ខ្មែរប៉ុស្ដិ៍ Close

ទស្សនវិភាគ៖ កម្ពុជា និង វេណេហ្ស៊ុអេឡា គឺខុសគ្នាស្រឡះ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 56
ទស្សនវិភាគ៖ កម្ពុជា និង វេណេហ្ស៊ុអេឡា គឺខុសគ្នាស្រឡះ! ទស្សនវិភាគ៖ កម្ពុជា និង វេណេហ្ស៊ុអេឡា គឺខុសគ្នាស្រឡះ!

ខណៈដែលស្ថានការណ៍នៅប្រទេសវេណេហ្ស៊ូអេឡា កំពុងច្របូកច្របល់ខ្លាំងនោះ ក្រុមប្រឆាំងនៅកម្ពុជា បានឆ្លៀតយកស្ថានការណ៍នៅទីនោះមកធ្វើការប្រៀបធៀបជាមួយនឹងកម្ពុជាភ្លាម ហើយថែមទាំងហ៊ានញុះញង់ឱ្យពលរដ្ឋធ្វើសកម្មភាពងើបបះបោរដូចនៅទីនោះទៀតផង ដែលប្រការនេះគឺវាមិនបានឆ្លុះបញ្ចាំងនឹងតថៈភាពនៅកម្ពុជាទាល់តែសោះ។

បច្ចុប្បន្ន កម្ពុជាកំពុងមានសុខសន្តិភាពពេញលេញទូទាំងប្រទេស ដែលស្ថានភាពនៅពេលនេះផ្តល់ឱកាសដល់ប្រជាពលរដ្ឋខិតខំកសាងជីវភាពគ្រួសារ ទាំងអ្នកនៅទីក្រុងក៏ដូចជាអ្នកនៅទីជនបទ។ សម្រាប់ប្រជាពលរដ្ឋនៅតាមទីជនបទទូទាំងប្រទេស ពួកគាត់ខិតខំបង្កបង្កើនផលតាមរយៈការធ្វើស្រែចម្ការ និងប្រមូលបាននូវកសិផលគួរជាទីពេញចិត្ត។ រីឯអ្នកនៅទីក្រុង និងទីប្រជុំជន ក៏កំពុងមមាញឹកនឹងការងារ និងមុខរបរអាជីវកម្មគ្រប់ៗគ្នា។ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សុទ្ធតែទើបទទួលបាននូវការតម្លើងប្រាក់បៀរវត្សក្នុងឆ្នាំថ្មី២០១៩ និងអាចបើកប្រាក់បៀរវត្សប្រចាំខែរៀងរាល់ពីរសប្តាហ៍ម្តងគួរជាទីមោទនៈ។ កម្មករ កម្មការិនី នៅតែបន្តការងារនៅតាមរោងចក្រ សហគ្រាសយ៉ាងស្វាហាប់ រួមជាមួយនឹងការតម្លើងប្រាក់ខែគោលជារៀងរាល់ឆ្នាំដែលអាចបញ្ជាក់ថា នៅកម្ពុជាកំពុងមានសុខដុមនីយកម្មរវាងនិយោជិត និងនិយោជក យ៉ាងពិតប្រាកដ។ វិនិយោគគិន និងអាជីវករ នៅតែមានសុទិដ្ឋិនិយមជាមួយស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលនៅតែមានកំណើនជាប្រចាំ។ ដូច្នេះ គេមិនអាចយល់ច្រឡំអំពីស្ថានភាពរវាងប្រទេសកម្ពុជានិងស្ថានភាពនៅប្រទេសវេណេហ្ស៊ូអេឡានោះឡើយ។

យោងខ្លឹមសារសង្ខេបស្ដីពីសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ បានឲ្យដឹងថា ការព្យាករណ៍កំណើន សេដ្ឋកិច្ចកម្ពុជា បន្ដសម្រេចបានក្នុងអត្រា៧,១% ដែលប្រហាក់ប្រហែលនឹងកំណើននៅឆ្នាំ២០១៨ ដែរ។ នៅក្នុងឆ្នាំ២០១៩ នេះ សេដ្ឋកិច្ចសម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១៧០៦ ដុល្លារអាមេរិក បើធៀបនឹង១៥៦៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។ កំណើននេះត្រូវបានទ្រទ្រង់ដោយ ទី១- កំណើននៃវិស័យឧស្សាហកម្ម នឹងនៅតែបន្ដរក្សាភាពរឹងមាំក្នុងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់១០,០% ទី២- វិស័យសេវាកម្មនៅបន្ដកំណើនប្រមាណ ៧,០% ដែលគាំទ្រដោយកំណើននៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងទី៣- វិស័យកសិកម្មអាចសម្រេចបានកំណើនក្នុងរង្វង់ ១,៨% ដែលទ្រទ្រង់ដោយអនុវិស័យដំណាំ និងជលផល។

ក្រឡេកមើលស្ថានភាពសេដ្ឋកិច្ចនៅប្រទេសវេណេហ្ស៊ូអេឡាវិញម្តង។ ក្រោយការស្លាប់របស់ប្រធានាធិបតី ហ៊ុយហ្គោ ឆាវេស មក លោក នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានបោះឆ្នោតជាប់ជាប្រធានាធិបតី នៅខែមេសា ឆ្នាំ២០១៣។ ចាប់ពីពេលដែលលោក ម៉ាឌូរ៉ូ ឡើងកាន់តំណែងនោះមក សេដ្ឋកិច្ចនៃប្រទេសអាមេរិកខាងត្បូងមួយនេះ បានដាំក្បាលចុះយ៉ាងគំហុកដែលធ្វើឱ្យប្រជាពលរដ្ឋ វេណេហ្ស៊ូអេឡា មិនពេញចិត្ត។ អតិផរណានៃរូបិយប័ណ្ណជាតិបានជំរុញឱ្យប្រទេសមួយនេះធ្លាក់ក្នុងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃកប់ពពក កង្វះម្ហូបអាហារ និងថ្នាំសង្កូវ ដែលធ្វើឱ្យប្រជាពលរដ្ឋ វេណេហ្ស៊ូអេឡា ជាង៣លាននាក់ធ្វើចំណាកស្រុក។ ក្រោយការបោះឆ្នោតលើកទី២ កាលពីខែឧសភា ឆ្នាំ២០១៨ រួចមក ជម្លោះផ្ទៃក្នុងនេះកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារអត្រាអតិផរណាសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ មានរហូតដល់ ១.៣លាន% នៅខែវិច្ឆិកា ឆ្នាំ២០១៨ ហើយត្រូវបាន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប៉ាន់ស្មានថាអត្រាអតិផរណានៃសេដ្ឋកិច្ចប្រទេសនេះ នឹងកើនឡើងរហូតដល់ ១០លាន% នៅឆ្នាំ២០១៩ នេះ។ ដូច្នេះ បើគេធ្វើការប្រៀបធៀបស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាជាមួយប្រទេសវេណេហ្ស៊ូអេឡានៅពេលនេះ គឺខុសគ្នាស្រឡះ ហើយការប្រៀបធៀបស្ថានភាពរវាងប្រទេសទាំងពីររបស់ក្រុមប្រឆាំងនៅពេលនេះគឺគ្រាន់តែជារបៀបវារៈក្នុងការកេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។

ចំណែកបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកំណត់យ៉ាងច្បាស់ថានៅពេលដែលប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ នោះហើយជាកត្តាចម្បងសម្រាប់ដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍ ដែលឈានទៅរកការគោរពសិទ្ធិមនុស្ស និងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យកាន់តែរឹងមាំ។ បច្ចុប្បន្ន កម្ពុជាកំពុងទទួលបាននូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំចុងក្រោយនេះមិនធ្លាប់មានឡើយ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលសម្រេចបានដោយលំបាកនេះឱ្យនៅស្ថិតស្ថេរជារៀងរហូត។ តើនរណាជាអ្នកទទួលផលពីសុខសន្តិភាពនេះ? ច្បាស់ណាស់គឺពិតជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ហើយក្នុងនោះក៏មានក្រុមអ្នកប្រឆាំងផងដែរ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាល បានប្រកាន់ជំហរយ៉ាងម៉ឹងម៉ាត់ដើម្បីបន្តលើកស្ទួយបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឱ្យកាន់តែមានភាពល្អប្រសើរជាលំដាប់ ស្របជាមួយនឹងការអនុវត្តនូវនីតិរដ្ឋយ៉ាងខ្ជាប់ខ្ជួនផងដែរ។

ជារួម ស្ថានភាពនយោបាយនៅប្រទេស វេណេហ្ស៊ូអេឡា គឺមិនអាចយកករណីនេះមកប្រៀបធៀបជាមួយប្រទេសកម្ពុជាបានទេ ព្រោះថា កម្ពុជាមានសេដ្ឋកិច្ចរឹងមាំ ដែលបច្ចុប្បន្ននេះបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបរួចទៅហើយ ហើយក៏នឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ម្យ៉ាងទៀត ចរឹតរបស់ក្រុមប្រឆាំងជារឿយៗ តែងតែឆ្លៀតកេងចំណេញពីព្រឹត្តិការណ៍នានាដែលកើតនៅជុំវិញពិភពលោកជាដរាប ដែលពួកទាំងនេះតែងតែយល់ និងវាយតម្លៃខុសជាដរាប។ យ៉ាងណាមិញ ស្ថានភាពនៅប្រទេសកម្ពុជា និងប្រទេសវេណេហ្ស៊ូអេឡា គឺខុសគ្នាដាច់តែម្តង៕

ដោយ៖ ពង្ស សុក្រឹត្យ