ខ្មែរប៉ុស្ដិ៍ Close

បញ្ហាបន្ទាន់នានា ស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ ២០២១ នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 48
បញ្ហាបន្ទាន់នានា ស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ ២០២១ នេះ បញ្ហាបន្ទាន់នានា ស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ ២០២១ នេះ

អាស៊ីអាគ្នេយ៍គឺជាតំបន់ដ៏ធំទូលំទូលាយ ចម្រុះជាតិសាសន៍ និងមានភាពស្មុគស្មាញ ដែលពោរពេញទៅដោយទំនាស់ និងទស្សនៈខុសៗគ្នា។ ភាពសំខាន់ជាយុទ្ធសាស្រ្តរបស់តំបន់អាស៊ីអាគ្នេយ៍បានធ្វើឱ្យសហរដ្ឋអាមេរិកចាំបាច់ត្រូវតែភ្ជាប់ទំនាក់ទំនងជាមួយតំបន់នេះ ជាពិសេសបន្ទាប់ពីឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់បានទទួលរងនូវការធ្លាក់ចុះក្នុងអស់រយៈពេល ៤ ឆ្នាំកន្លងមក។

នៅថ្ងៃទី ២ ខែកុម្ភៈ ក្រុមការងារតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia Task Force) បានចេញរបាយការណ៍ដ៏គួរឱ្យកត់សម្គាល់មួយ ដែលនោះគឺបញ្ហាបន្ទាន់ស្តីពីទំនាក់ទំនងសហរដ្ឋអាមេរិក-តំបន់អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ ២០២១ ដែលបានកំណត់ជូនរដ្ឋបាលថ្មីរបស់ លោកបៃឌិន និងសភាអាមេរិកនូវបញ្ហាប្រឈមធំៗ និងឱកាសសំខាន់ៗនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតំបន់អាស៊ីអាគ្នេយ៍សម្រាប់រយៈពេល
១២ ទៅ ១៨ ខែខាងមុខ។

សមាជិកទាំង ៩ រូបរបស់ក្រុមការងារនេះ រួមមានអ្នកសិក្សាស្រាវជ្រាវ អ្នកវិភាគ និងអ្នកអនុវត្តការងារ នៅក្នុងស្ថាប័នស្រាវជ្រាវ ដូចជាអង្គការក្រៅរដ្ឋាភិបាល សមាគមអាជីវកម្ម និងវិស័យឯកជន។ ពួកគេមានជំនាញវិភាគនិងមានបទពិសោធន៍ទូលំទូលាយពាក់ព័ន្ធនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ពួកគេបានពិនិត្យមើលអំពីបញ្ហាប្រឈមនៅក្នុងវិស័យសន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងការ ប្រែប្រួលអាកាសធាតុ ដែលបញ្ហាទាំងអស់នេះស្ថិតនៅក្នុងបរិបទនៃការប្រកួតប្រជែងគ្នាកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិកនិងចិន ក៏ដូចជាផលប៉ះពាល់នៃវីរុស Covid-19 មកលើទស្សនវិស័យរបស់តំបន់។

របាយការណ៍នេះក៏បានបង្ហាញអំពីតម្រូវការចាំបាច់ក្នុងការរៀបចំនូវគោលនយោបាយពាណិជ្ជកម្មនិងសន្តិសុខដើម្បីស្តារផលប្រយោជន៍ និងឥទ្ធិពលរបស់សហរដ្ឋអាមេរិកឡើងវិញនៅក្នុងតំបន់ ដែលរួមមានចំណុចសំខាន់ៗដូចខាងក្រោម៖

ទី ១ ៖ សហរដ្ឋ អាមេរិកគួរតែទទួលស្គាល់នូវសារៈសំខាន់របស់តំបន់អាស៊ីអាគ្នេយ៍ និងស្ថាប័ន «អាស៊ាន» របស់តំបន់នេះ និងមិនគួរចាត់ទុកតំបន់នេះត្រឹមជាកូនអុកនៅលើក្តារអុករបស់អាមេរិកនិងចិននោះទេ។

ភាពតានតឹងបានកើតមាននៅអាស៊ាន ដោយសារតែមានការ បែកបាក់ផ្ទៃក្នុងជាពិសេសពាក់ព័ន្ធនិងទំនាក់ទំនងជាមួយប្រទេសចិនដែលកំពុងមានការកើនឡើងកាន់តែខ្លាំង ខណៈដែលទំនុកចិត្តលើសហរដ្ឋអាមេរិកមានការចុះខ្សោយកាន់តែខ្លាំង។

សហរដ្ឋអាមេរិកចាំបាច់ត្រូវតែផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើបញ្ហានេះ។ មធ្យោបាយដ៏សំខាន់មួយដើម្បីបង្ហាញអំពីការចូលរួមឡើងវិញប្រកបដោយអត្ថន័យរបស់សហរដ្ឋអាមេរិក គឺការតែងតាំងអគ្គរដ្ឋទូតថ្មីប្រចាំតំបន់អាស៊ាន ដែលនេះអាចជាសារមួយបង្ហាញពីការគាំទ្រដល់អាស៊ាន និងបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី បៃឌិន ចំពោះស្ថាប័នពហុភាគី។

ទី ២ ៖ ទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកនិងអាស៊ានបច្ចុប្បន្នកំពុងស្ថិតនៅក្នុងកម្រិតដ៏ខ្សោយបំផុត។ និយាយជារួម បណ្តាប្រទេសជាសមាជិកអាស៊ានមានកម្លាំងពលកម្មធំលំដាប់ទី៣ និងជាប្រទេសមាន សេដ្ឋកិច្ចធំលំដាប់ទី ៥  នៅលើពិភពលោក ដែលមាន GDP សរុបជាង ៣,១ ទ្រីលានដុល្លារអាមេរិក។

អាស៊ានគឺជាទីផ្សារនាំចេញធំជាងគេទី ៤ របស់អាមេរិក និងជាគោលដៅកំពូលសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីដែលជាបណ្តាញតភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់តម្លៃរបស់សហរដ្ឋអាមេរិក និងជាគោលដៅអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនអាមេរិក។

ដូច្នេះសហរដ្ឋអាមេរិកគួរតែបង្កើតគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីលើកកម្ពស់ និងពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់សហរដ្ឋអាមេរិក-អាស៊ានហើយគួរតែស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដើម្បីធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ទី ៣ ៖ របាយការណ៍ e-Conomy SEA 2020 របស់ក្រុមហ៊ុន Bain Google និង Temasek បានឱ្យដឹងថា «អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតចំនួន ៤០០ លាននាក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺជាអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតដែលភ្ជាប់តាមទូរស័ព្ទចល័តក្នុងចំនួនដ៏ច្រើនបំផុតនៅលើពិភពលោក»។ ដូចនៅសហរដ្ឋអាមេរិកដែរ វីរុស Covid-19 បានពង្រឹងនិងពន្លឿននូវការចាប់យកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។

ដូច្នេះ សហរដ្ឋអាមេរិកគួរតែចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលជាមួយបណ្តាប្រទេសអាស៊ានទាំងនេះ ដោយអាចប្រើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ជប៉ុន ជាឧទាហរណ៍។

ទី ៤ ៖ សកម្មភាពរបស់ចិនបានបង្កផលប៉ះពាល់ដល់ស្ថានភាពបច្ចុប្បន្ននៅសមុទ្រចិនខាងត្បូង ក៏ដូចជាសន្តិសុខនៅដែនសមុទ្រ នៅពេលដែលសម្ព័ន្ធមិត្តទាំង ២ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ហ្វីលីពីន និងថៃកំពុងចុះខ្សោយ។ ដូច្នេះ សហរដ្ឋអាមេរិកចាំបាច់ត្រូវតែ បង្កើតសម្ព័ន្ធមិត្តឱ្យបានទូលំទូលាយ ដើម្បីទប់ទល់នឹងការទាមទារដ៏គឃ្លើនរបស់ ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង។

ទី ៥ ៖ ក្រុមហ៊ុនអាមេរិកបានបង្ហាញនូវទំនោរតិចតួចក្នុងការបំពេញតម្រូវការរបស់អាស៊ានពាក់ព័ន្ធនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានទំហំទឹកប្រាក់ ២ ទ្រីលានដុល្លារក្នុងមួយឆ្នាំ។

ដូច្នេះ សហរដ្ឋអាមេរិកគួរតែពិចារណាក្នុងការនាំយកធនធានរបស់រដ្ឋាភិបាលដែលមានស្រាប់ ដើម្បីអនុវត្តគម្រោងសំខាន់ៗរបស់តំបន់នេះនៅក្នុងវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន និងវិស័យសំខាន់ៗផ្សេងៗទៀត។

ទី ៦ ៖ តំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលងាយរងគ្រោះបំផុតនៅលើពិភពលោក ដោយសារការប្រែប្រួលអាកាសធាតុ និងការកើនឡើង នូវឧស្ម័នផ្ទះកញ្ចក់។

ដូច្នេះ សហរដ្ឋអាមេរិកត្រូវតែផ្តោតការយកចិត្តទុកដាក់របស់ខ្លួនទៅលើបញ្ហានៃការប្រែប្រួលអាកាសធាតុ ដើម្បីកំណត់នូវការគំរាមកំហែងផ្នែកភូមិសាស្ត្រនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងគួរធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះ។

បញ្ហាប្រឈមចម្បងសម្រាប់សហរដ្ឋអាមេរិក គឺលទ្ធភាពក្នុងការដោះស្រាយបញ្ហាទាំងនេះប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលទំនាក់ទំនងពីមុនបានរងនូវភាពតានតឹង ហើយធនធានក៏មានកម្រិតកាន់តែតិចតួចដោយសារផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយវីរុសរាតត្បាត។

គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍ មិនគួរលើកឡើងអំពីរបៀបទប់ទល់នឹងប្រទេសចិននោះទេ ប៉ុន្តែគួរលើកឡើងអំពីរបៀបដែលសហរដ្ឋអាមេរិកអាចធ្វើការប្រកបដោយប្រសិទ្ធភាពនិងក្នុងលក្ខណៈពហុភាគីជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ៗ ទាំងនេះដែលអាចធ្វើឡើងតាមរយៈអាស៊ានបើសិនជាអាច និងក្នុងទម្រង់ជាទ្វេភាគីបើសិនជាចាំបាច់។ Asia Foundation

អត្ថបទទាក់ទង