ខ្មែរប៉ុស្ដិ៍ Close

ការបង្កើត​មុខរបរ​ថ្មី​ឱ្យ​ពលរដ្ឋ​នៅ​តំបន់ការពារធម្មជាតិ​ នឹង​ធ្វើឱ្យ​ការអភិរក្ស​ព្រៃឈើ​មាន​ភាពប្រសើរឡើង​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 21
ការបង្កើត​មុខរបរ​ថ្មី​ឱ្យ​ពលរដ្ឋ​នៅ​តំបន់ការពារធម្មជាតិ​ នឹង​ធ្វើឱ្យ​ការអភិរក្ស​ព្រៃឈើ​មាន​ភាពប្រសើរឡើង​ ការបង្កើត​មុខរបរ​ថ្មី​ឱ្យ​ពលរដ្ឋ​នៅ​តំបន់ការពារធម្មជាតិ​ នឹង​ធ្វើឱ្យ​ការអភិរក្ស​ព្រៃឈើ​មាន​ភាពប្រសើរឡើង​

​គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួងបរិស្ថាន​ជា​សេនាធិការ ​បាននិងកំពុង​តែ​គ្រប់គ្រង​តំបន់​អភិរក្ស​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ការកសាង​របងរ​ស់រឹង​មាំ​នៅក្នុង​តំបន់ការពារធម្មជាតិ​ទាំងអស់ ហើយ​របង​រស់​ដែល​ក្រសួងបរិស្ថាន​បានគិត​នោះ​គឺ​ប្រជា​សហគមន៍ ដែល​កំពុង​រស់នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ និង​នៅក្នុង​តំបន់ការពារធម្មជាតិ​មួយចំនួន តាមរយៈ​ការ​ផ្តល់នូវ​ការគាំទ្រ​ទៅលើ​បច្ចេកទេស​ដូចជា ការចិញ្ចឹម​សត្វ ការដាំ​បន្លែបង្ការ​ផ្សេងៗ​ដើម្បី​បង្កើន​ចំណូល​គ្រួសារ​របស់​ពួកគាត់។ នេះ​ជាការ​ថ្លែង​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី ដែល​រៀបចំ​ដោយក្រសួងបរិស្ថាន និងអង្គការ WWF ពីថ្ងៃ​ទី​១៥ ​ដល់​ថ្ងៃទី​១៩ ​ខែមករា ​ឆ្នាំ​២០២១​។​

លោក នេត្រ ភក្ត្រា បាន​ថ្លែង​បន្ថែមថា គោលនយោបាយ​បង្កើត​មុខរបរ​ថ្មី​ឱ្យ​ពលរដ្ឋ​នេះ​មាន​ប្រសិទ្ធភាព​ពីព្រោះថា ប្រជាពលរដ្ឋ​ដែល​គាត់​រស់នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ​ និង​នៅក្នុង​តំបន់ការពារធម្មជាតិ​មួយចំនួន ភាគច្រើន​មុខរបរ​របស់គាត់​គឺ​ប្រមូល​អនុផល​ព្រៃឈើ ក៏ប៉ុន្តែ​មុខរបរ​របស់គាត់​ខ្លះ គឺ​ចូល​ព្រៃ​កាប់​ឈើ ចូល​ព្រៃ​បរបាញ់​សត្វ ដាក់​អន្ទាក់​ជាដើម ដែល​ការណ៍​ទាំងនេះ​ វា​បំផ្លិចបំផ្លាញ​ទៅលើ​ធនធានធម្មជាតិ។ ដូច្នេះ​ដើម្បី​ការពារ​ព្រៃឈើ​របស់​យើង ការពារ​សត្វព្រៃ​របស់​យើង នៅក្នុង​ព្រៃ​នេះ​ឱ្យបាន​គង់វង្ស នោះ​គឺ​ការបង្កើត​​ជម្រើស​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ បង្កើត​នូវ​មុខរបរ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ ហើយ​គាំទ្រ​ផ្នែក​បច្ចេកទេស និងបង្កើត​នូវ​ចំណូល​សម្រាប់​ពួកគាត់​។

រដ្ឋលេខាធិការ​រូបនេះ ​បាន​ថ្លែង​បញ្ជាក់ថា​ «​នៅក្នុង​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី ជា​ភូមិសាស្ត្រ​មួយ​ដែលមាន​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នេះ​គឹ​យើង​ពិតជា​ឃើញ​មាននូវ​ការ​វិ​វ​ត្តិ​ថ្មី​នៃ​គោលនយោបាយ​នេះ​គឺ ការទទួលបាន​នូវ​ផលប្រយោជន៍​ពី​ការអនុវត្ត​នេះ​គឺ​ប្រជាពលរដ្ឋ​គាត់​ផ្លាស់ប្តូរ​មុខរបរ​គាត់​មក​ដាំ​បន្លែ គាត់​មក​ប្រមូល​នូវ​អនុផល​ព្រៃឈើ​ដោយ​ការពារ​ព្រៃឈើ ការពារ​សត្វព្រៃ ជីវចម្រុះ​នៅក្នុង​ព្រៃ​នេះ ពួកគាត់ បានទទួល​ចំណូល​ច្រើន​»​។​

​ជាក់ស្តែង សហគមន៍​ការពារ​ធម្មជាតិ​អរ​បួន​លើ​ដែល​នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​ស្រែ​ពក គឺ​នៅក្នុង​មួយឆ្នាំ​គ្រាន់តែ​គាត់​ប្រមូល​នូវ​អនុផល​ព្រៃឈើ ​ដែល​នៅក្នុង​នោះ​មាន ជ័រចុង ទឹកឃ្មុំ ផ្សិត​ប៉ក់ ផ្សិត​ក្ងោក ឫស​ឈើ​សម្រាប់​ផ្សំ​ថ្នាំ និង​ផលិតផល​ផ្សេងៗ​ទៀត​ដែលជា​អនុផល​ព្រៃឈើ ដូចជា​បន្លែ​ធម្មជាតិ​ជាដើម​ក្នុងមួយឆ្នាំ​គាត់​បានរក​ចំណូល​ពី​អនុផល​ព្រៃឈើ​រហូតដល់​ ៣២១​លាន​រៀល​ ស្មើ​ប្រមាណ​ជាង​៨​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​

​លោក​បានឱ្យដឹងថា ទាំងនេះ​គឺជា​ថវិកា​ដែល​ប្រជា​សហគមន៍​ប្រមូលបាន​ពី​អនុផល​ព្រៃឈើ​នៅក្នុង​តំបន់ការពារធម្មជាតិ ហើយ​ចំណុច​មួយទៀតគឺ​ការបង្កើត​មុខរបរ​ថ្មី ដូចជា​ប្រជាពលរដ្ឋ​ដាំ​បន្លែបង្ការ ​ម្ទេស ប៉េងប៉ោះ ស្បៃ​ក្តោប ត្រប់ និងផលិតផល​បន្លែបង្ការ​ផ្សេងៗ​ទៀត ដែលបានផ្តល់​ចំណូល​ឱ្យ​ពួកគាត់​។ «​នេះ​ជា​ចំណុច​មួយ​ដែល​យើង​ឃើញថា កិច្ចការងារ​នៅក្នុង​ការពង្រឹង​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​នេះ​គឺ​បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ពួកគាត់ ហើយ​ខ្ញុំ​បាន​ជួប​ជាមួយ​ប្រជាកសិករ​អម្បាញ់មិញ​ដែល​គាត់​បាន​ប្រកបមុខរបរ​ដាំ​បន្លែ ដាំ​បង្ការ​នេះ ពីមុនមក​គាត់​ជា​អ្នក​ចូល​ព្រៃ​កាប់​ឈើ ចូល​ព្រៃ​ដាក់​អន្ទាក់ ហើយ​គាត់​បាន​ប្រាប់ថា ពេល​គាត់​ចូល​ព្រៃ​ដែល​បាន​ប្រព្រឹត្ត​ទង្វើ កាប់​ឈើ ដាក់​អន្ទាក់​នេះ គឺមាន​ការព្រួយបារម្ភ ពេលធ្វើ​មុខរបរ​នេះ មាន​អារម្មណ៍​ភិតភ័យ​ដោយសារតែ​ខ្លាច​ត្រូវ​ប្រឈម​ជាមួយនឹង​ការអនុវត្ត​ច្បាប់ ប៉ុន្តែពេល​ផ្លាស់ប្តូរ​របរ គាត់​បាន​បញ្ជាក់ថា អារម្មណ៍​របស់គាត់​គឺ​សប្បាយរីករាយ គាត់​មាន​សុវត្ថិភាព​ផ្លូវចិត្ត ផ្លូវកាយ​របស់គាត់ ហើយ​គាត់​មានឱកាស​ក្នុងការ​រស់នៅ​ជួបជុំ​គ្រួសារ​ហើយ​ប្រកបមុខរបរ ហើយ​គាត់​ថែមទាំង​មាន​ចំណូល​ប្រចាំថ្ងៃ ប្រចាំខែ​របស់គាត់​ទៀត​»​។​

​កសិករ​ដាំ​បន្លែ​បានឱ្យដឹងថា ពេលដែល​គាត់​ប្រកបមុខរបរ​កាប់​ឈើ គាត់​ពុំមាន​ថវិកា​ទេ សូម្បីតែ​កូន​ទៅ​រៀន​ក៏​អត់​មាន​លុយ​ឱ្យ​កូន​ទៅ​រៀន​ដែរ អ៊ីចឹង​ពេល​គាត់​ប្រកបមុខរបរ ដាំ​បន្លែ ដាំ​បង្ការ ប្រចាំឆ្នាំ​របស់គាត់ ដាំ​ឆ្លាស់​រដូវ​គ្នា ឆ្លាស់​ប្រភេទ​នៃ​បន្លែ គាត់​ចាប់ផ្តើម​នៅសល់​លុយ គាត់​អាច​សន្សំ​ប្រា​ក់បាន ហើយ​គាត់​មាន​លុយ​គ្រប់គ្រាន់​នៅក្នុង​ការផ្គត់ផ្គង់​ការសិក្សា​រៀនសូត្រ​របស់​កូនៗ​គាត់​ថែមទៀត​។​

​លោក ងី​ម ឡា​ប៉េ កសិករ​គំរូ នៅ​សហគមន៍​ការពារ​ធម្មជាតិ​ភូមិ​អរ​បួន ឃុំ​អរ​បួន ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​និយាយថា ការដាំ​បន្លែ​ជួនកាល​មាន​ខុស​មាន​ត្រូវ ប៉ុន្តែ​មាន​ចំណូល​ទៀងទាត់ បាន​តិច​បាន​ច្រើន​ទៅតាម​ខែ​ណា​ដាំ​បានល្អ អាច​កើន​ខ្ពស់ ខែ​ណា​ដាំ​មិន​បានល្អ​ដោយសារ​សត្វល្អិត​ស៊ី​ជាដើម វា​កាត់បន្ថយ​ចំណូល ប៉ុន្តែ​លោក​មិន​ខ្វះខាត​ទេ អាច​ផ្គត់ផ្គង់​គ្រួ​សារបាន​គ្រប់គ្រាន់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ខុសពី​របរ​រក​ឈើ​មួយថ្ងៃ​កាត់ មួយថ្ងៃ​កោរ ជួនកាល មួយខែ​លួច​ដឹក​បានតែ​ពីរ​ជើង​ហើយ​ខកខាន ភ័យខ្លាច​អាជ្ញាធរ​អនុវត្ត​ច្បាប់ និងជួប​បញ្ហា​ជាច្រើន​ទៀត​។​

​បើតាមលោក នេត្រ ភក្ត្រា នេះ​ជា​ភាពជោគជ័យ​នៃ​ការបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន ហើយ​សម្រាប់​ក្រសួងបរិស្ថាន​ដែលមាន​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​ដែលមាន​តួនាទី​ភារកិច្ច នៅក្នុង​ការសម្របសម្រួលទៅលើ​ការងារ​នៃ​តំបន់ការពារធម្មជាតិ ដែលមាន​ប្រជា​សហគមន៍​រស់នៅ ក៏ដូចជា​ផ្តល់នូវ​ប្រភេទ​ពូជ​សត្វ ពូជ​រុក្ខជាតិ​ដើម្បីឱ្យ​ពួកគាត់​ដាំ​ដើម្បី​ទទួលបាន​ផល។ ក្រៅពីនោះ​ ក្រសួងបរិស្ថាន ក៏បាន​សហការ​ជាមួយ​អង្គការ​ដៃគូ ដូចជា អង្គការ​នៅក្នុង​ខេត្តមណ្ឌលគិរី​នេះ គឺ​អង្គការ​ WWF អង្គការ WCS​ ជាដើម ដែល​បានធ្វើ​សកម្មភាព នៅក្នុង​ការបណ្តុះបណ្តាល​ប្រជាពលរដ្ឋ ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ឱ្យមាន​ជម្រើស​ថ្មី​ក្រៅ​អំពី​មុខរបរ​ចូល​ព្រៃ​កាប់​ឈើ ហើយ​ទិសដៅ​សំខាន់​គឺ​ក្រសួងបរិស្ថាន​ចង់​លុបបំបាត់ កាត់បន្ថយ​នូវ​មុខរបរ​នេះ ឱ្យបាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​កាន់តែខ្លាំង​ថែមទៀត បន្ថែម​ពីលើ​ការអនុវត្ត​ច្បាប់​គឺ​ការផ្តល់​នូវ​មុខរបរ ការដាំ​បន្លែបង្ការ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ការចិញ្ចឹម​សត្វ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ស្រប​ពេលដែល​ប្រទេស​កម្ពុជា​កំពុង​រីកចម្រើន​ទៅមុខ តម្រូវការ​បន្លែ​ទីផ្សារ​ក៏មាន​ភាពចាំបាច់​ដែល​ត្រូវការ​ជំរុញ​បន្ថែម លើ​ការដាំដុះ​នៅក្នុង​ស្រុក ហើយ​ការដាំដុះ​នេះ​ពិតជា​អាច​ចូលរួមចំណែក​ដ៏​សំខាន់​នៅក្នុង​ការផ្លាស់ប្តូរ​ជីវភាព​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់ការពារធម្មជាតិ និង​ធ្វើឱ្យ​ការ ការពារ​តំបន់ការពារធម្មជាតិ​របស់​យើង​មាន​ប្រសិទ្ធភាព​៕

អត្ថបទទាក់ទង