ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ ណែនាំឱ្យបង្កើនការអភិវឌ្ឍសហគមន៍ និងអេកូទេសចរណ៍ នៅតំបន់ដែលមានសក្តានុពល ​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 79
ក្រសួងទេសចរណ៍ ណែនាំឱ្យបង្កើនការអភិវឌ្ឍសហគមន៍ និងអេកូទេសចរណ៍ នៅតំបន់ដែលមានសក្តានុពល ​ ក្រសួងទេសចរណ៍ ណែនាំឱ្យបង្កើនការអភិវឌ្ឍសហគមន៍ និងអេកូទេសចរណ៍ នៅតំបន់ដែលមានសក្តានុពល ​

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំឱ្យបង្កើនការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៅតំបន់ដែលមានសក្តានុពល ដើម្បីជាការទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តឱ្យបានកាន់តែច្រើន និងបង្កើតឱកាសការងារ រកប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ថ្លែងក្នុងឱកាសអបអរសាទរវេទិកាជាតិអេកូទេសចរណ៍លើកទី២ នៅសណ្ឋាគារសុខាសៀមរាប នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្ដរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានលើកឡើងថា ស្ថិតក្នុងបរិបទនៃការឆ្លងសកលជំងឺកូវីដ-១៩ កម្ពុជា និងពិភពលោកទាំងមូល បានទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច រួមទាំងចំនួនភ្ញៀវទេសចរអន្តរជាតិបានថយចុះយ៉ាងគំហុក ប៉ុន្តែអ្នកទេសចរណ៍ក្នុងស្រុកមានសន្ទុះកើនឡើង។

រដ្ឋមន្រ្តីរូបនេះបញ្ជាក់ថា ផ្អែកតាមស្ថានភាពនេះ ការលើកកម្ពស់វិស័យ ទេសចរណ៍នៅតាមសហគមន៍ជារឿងសំខាន់បំផុត ដែលជាផ្នែកមួយជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍។ លោកបន្តថា កម្ពុជាសម្បូរទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិនៅទូទាំងប្រទេស ដូច្នេះការអភិវឌ្ឍសហគមន៍ ទេសចរណ៍ ពិតជារឿងចាំបាច់ណាស់ តែក្នុងនោះអាជ្ញាធរក៏ត្រូវផ្តល់សិទ្ធិអំណាចទៅឱ្យសហគមន៍ ដើម្បីចាត់ចែង និងអភិវឌ្ឍន៍សហគមន៍ដោយផ្ទាល់។

ការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដែលមានចរិតយុទ្ធសាស្ត្រ និងនយោបាយ ពិតជាបានរួមចំណែកសំខាន់ក្នុងការអនុវត្តនៅតាមមូលដ្ឋាន ពិសេសជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្តល់សិទ្ធិអំណាចជូនពួកគាត់ក្នុងការរៀបចំចាត់ចែង និងអភិវឌ្ឍសហគមន៍របស់ខ្លួនដោយផ្ទាល់ ក្នុងដំណាក់កាលដ៏លំបាក នៃជំងឺកូវីដ-១៩ ចលនាទេសចរណ៍ផ្ទៃក្នុងទៅតំបន់អេកូទេសចរណ៍និងសហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេង មានសន្ទុះកើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូលដោយផ្ទាល់ជូនពលរដ្ឋនៅក្នុងសហគមន៍ ធ្វើឱ្យវិស័យទេសចរណ៍ មានភាពធន់នឹងវិបត្តិ រួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះចំនួន អ្នកទេសចរអន្តរជាតិ។

គួរជម្រាបផងដែរថា ទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ត្រូវបានចាត់ទុកថាជាសសរស្តម្ភក្នុងការធានាការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព។ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នេះ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួង គ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ តាមសេចក្តីសម្រេចលេខ១០០ សសរ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន រដ្ឋមន្ត្រីក្រសួងបរិស្ថានជាអនុប្រធានអចិន្ត្រៃយ៍ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាអនុប្រធាន និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងគណៈអភិបាលរាជធានីខេត្តជាសមាជិក៕

អត្ថបទទាក់ទង