ជ្រូកខេត្តកំពង់ស្ពឺ អាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងខេត្ដ និងអាចនាំចេញទៅរាជធានី-ខេត្ដ ផ្សេងទៀត
ជ្រូកខេត្តកំពង់ស្ពឺអាចផ្គត់ផ្គង់តម្រូវការក្នុងខេត្ដ និងអាចនាំចេញទៅរាជធានី-ខេត្ដ ផ្សេងទៀត ខណៈដែលខេត្ដនេះជាប់ចំណាត់ថ្នាក់លេខ១ក្នុងការចិញ្ចឹមជ្រូកយកសាច់។
លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកំពង់ស្ពឺ បានប្រាប់ វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុងមួយឆ្នាំៗ ខេត្ដកំពង់ស្ពឺបានផ្គត់ផ្គង់ជ្រូកនៅលើទីផ្សារក្នុងខេត្ដ ចំនួនប្រមាណ៤៨,០០០ក្បាល (បួនម៉ឺនប្រាំបីពាន់) និងទៅបណ្ដារាជធានី-ខេត្ដផ្សេងទៀត ចំនួនប្រមាណ២១,៧៤០ក្បាល(ពីរម៉ឺនមួយពាន់ប្រាំពីររយសែសិប) ដែលគិតជាទឹកប្រាក់ ចំនួន១៣៥.៩០០.០០០ដុល្លារអាមេរិក(មួយរយសាមសិបប្រាំលានប្រាំបួនសែនដុល្លារ) ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ការនាំចេញសាច់ជ្រូកនេះ មានដូចជាទៅរាជធានី ភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង និងខេត្ដផ្សេងៗទៀតដែលមានការចិញ្ចឹមតិចតួច ហើយសាច់ជ្រូកគឺធានាគុណភាពល្អ និងជាប់លំដាប់ទី១។
ជាមួយគ្នានេះមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ នឹងខិតខំបង្កើនការបណ្ដុះបណ្ដាលបច្ចេកទេស ចិញ្ចឹមសត្វជូនដល់ប្រជាពលរដ្ឋ និងអ្នកដែលមានបំណងចិញ្ចឹមបន្ថែមទៀត ដើម្បីឱ្យ ពួកគាត់អាចយកទៅពង្រីកអាជីវកម្មចិញ្ចឹមជ្រូកនេះឱ្យកាន់តែច្រើន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្ដកំពង់ស្ពឺចិញ្ចឹមជ្រូកបានចំនួន២៨៦,១៦៨ក្បាល (ពីរសែនប្រាំបីម៉ឺនប្រាំមួយពាន់មួយរយហុកសិបប្រាំបី) ក្នុងនោះ ចិញ្ចឹមជាកសិដ្ឋាន ចំនួន២៦៤,៤២៨ក្បាល(ពីរសែនប្រាំមួយម៉ឺនបួនពាន់បួនរយម្ភៃប្រាំបី) និង ចិញ្ចឹមជា លក្ខណៈគ្រួសារចំនួន២១,៧៤០ក្បាល(ពីរម៉ឺនមួយពាន់ប្រាំពីររយសែសិប) ៕