សាលាខេត្តកណ្តាលមានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ និងពិធីប្រគល់-ទទួលប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់រដ្ឋបាលឃុំ-សង្កាត់
កណ្តាល៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅសាលាខេត្តកណ្តាលមានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ និងពិធីប្រគល់-ទទួលប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងការប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិឃុ-ឃុំមានសុវត្ថិភាព” ប្រចាំឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។
សមាសភាពអញ្ជើញចូលរួមមាន តំណាងសាលាដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ខេត្ត អភិបាលក្រុង ស្រុក មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធសរុប ចំនួន ៤៦៨ នាក់។
ក្រៅពីថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ដែលរួមសហការគ្នាយ៉ាងល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” និងសម្តែងការអបអរសាទរចំពោះឃុំ-សង្កាត់ដែលទទួលចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំងការនុវត្តគោលនយោបាយខាងលើ លោកអភិបាលបានយកឱកាសនេះផ្តល់នូវអនុសាសន៍ និងគោលដៅសម្រាប់ការប្រឡងប្រណាំងបណ្តាឆ្នាំបន្តទៀតដូចខាងក្រោម៖
- ជំរុញអោយឃុំ/សង្កាត់ដែលបានឡើងចំណាត់ថ្នាក់ និងរក្សាចំណាត់ថ្នាក់សូមបន្តរក្សានិងខិតខំប្រឹងប្រែងបន្តទៀតដើម្បីទទួលចំណាត់ថ្នាក់កាន់តែល្អ ហើយចំពោះឃុំ/សង្កាត់ដែលធ្លាក់ចំណាត់ថ្នាក់សូមខិតខំព្យាយាមធ្វើយ៉ាងណាអោយទទួលបានចំណាត់ថ្នាក់ល្អឡើងវិញ។
- ណែនាំគណៈបញ្ជាការឯកភាពក្រុង ស្រុក និងអាជ្ញាធរកងកម្លាំងពាក់ព័ន្ធទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ “ភូមិ-ឃុំមានសុវត្ថិភាព” ជាភារកិច្ចសំខាន់សម្រាប់កិច្ចការប្រចាំថ្ងៃរបស់ខ្លួន។
- ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអោយបានទូលំទូលាយ និងជ្រួតជ្រាបនូវទស្សនៈ និងវិធីសាស្ត្រធ្វើអោយសម្រេចខ្លឹមសារនៃប្រធានបទ “ភូមិ-ឃុំមានសុវត្ថិភាព” ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
- បង្កើនការរៀបចំវេទិកាសាធារណៈអោយកាន់តែសកម្មភាពបន្ថែមទៀតដោយយកចិត្តទុកដាក់ខ្ពស់អំពីគុណភាពនៃការទទួលបានព័ត៌មាន អំពីកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ព្រមទាំងខិតខំដោះស្រាយសំណូមពរ។
- ជំរុញអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងការងារបង្ការ ទប់ស្កាត់និងបង្ក្រាបបញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រោះថ្នាក់គ្រប់ប្រភេទ ដោយពង្រឹងវិធានការអប់រំ រដ្ឋបាល និងវិធានការច្បាប់។
- ជំរុញស្នងការនគរបាលខេត្ត អធិការនគរបាលក្រុង ស្រុក មេប៉ុស្តិ៍ ព្រមទាំងអភិបាលក្រុង ស្រុក មេឃុំចៅសង្កាត់ ត្រូវគិតគូរយកចិត្តទុកដាក់បន្ថែមលើការងារកសាងអង្គភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ទាំងក្របខ័ណ្ឌ និងកន្លែងបំពេញការងារ ព្រមទាំងពង្រឹងបន្ថែមនូវការអនុវត្តភារកិច្ច ផ្តល់ការបណ្តុះបណ្តាលជាប្រចាំដល់កងកម្លាំង ការបំពាក់មធ្យោបាយសម្ភារៈ ក្នុងនោះប៉ុស្តិ៍នគរបាលដែលមានដីស្រាប់ត្រូវកៀរគរថវិកាដើម្បីកសាងអគារប៉ុស្តិ៍ ហើយប៉ុស្តិ៍ណាដែលមិនមានដីនៅឡើយ ទាំងស្នងការ អធិការ មេប៉ុស្តិ៍ មេឃុំ ចៅសង្កាត់ និងអភិបាលក្រុង ស្រុក ត្រូវខិតខំកៀរគរថវិកាដើម្បីទិញដី ដើម្បីសាងសង់អគារប៉ុស្តិ៍ បន្ថែមលើថវិកាដែលថ្នាក់ជាតិបានផ្តល់។
- ស្នើគណៈបញ្ជាការឯកភាពក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើបច្ចុប្បន្ន អោយបានច្បាស់លាស់នូវទិន្នន័យប្រជាការពារ ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការប្រជុំបូកសរុបដកពិសោធន៍អំពីការងារគ្រប់គ្រងដឹកនាំ ប្រជាការពារនៅក្នងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីរកអោយឃើញនូវចំណុចខ្លាំង ចំណុចប្រឈម និងផ្តើមគំនិតដើម្បីចូលរួមជំរុញចលនាតម្រង់ទិសក្នុងការប្រើប្រាស់កម្លាំងប្រជាការពារអោយបានកាន់តែប្រសើរ។
- ណែនាំអោយពង្រឹងបន្ថែមនូវការអនុវត្តការងាររបស់លេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ព្រមទាំងធ្វើបច្ចុប្បន្នភាពក្រុមការងារលេខាធិការដ្ឋានគណបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ក៏ដូចជាធ្វើបច្ចុប្បន្នភាពលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសផ្សេងៗទៀតនៅក្នុងខេត្ត៕
គួរបញ្ជាក់ដែរថា សម្រាប់លទ្ធផលប្រឡងប្រណាំងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប្រចាំឆ្នាំ២០១៧នេះនៅខេត្តកណ្តាល ឃុំ សង្កាត់ទទួលបានលទ្ធផលប្រភេទ១ មានចំនួន៥៧/៤៦ ឃុំ(កើន១១), ប្រភេទ២ មានចំនួន៦១/៦៦ឃុំ/សង្កាត់(ថយ៥) និងប្រភេទ៣ មានចំនួន៩/១៤ ឃុំ/សង្កាត់(ថយ៥)។ ក្នុងនោះឃុំ សង្កាត់ប្រភេទ១ទទួលបានថវិកា១លានរៀល ក្នុងមួយឃុំសង្កាត់, ប្រភេទ២ ទទួលបានថវិកា ៦៥០ ០០០រៀលក្នុងមួយឃុំសង្កាត់, ប្រភេទ៣ ទទួលបានថវិកា៤៥០ ០០០ រៀល ក្នុងមួយឃុំសង្កាត់។