ខ្មែរប៉ុស្ដិ៍ Close

    អ្នកជំនាញអាជ្ញាធរជាតិអប្សរា ចូលរួមកម្មវិធីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍នៃការរៀបចំខ្សែសៀគ្វីទេសចរណ៍នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកសំបូរព្រៃគុក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 997

    ក្នុងគោលដៅរៀបចំនិងដាក់ចេញនូវខ្សែសៀគ្វីទស្សនារមណីយដ្ឋានសំបូរព្រៃគុក អាជ្ញាធរជាតិសំបូរព្រៃគុកបានរៀបចំកម្មវិធីកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការរៀបចំខ្សែសៀគ្វីទេសចរណ៍រយៈពេល៣ថ្ងៃ និងបានអញ្ជើញមន្រ្តីបុគ្គលិកជំនាញផ្នែករៀបចំខ្សែសៀគ្វីទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាចូលរួមដើម្បីចែករំលែកបទពិសោធន៍ការងាររៀបចំខ្សែសៀគ្វីទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរកន្លងមក។

    ជាលទ្ធផលនៃកិច្ចពិភាក្សាររវាងមន្រ្តីបុគ្គលិកជំនាញទាំងពីរស្ថាប័នដែលបំពេញការងារក្នុងចក្ខុវិស័យរួមគឺការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោក គំនិតរៀបចំខ្សែសៀគ្វីទស្សនាក្រុមប្រាសាទក្នុងរមណីយដ្ឋានសំបូរព្រៃគុកចំនួន៦ត្រូវបានដាក់ចេញដើម្បីបន្តការសិក្សាស៊ីជម្រៅដែលក្នុងនោះមាន៖
    ១. សិក្សារៀបចំទិសដៅទស្សនាដោយកំណត់ច្រកចេញចូលច្បាស់លាស់សម្រាប់ក្រុមប្រាសាទធំៗចំនួន៣គឺ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទតោ និងក្រុមប្រាសាទសំបូរ។
    ២. សិក្សាដាក់ចេញនូវខ្សែទស្សនាដែលភ្ជាប់ក្រុមប្រាសាទធំៗទាំងបីគឺ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទតោ និងក្រុមប្រាសាទសំបូរ ជាមួយនឹងប្រាសាទដើមចាន់ ប្រាសាទអាស្រមមហាឫស្សីនិងប្រាសាទជ្រៃ ដោយមានជម្រើសរយៈពេលទស្សនាផ្សេងៗគ្នា(សៀគ្វីរយៈពេលវែង មធ្យម និងខ្លី)។ ខ្សែសៀគ្វីនេះគ្រោងតម្រូវឱ្យយានជំនិះគ្រប់ប្រភេទដាក់ភ្ញៀវនៅមុខក្រុមប្រាសាទយាយព័ន្ធខាងកើត ហើយត្រឡប់ទៅឈប់ចាំទទួលភ្ញៀវនៅម្តុំមុខប្រាសាទជ្រៃ។
    ៣. សិក្សាដាក់ចេញនូវខ្សែសៀគ្វីកង់ និងរទេះគោ ដែលអាចមានជម្រើសខ្សែវែង និងខ្សែខ្លី ក្រោមចំណងជើង «ទស្សនារមណីយដ្ឋានសំបូរព្រៃគុកដោយជិះកង់ឬរទេះគោ»។
    ៤. សិក្សាដាក់ចេញនូវខ្សែសៀគ្វីរយៈពេល១ថ្ងៃពេញដើម្បីលើកតម្លៃប្រាសាទតូចៗមួយចំនួន រួមទាំងក្រុងបុរាណ «ឦសានបុរ» ដោយភ្ជាប់ជាមួយក្រុមប្រាសាទធំៗទាំង៣។
    ៥. សិក្សាស៊ីជម្រៅបន្ថែមដើម្បីដាក់ចេញនូវខ្សែទស្សនាក្រោមប្រធានបទពិសេស «ស្វែងយល់ពីចម្លាក់លើប្រាសាទឥដ្ឋ» ដែលភ្ញៀវទេសចរអាចទទួលបានព័ត៌មានលម្អិតពីចម្លាក់ «ប្រាសាទអណ្តែត» និងចម្លាក់ «មេដៃយ៉ុង» ដែលទាំងនេះជាតម្លៃលេចធ្លោរជាសកល (outstanding universal value) របស់រមណីយដ្ឋានសំបូរព្រៃគុកបេតិកភណ្ឌពិភពលោក។
    ៦. សិក្សារៀបចំខ្សែសៀគ្វីសម្រាប់ទេសចរបែបសមាធិ ដោយក្នុងនោះអាចកំណត់យកប្រាសាទត្រពាំងរពាក់ ឬប្រាសាទគក់ទ្រូងជាទីតាំងបញ្ចប់ខ្សែទស្សនា និងស្នើឱ្យទេសចរអាចធ្វើសមាធិបែបពុទ្ធសាសនា នៅទីនោះបាន។

    គំនិតជំហានដំបូងទាំង៦ខាងលើនេះនឹងត្រូវសិក្សាស៊ីជម្រៅលម្អិតបន្ថែមរួមគ្នាបន្តទៀតរវាងមន្រ្តីបុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក៕

    អត្ថបទទាក់ទង