេចក្តីប្រកាសមួយ ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយអ្នកការទូតអឺរ៉ុបនៅរដ្ឋធានី ការ៉ាកាស់ ថា «ស្ថានភាពនៃការឈ្លានពានបានធ្វើឱ្យយើងគ្មានជម្រើសទេ ហើយនេះក៏ដោយសារតែការមិនគោរពច្បាប់អន្តរជាតិនិងការអនុលោមតាមអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូត»។
លោក Arreaza បាននិយាយថា៖
«យើងបានធ្វើវា ព្រោះតែមានសេចក្តីសម្រេចចំនួន ៥៥ ដងរួចទៅហើយ នៃអ្វីដែលគេហៅថាជាការដាក់ទណ្ឌកម្មនៅក្នុងសហភាពអឺរ៉ុប ឬនៅក្នុងប្រព័ន្ធរបស់សហរដ្ឋអាមេរិកដែលបានធ្វើឱ្យពួកគេមើលទៅហាក់ដូចជាមានសិទ្ធិអំណាច។ ក៏ប៉ុន្តែពួកគេមិនមានសិទ្ធិ ឬអំណាចដើម្បីដាក់ទណ្ឌកម្មណាមួយលើពលរដ្ឋនៃប្រទេសដទៃនោះទេ»។
សកម្មភាពរបស់រដ្ឋាភិបាលវេណេស៊ុយអេឡាបានកើតឡើងនៅ ២ ថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសរបស់សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើមន្រ្តីវេណេស៊ុយអេឡាចំនួន ១៩ នាក់ ដោយការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ និងហាមឃាត់ពួកគេមិនឱ្យធ្វើដំណើរទៅកាន់ប្លុកអឺរ៉ុប ដោយសារស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការបោះឆ្នោតខែធ្នូឆ្នាំ ២០២០ ។
រហូតមកដល់ពេលនេះ មន្រ្តីរបស់ប្រទេសវេណេស៊ុយអេឡាចំនួន ៥៥ នាក់ ហើយដែលបានទទួលរងនូវទណ្ឌកម្មពីសហភាពអឺរ៉ុប។
បណ្តារដ្ឋមន្រ្តីរបស់សហភាពអឺរ៉ុបបាន និយាយថា៖
«បុគ្គលដែលត្រូវបានបញ្ចូល ទៅក្នុងបញ្ជី គឺសុទ្ធតែជាអ្នកទទួលខុសត្រូវជាចម្បងចំពោះការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ក្រុមប្រឆាំង និងដំណើរការ ប្រជាធិបតេយ្យរបស់រដ្ឋសភា, ការរំលោភសិទ្ធិមនុស្ស និងការរឹតត្បិតលើសេរីភាពមូលដ្ឋាន» ។
នេះជាលើកទី ២ ហើយក្នុងរយៈពេលជិត ៨ខែ ដែលលោកស្រី Brilhante Pedrosa ត្រូវបានប្រកាសថាជាមនុស្សដែលមិនត្រូវបានស្វាគមន៍ និងត្រូវបញ្ជាឱ្យចាកចេញពីប្រទេសវេណេស៊ុយអេឡា ហើយករណីទាំង២នេះ សុទ្ធតែមានជាប់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងមន្រ្តី ក៏ដូចជាសម្ព័ន្ធមិត្តរបស់លោក Maduro។
កាលពីខែមិថុនា លោកស្រី Brilhante Pedrosa អាចបន្តស្ថិតនៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសគឺ លោក Josep Borrell និងលោក Arreaza បានឯកភាពគ្នាលើភាពចាំបាច់ក្នុងការរក្សាទំនាក់ទំនងការទូតដើម្បី «សម្រួលដល់កិច្ចពិភាក្សានយោបាយ» ។
កាលពីថ្ងៃពុធ លោក Arreaza បានថ្កោលទោសចំពោះការដាក់ទណ្ឌកម្មជាថ្មីម្តងទៀតនិងបាននិយាយថា «លោក Maduro មានចិត្តទូលាយដែលបានអនុញ្ញាតឱ្យអ្នកការទូតអឺរ៉ុបបន្តស្ថិតនៅក្នុងប្រទេស បន្ទាប់ពីប្រទេសជាច្រើន បានចាត់ទុកមេដឹកនាំប្រឆាំង Juan Guaidó ជាមេដឹកនាំរបស់ប្រទេសនេះ»។
លោក Guaidó ដែលជាអតីតប្រធានរដ្ឋសភាបានប្រកាសខ្លួនជាប្រធានាធិបតីបណ្ដោះអាសន្ននៅឆ្នាំ ២០១៩ ហើយត្រូវបាន ប្រទេសចំនួន ៦០ ទទួលស្គាល់ថាជាមេដឹកនាំស្របច្បាប់របស់ប្រទេសវេណេស៊ុយអេឡា ដោយលើកហេតុផលថា «ការជាប់ឆ្នោតឡើងវិញរបស់លោក Maduro នៅឆ្នាំ ២០១៧ គឺជាការបោកប្រាស់»។
បណ្តាប្រទេសដែលបានទទួលស្គាល់លោក Guaidó រួមមានទាំងប្រទេសអេស្ប៉ាញ, បារាំង, ចក្រភពអង់គ្លេស និងអាល្លឺម៉ង់។
លោក Maduro បានចោទប្រកាន់បណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកម្តងហើយម្តងទៀត ពីការប៉ុនប៉ងបង្ខំរូបលោកឱ្យចុះចេញពីអំណាច។
នៅថ្ងៃពុធនេះ លោក Arreaza បាន ប្រគល់កំណត់ទូតតវ៉ាទៅកាន់ឯកអគ្គរដ្ឋទូត បារាំងនិងអាល្លឺម៉ង់ ក៏ដូចជាប្រមុខដឹកនាំបេសកកម្មរបស់ប្រទេសអេស្ប៉ាញនិងហូឡង់ ដោយរដ្ឋាភិបាលវេណេស៊ុយអេឡាបានចោទប្រកាន់បណ្តាប្រទេសទាំងនោះថាបានរៀបចំការដាក់ទណ្ឌកម្មជាថ្មី។
អ្នកនាំពាក្យរបស់សហភាពអឺរ៉ុប លោក Peter Stano បានទទូចដល់រដ្ឋាភិបាលវេណេស៊ុយអេឡាឱ្យដកការសម្រេចចិត្ត ក្នុងការបណ្តេញលោកស្រី Brilhante Pedrosa ដោយបាន និយាយថា «ការធ្វើ បែបនេះនឹងបង្កឱ្យប្រទេសវេណេស៊ុយអេឡាកាន់តែឯកោពីអន្តរជាតិសារជាថ្មី»។
លោកបានបន្តថា៖
«វ៉េណេស៊ុយអេឡានឹងអាចយកឈ្នះលើវិបត្ដិដែលកំពុងកើតមានតាមរយៈការចរចានិងការសន្ទនាដូចដែលសហភាពអឺរ៉ុបបានលើកឡើង ក៏ប៉ុន្តែការសម្រេចចិត្តនេះនឹងបង្កអន្តរាយកាន់តែធ្ងន់ធ្ងរ» ។
ប៉ុន្មានម៉ោងក្រោយមក លោក Maduro បាននិយាយតាមកញ្ចក់ទូរទស្សន៍ថា៖
«វេណេស៊ុយអេឡានឹងស្វាគមន៍សហភាពអឺរ៉ុប ប្រសិនបើពួកគេបង្ហាញនូវការគោរព និងកែប្រែជំហររបស់ពួកគេ។ តែបើមិនមានការធ្វើបែបនេះទេ នោះវេណេស៊ុយអេឡានឹងមិនសន្ទនាជាមួយសហភាពអឺរ៉ុបនោះទេ»។
វ៉េណេស៊ុយអេឡាកំពុងតែទទួលរងនូវវិបត្តិនយោបាយ, សង្គម និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីការធ្លាក់ចុះនៃតម្លៃប្រេងនិងការគ្រប់គ្រងមិនត្រឹមត្រូវរបស់រដ្ឋាភិបាល។
ប្រទេសវ៉េណេស៊ុយអេឡាបានស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មនុស្សរាប់លាននាក់បានធ្លាក់ ទៅក្នុងភាពក្រីក្រ ខណៈដែលតម្លៃម្ហូបអាហារក៏មានតម្លៃខ្ពស់ ហើយប្រាក់ឈ្នួលនៅតែមានកម្រិតទាបបូករួមនឹងអតិផរណា ដែលស្ថិតក្នុងអត្រារហូតដល់ ៤ ខ្ទង់ឯណោះ។ Euro News