ភាពតានតឹងនៅក្នុងប្រទេសថៃ រវាងទំនាក់ទំនងរបស់សាធារណជន និងទំនាក់ទំនងរបស់រដ្ឋ ជាមួយនិងប្រទេសចិន
ផ្អែកលើប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងប្រទេសចិននិងថៃ តែងតែមានរួមបញ្ចូលគ្នានូវអារម្មណ៍ស្អប់ខ្ពើម និងភាពជិតស្និទ្ធ។ ហើយរហូតមកដល់ពេលថ្មីៗនេះ មិនមានអ្វីគួរឱ្យសង្ស័យចំពោះទំនាក់ទំនងរវាងប្រទេសចិន និងថៃនោះទេ ខណៈពេលដែលទំនាក់ទំនងនេះត្រូវបានពង្រឹងកាន់តែជិតស្និទ្ធដោយផ្អែកលើកិច្ចសហប្រតិបត្តិការសន្តិសុខប្រឆាំងនឹងវៀតណាមនៅក្នុងទសវត្សរ៍ ១៩៧០ និង ១៩៨០, ការសម្រេចចិត្តរបស់ចិនក្នុងការមិនបន្ទាបតម្លៃលុយបាតនៅក្នុងវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ ១៩៩៧, ការដែលចិនរក្សាភាពស្ងប់ស្ងៀមនៅក្នុងអំឡុងរដ្ឋប្រហារនៅក្នុងប្រទេសថៃនៅឆ្នាំ ២០១៤ និងការពឹងពាក់កាន់តែខ្លាំងរបស់ប្រទេសថៃទៅលើភ្ញៀវទេសចររបស់ចិន។
ប៉ុន្តែដោយសារតែការវិវឌ្ឍថ្មីៗ ដូចជាការបង្ក្រាបបែបផ្តាច់ការ, ការអនុម័តច្បាប់សន្តិសុខជាតិយ៉ាងតឹងរ៉ឹងនៅហុងកុង, សម្ពាធនាពេលថ្មីៗទៅលើកោះតៃវ៉ាន់ និងភាពស្ងប់ស្ងាត់ចំពោះរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា រូបភាពរបស់ចិននៅក្នុងចំណោមសាធារណជនថៃបានរងនូវផលប៉ះពាល់យ៉ាងខ្លាំង។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការខ្វែងគំនិតគ្នាបានកើតឡើងរវាងទំនាក់ទំនងការបរទេសដ៏កក់ក្តៅរបស់ថៃជាមួយនិងទីក្រុងប៉េកាំង និងការកើនឡើងនូវកំហឹង ក្នុងចំណោមសាធារណជនចំពោះទំនាក់ទំនងដ៏កក់ក្ដៅរបស់រដ្ឋាភិបាល។
ការបង្កើត «សម្ព័ន្ធភាពតែទឹក ដោះគោ» «Milk Tea Alliance» នៅប៉ុន្មានឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងចំណោមពលរដ្ឋថៃវ័យក្មេងដែលបាន
បដិសេធមិនទទួលយកនូវទំនាក់ទំនងវប្បធម៌ដ៏រឹងមាំរវាងប្រទេសទាំងពីរ ។
ការកើនឡើងនូវអារម្មណ៌ប្រឆាំងនឹងចិន អាចបង្កនូវការព្រួយបារម្ភដល់អ្នកធ្វើគោលនយោបាយថៃ និងចិននៅពេលខាងមុខដោយសារសង្គ្រាមពាក្យសម្តីតាមប្រព័ន្ធអ៊ីនធឺណិតពីសំណាក់អ្នកប្រើប្រាស់អ៊ីនធឺណិត អាចនឹងធ្វើឱ្យស្ថានភាពមានលក្ខណៈកាន់តែអាក្រក់ទៅៗ។
ទំនាក់ទំនងជាមួយប្រទេសចិននៅក្នុងប្រទេសថៃ មិនតែងតែមានភាពរលូននោះទេ។ នៅមុនពេល ចប់ផ្តើមផ្ទុះវីរុស COVID-19 ភ្ញៀវទេសចរចិនមានសារៈសំខាន់ណាស់សម្រាប់ឧស្សាហកម្មទេសចរណ៍ថៃ ដោយភ្ញៀវទេសចរចិនមានចំនួនច្រើនជាង ២៥% នៃភ្ញៀវទេសចរទាំងអស់ដែលបានចូលមកប្រទេសថៃ។
ប៉ុន្តែ ប្រជាជនថៃបានចាប់ផ្តើមចាត់ទុកការហូរចូលនៃភ្ញៀវទេសចរចិនជារឿងអវិជ្ជមាន ហើយរដ្ឋាភិបាលថៃក៏បានខិតខំរក្សាតុល្យភាពរវាងកំហឹងរបស់សាធារណជនចំពោះអាកប្បកិរិយារបស់ភ្ញៀវទេសចរចិន និងការពឹងផ្អែកកាន់តែខ្លាំងឡើងរបស់រដ្ឋភិបាលទៅលើប្រាក់ចំណូលដែលទទួលបានពីភ្ញៀវទេសចរចិន។
អ្វីដែលបានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់គឺបញ្ហា «ទេសចរណ៍ជាកញ្ចប់» (Zero-Dollar Tourism) ដែលទីភ្នាក់ងារទេសចរណ៍ចិននឹងផ្តល់ជូននូវដំណើរទេសចរណ៍ក្នុងតម្លៃថោក ដោយមានរួមបញ្ចូលនូវអាហារ និងកន្លែងស្នាក់ ហើយដែលការធ្វើ បែបនេះនឹងរឹតត្បិតការចំណាយរបស់ភ្ញៀវទេសចរចិននៅក្នុងសហគមន៍ថៃ។
កាលពីឆ្នាំ ២០១៦ រដ្ឋាភិបាលថៃបានហាមឃាត់ទេសចរណ៍ជាកញ្ចប់បែបនេះ ដោយបានបិទក្រុមហ៊ុនមួយចំនួន និងបានចាប់ខ្លួនមនុស្សមួយចំនួនទៀត ពីបទលាងលុយកខ្វក់ និងការធ្វើទេសចរណ៍ខុសច្បាប់។
បញ្ហាបានកើនឡើងកាន់តែខ្លាំងនៅពេលចាប់ផ្តើមកើត មានវីរុសរាតត្បាត ខណៈដែលអារម្មណ៍ប្រឆាំងនឹងចិនបានរីករាលដាលនៅពាសពេញតំបន់អាស៊ីអាគ្នេយ៌ និងនៅតំបន់ផ្សេងទៀតនៅក្នុងពេលមានការផ្ទុះឡើង នៃវីរុស COVID-19 កាលពីដើមខែមករាឆ្នាំមុន។
កាលពីខែកុម្ភៈឆ្នាំមុន សិល្បៈករថៃម្នាក់ បានសរសេរពាក្យពេចន៍បែបរើសអើងពូជសាសន៍ លើអ្នកទេសចរចិន ហើយអារម្មណ៍ប្រឆាំងនឹងចិនបានកើតមានរហូតដល់ភាគខាងជើងប្រទេសថៃ។ ខណៈពេលដែលវីរុស COVID-19 នៅតែបន្តរីករាលដាល ស្មារតីជាតិនិយមបែបស្អប់ខ្ពើមចិននឹងបន្តកើនឡើងនៅតាមប្រព័ន្ធអនឡាញ។
គោលនយោបាយការបរទេសធ្លាក់ចុះ និងការពឹងពាក់គ្នាទៅវិញទៅមកកាន់តែខ្លាំងក៏បានធ្វើឱ្យប្រជាជនថៃមានអារម្មណ៌ស្អប់ចិនកាន់តែខ្លាំងផងដែរ។ ឧទាហរណ៍ នៅឆ្នាំ ២០១៩ គម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន (BRI) ដែលតភ្ជាប់ពីខេត្ត Nong Khai ទៅកាន់ទីក្រុងវៀងច័ន្ទរបស់ប្រទេសឡាវ និងខេត្ត Yunnan នៅភាគនិរតីនៃប្រទេសចិន បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
កាសែតថៃបានលើកឡើងអំពីលទ្ធភាពដែលថា៖
«នេះអាចជាអន្ទាក់បំណុលរបស់ចិនមួយទៀត ដោយសារការផ្តល់ហិរញ្ញប្បទានយ៉ាងច្រើននៅក្នុងជំហានទី២នៃគម្រោងនេះ គឺមានលក្ខណៈជាកម្ចីអន្តរជាតិដែលចិនបានទទួលផលប្រយោជន៍ច្រើនជាងគេ»។
រដ្ឋាភិបាលក៏បានបង្ហាញអំពីតម្លាភាព និងគណនេយ្យភាពនៃគម្រោងនេះតិចតួចបំផុត និងបានរក្សាទុកព័ត៌មានលម្អិតភាគច្រើន។ ផលវិបាកនៃកង្វះតម្លាភាពនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការស្ទង់មតិមួយនៅខែមករា ឆ្នាំ ២០២០ ដែលបង្ហាញថា «៦០% នៃអ្នកឆ្លើយ បានលើកឡើងថា ពួកគេមិនទុកចិត្តចិន ហើយ៤០% បានគិតថា ប្រទេសចិនចង់បង្វែរតំបន់នេះចូលទៅក្នុងដែនឥទ្ធិពលរបស់ខ្លួន»។
ការពង្រឹង «សម្ព័ន្ធភាពតែទឹក ដោះគោ – Milk Tea Alliance» បានបង្កើនការសង្ស័យ ទៅលើប្រទេសចិន នៅក្នុងប្រទេសថៃ និងបានក្លាយជាប្រធានបទដ៏លេចធ្លោមួយនៅក្នុងបាតុកម្ម ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ។ សមាជិករបស់សម្ព័ន្ធភាពនេះ ដែលស្ថិតនៅក្នុងប្រទេសថៃ, ហុងកុង, តៃវ៉ាន់ និងមីយ៉ាន់ម៉ា ភាគច្រើនសុទ្ធតែជាជនរងគ្រោះនៃរបបផ្តាច់ការដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលចិន។
ភស្តុតាងនៃឥទ្ធិពលរបស់ចិនពិបាកនឹងមិនអើពើណាស់។ ធនាគារពិភពលោកបានឱ្យដឹងថា៖
«ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសថៃ ហើយក៏ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសភូមានិងកម្ពុជាផងដែរ»។
សូម្បីតែគម្រូកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃដែលមានគោលដៅប្តូរប្រទេសពីឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យម ទៅជាប្រទេសមានការអភិវឌ្ឍពេញលេញនៅឆ្នាំ ២០៣៧ ក៏ពឹងផ្អែកទៅលើទំនាក់ទំនងជាមួយទីក្រុងប៉េកាំងផងដែរ។ ក្នុងន័យម្យ៉ាងទៀត អនាគតរបស់ប្រទេសថៃគឺមានភាពជាប់ទាក់ទងយ៉ាងជិតស្និទ្ធិជាមួយនឹងប្រទេសចិន។
សកម្មជនជាច្រើន នៅក្នុងតំបន់អាស៊ីបានចាត់ទុកប្រទេសចិនជាការគំរាមកំហែងដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងស្ថាប័នប្រជាធិបតេយ្យ ដូចដែលបានឃើញនៅក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច, នយោបាយ និងសង្គមហុងកុងទៅក្នុងប្រទេសចិនដីគោក។
ភាពស្ងាត់ស្ងៀមរបស់ប្រទេសចិន បន្ទាប់ពីរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ នៅប្រទេសមីយ៉ាន់ម៉ា ក៏បានធ្វើឱ្យមានការព្រួយបារម្ភផងដែរនៅក្នុងចំណោមសកម្មជន នៃសម្ព័ន្ធ Milk Tea Alliances ។
ប្រទេសចិនបានរារាំងដំណោះស្រាយនៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលបានថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ដោយប្រទេសចិនបានព្រមានថា៖
«ការដាក់សម្ពាធ ឬការដាក់ទណ្ឌកម្មពីអន្តរជាតិ នឹងធ្វើឱ្យបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ាមានលក្ខណៈកាន់តែធ្ងន់ធ្ងរ» ។
បញ្ហានេះនឹងពង្រឹងនូវរូបភាពរបស់ប្រទេសចិនក្នុងនាមជាអ្នកមិនគោរពច្បាប់ និងរឹងរូស ហើយវានឹងក្លាយជារូបភាពមួយ ដែលទាំងរដ្ឋាភិបាលចិននិងថៃនឹងត្រូវប្រឈមមុខនៅពេលខាងមុខ។
កំហឹងរបស់សាធារណជនចំពោះប្រទេសចិន អាចបង្កជាបញ្ហាប្រឈមជាបន្តបន្ទាប់ទៀត ដូចជាភាពងាយរងគ្រោះរបស់ប្រទេសថៃចំពោះគ្រោះរាំងស្ងួត និងជំហរមិនច្បាស់លាស់របស់ថៃនៅដងទន្លេមេគង្គក្រោម។
ប៉ុន្តែ ប្រទេសថៃ បានចាប់ផ្តើមកត់សម្គាល់ពីការមិនពេញចិត្តរបស់សាធារណៈជនចំពោះឥទ្ធិពលរបស់ចិន ហើយនៅខែកុម្ភៈ ឆ្នាំ ២០២០ រដ្ឋាភិបាលថៃក៏បានបញ្ចប់គម្រោងមួយរបស់ចិនដែលនឹងជួយពង្រឹងការធ្វើនាវាចរ នៅទន្លេមេគង្គ បន្ទាប់ពីមានការប្រឆាំងពីសំណាក់ពលរដ្ឋ និងអ្នកអភិរក្សជុំវិញផលប៉ះពាល់ដល់បរិស្ថាន។
បញ្ហាទាំងអស់នេះបានបង្ហាញថា «ទំនាក់ទំនងរវាងប្រទេសថៃជាមួយប្រទេសចិន ជាពិសេសបញ្ហាឥទ្ធិពលរបស់ចិននៅក្នុងប្រទេសថៃ កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់» ។ Southeast Asia Globe