ធនាគារជាតិនៃកម្ពុជា និង KOICA ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធរីធែលផេ ដើម្បីផ្ដល់ការទូទាត់ប្រកបដោយសុវត្ថិភាព និងឆាប់រហ័ស
ធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានប្រកាស “ការដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធរីធែលផេ” ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងជាឧបករណ៍ទូទាត់រហ័ស សម្រាប់ការទូទាត់ពាណិជ្ជកម្ម។ ការប្រកាសដាក់ឱ្យដំណើរការនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោក ផាក ហ៊ឹងខ្យង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងលោក នោ ហ្យន់ជូន (Rho HyunJun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា តំណាងមកពីសមាគមធនាគារនៅកម្ពុជា តំណាងមកពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារ និងមីក្រូហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ KOICA។
ក្នុងសេចក្ដីប្រកាសបានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា បានព្រមព្រៀងធ្វើការរួមគ្នាលើគម្រោងការពង្រឹងប្រព័ន្ធទូទាត់ជាតិក្នុងប្រទេសកម្ពុជា ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ដោយផ្តល់ជំនួយឥតសំណងចំនួន ៨ ០០០ ០០០ លានដុល្លារ (ប្រាំបីលានដុល្លារអាម៉េរិក) តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) សម្រាប់ការធ្វើផែនការ ការកំណត់អត្តសញ្ញាណ ការបញ្ជាក់ ការរចនា ការអនុវត្ត ការសាកល្បង និងការបង្កើតប្រព័ន្ធទូទាត់ចំនួន៣ រួមមាន ប្រព័ន្ធផ្ទេរមូលនិធិភ្លាមៗ(real-time fund transfer “RFT”) ប្រព័ន្ធទូទាត់ចល័ត(mobile payment system “MPS”) និងប្រព័ន្ធទូទាត់តាមរយៈQRកូដ (QR-code payment system “QPS”) ។ ទន្ទឹមនេះ វាក៏រួមបញ្ចូល ប្រព័ន្ធផាត់ទាត់អេឡិចត្រូនិក (electronic clearing system “ECS”) ផងដែរ។
ជាមួយគ្នានេះ ប្រព័ន្ធទូទាត់ថ្មី ឬ “ប្រព័ន្ធរីធែលផេ” ត្រូវបានបង្កើតឡើង ក្រោមការផ្តល់ជំនួយឥតសំណងពី KOICA គឺជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់ ដែលដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងជាឧបករណ៍ទូទាត់ដោយរហ័ស សម្រាប់ការទូទាត់ពាណិជ្ជកម្ម។ លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជា បាននិងកំពុងធ្វើការលើការអភិវឌ្ឍ ប្រព័ន្ធរីធែលផេ ដែលជាអាទិភាពមួយដើម្បីកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងជំរុញការប្រើប្រាស់ការទូទាត់តាមអេឡិចត្រូនិកក្នុងសេដ្ឋកិច្ច ក៏ដូចជាជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាម KOICA បានបន្ថែមថា តាមរយៈ“ប្រព័ន្ធរីធែលផេ”នៅពេលអ្នកផ្ញើប្រាក់ផ្ញើប្រាក់(រៀល ឬដុល្លារ)ដែលទៅធនាគារដោយផ្ទាល់ឬប្រើប្រាស់សេវាធនាគារចល័តលុយត្រូវបានដាក់ទៅក្នុងគណនីធនាគារ របស់អ្នកទទួលក្នុងរយៈពេលតែពីរបីវិនាទីប៉ុណ្ណោះ។ សេវាកម្មនេះបានអនុញ្ញាតឱ្យយើង បង់ថ្លៃឈ្នួល ថ្លៃថែទាំ និងវិក័យប័ត្រប្រើប្រាស់ ដែលកាត់បន្ថយហានិភ័យ នៃការបាត់បង់សាច់ប្រាក់ ឬចោរលួច៕