ខ្មែរប៉ុស្ដិ៍ Close

មន្ទីរកសិកម្មខេត្តឧត្តរមានជ័យគ្រោងចែកពូជត្រី កង្កែប និងមាន់ ដល់កសិករ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 31
មន្ទីរកសិកម្មខេត្តឧត្តរមានជ័យគ្រោងចែកពូជត្រី កង្កែប និងមាន់ ដល់កសិករ មន្ទីរកសិកម្មខេត្តឧត្តរមានជ័យគ្រោងចែកពូជត្រី កង្កែប និងមាន់ ដល់កសិករ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យ សហការជាមួយគម្រោងអង្គការដៃគូនានា គ្រោងផ្តល់ជូនពូជមាន់ ត្រី និងកង្កែប ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើ។

លោកសូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ធ្វើឱ្យវិស័យកសិកម្មបានដើរតួនាទីឈានមុខគេ ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ លោកបន្តថា ដើម្បីចូលរួមចំណែកឱ្យមានភាពល្អ ប្រសើរក្នុងជីវភាពប្រចាំថ្ងៃរបស់កសិករ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសហការជាមួយគម្រោងអង្គការដៃគូជាច្រើន ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងសម្ភារកសិកម្ម។ ជាពិសេស នៅដើមខែកក្កដា ខាងមុខនេះ មន្ទីរបានសហការជាមួយអង្គការជីអាយហ្សិត(Giz)ផ្តល់ជូននូវពូជមាន់ កង្កែប ពូជត្រី និងសម្ភារមួយចំនួនទៀត ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួនប្រមាណ៩០០គ្រួសារបន្ថែមទៀត។

លោកបន្តថា ដោយសារបច្ចេកវិទ្យាចេះតែមានភាពជឿនលឿន បច្ចុប្បន្នមន្ទីរកសិកម្មខេត្តមានលទ្ធភាពក្នុងការបង្កាត់ពូជត្រីជាច្រើនដោយខ្លួនឯង ដូច្នេះកសិករមិនចាំបាច់ត្រូវចំណាយថវិកា ច្រើន ដើម្បីទិញពូជត្រីមកពីខាងក្រៅ យកមកចិញ្ចឹមឡើយ។បន្ថែមពីនេះ ក៏មានមន្ត្រីជំនាញកសិកម្មចុះជួយគាំទ្រផ្នែកបច្ចេកទេសចិញ្ចឹមដល់កសិករទៀតផង។

យើងគាំទ្រលើកសិករដែលកំពុងជួបបញ្ហាខ្វះខាត ក្នុងដំណាក់កាលនៃកូវីដ-១៩ យើងគាំទ្រ៣គម្រោងធំៗ ដែលសហការគ្នាជាមួយអង្គការGizលើការចិញ្ចឹមមាន់ ត្រីអណ្តែងនិងកង្កែប ទំហំប្រមាណជា៩០០គ្រួសារ ត្រីអណ្តែងនិងកង្កែប ចិញ្ចឹមតែមួយខែគាត់បានហូបហើយ គាត់អត់ បារម្ភរឿងខ្វះស្បៀងទេ យើងអនុវត្តឆាប់ៗនេះក្នុងដើមខែ៧ យើងអនុវត្តហើយ យើងគាំទ្រត្រីអណ្តែងពូជ៥០០ក្បាល មានចំណី តង់សម្រាប់ចិញ្ចឹម ព្រោះឥឡូវយើងចិញ្ចឹមត្រីអណ្តែងតាមផ្ទះបាន មិនបាច់ចិញ្ចឹមក្នុងបឹងទេ។

សូមជម្រាបផងដែរថា ខណៈដែលវិបត្តិនៃជំងឺកូវីដ-១៩ កំពុងរីករាលដាលនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បី ចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយៈការពង្រឹង និងពង្រីកសកម្មភាព ចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ដាំដំណាំ និងបន្លែបង្ការជាលក្ខណៈគ្រួសារ ដើម្បីបង្កើនចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនទៀត កំពុងប្រឈមបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩៕

អត្ថបទទាក់ទង