ខ្មែរប៉ុស្ដិ៍ Close

ធនាគារពិភពលោក សម្រេចផ្តល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់ជួយដល់ការអប់រំក្នុងកម្រិតឧត្តមសិក្សា ​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ ឯកសារ 40

(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិ របស់ធនាគារពិភពលោក (World Bank) បានអនុម័តហិរញ្ញប្បទាន ក្នុងទឹកប្រាក់ចំនួន ៩០លានដុល្លារអាមេរិក ដល់គម្រោងមួយ ដែលសំដៅជួយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្កើនគុណភាពឧត្តមសិក្សា និងការងារស្រាវជ្រាវ និងបង្កលទ្ធភាពដល់សិស្សក្រីក្រ ឲ្យទទួលបានការអប់រំ នៅថ្នាក់ឧត្តមសិក្សា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានដកស្រង់សំដីរបស់លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយថ្លែងស្វាគមន៍នូវការគាំទ្រ របស់ធនាគាពិភពលោក សម្រាប់ឧត្តមសិក្សា និងការងារស្រាវជ្រាវ ដែលស្របគ្នាល្អណាស់ ជាមួយនឹងបណ្តាអាទិភាព នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ របស់កម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មាន លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា «គម្រោងនេះ នឹងជួយយើងក្នុងការឈានទៅ បង្កើតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយ សម្រាប់ការអភិវឌ្ឍឧត្តមសិក្សា ដើម្បីជួយឲ្យនិស្សិតកម្ពុជា ដែលបញ្ចប់ការសិក្សា មានសមត្ថភាពអាចឆ្លើយតប ទៅនឹងតម្រូវការកាន់តែខ្លាំងឡើង របស់ទីផ្សារការងារ និងឱកាសកាន់តែច្រើន សម្រាប់ធ្វើការចល័តទី និងផ្ទេរបច្ចេកវិទ្យា នៅក្នុងរង្វង់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងលើសពីតំបន់នេះទៅទៀត»

រយៈពេល៦ឆ្នាំខាងមុខ គម្រោងបង្កើនសមត្ថភាពស្ថាប័នឧត្តមសិក្សា (Higher Education Institutions Capacity Improvement Project) និងជួយបង្កើនគុណភាពអប់រំ និងការ ស្រាវជ្រាវ នៅតាមស្ថាប័នឧត្តមសិក្សា ដែលជាគោលដៅ ហើយបង្កើនឱកាសឲ្យទទួលបានការសិក្សា នៅឧត្តមសិក្សា និងជួយបង្កើនអភិបាលកិច្ច នៅក្នុងវិស័យនេះផងដែរ។

ធនាគារពិភពលោកបានបញ្ជាក់ថា គម្រោងនេះ នឹងជួយគាំទ្រដល់គោលដៅ នៃគោលនយោបាយការអភិវឌ្ឍឧស្សាហកម្ម តាមរយៈសកម្មភាពធំៗ ចំនួនប្រាំរួមមាន៖

  • ផ្តល់មូលនិធិសម្រាប់ការងារសិក្សាស្រាវជ្រាវ ក្នុងមុខវិជ្ជាអាទិភាពនានា។
  • ពង្រីកចំនួនបន្ទប់សិក្សា និងមន្ទីរពិសោធន៍។
  • សង់និវេសនដ្ឋានសម្រាប់និស្សិតក្រីក្រស្នាក់នៅ (និស្សិតដែលមកពីគ្រូសារក្រីក្រ និងពីតំបន់ដាច់ស្រយាល ក៏ដូចជានិស្សិតស្រ្តីផងដែរ)។​
  • ពង្រឹងប្រព័ន្ធធានាគុណភាព និងប្រព័ន្ធព័ត៌មាន និងធ្វើការជាមួយដៃគូរអន្តរជាតិ ក្នុងការកែលម្អកម្មវិធី និងវិធីសាស្ត្របង្រៀន នៅក្នុងមុខវិជ្ជាជាអាទិភាព។
  • ការសង់និវេសនដ្ឋានសិស្សនឹងសាងសង់នៅរាជធានាភ្នំពេញ និងការពង្រីកអាគារសិក្សាឬហេដ្ឋារចនាសម្ព័ន្ធស្ថាប័នឧត្តមសិក្សាចំនួនពីរ គឺក្នុងខេត្តបាត់ដំបង និងខេត្តស្វាយរៀង។

លោកស្រី អ៊ីហ្គូណា ដូបា្រចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាបានថ្លែងថា «ការកសាងសមត្ថភាពស្រាវជ្រាវ មានគុណភាពខ្ពស់មួយ និងការត្រៀមឲ្យនិស្សិត ដែលបញ្ចប់ការសិក្សានៅឧត្តមសិក្សា ទៅមានជំនាញខ្ពស់ គឺជាអាទិភាពមួយសម្រាប់កម្ពុជា និងធនាគារពិភពលោក។ ការចាប់ផ្តើមសកម្មភាពពីពេលនេះតទៅ អាចជួយកម្ពុជាមានភាពឈានមុខក្នុងទុនមនុស្ស និងពង្រឹងប្រសិទ្ធភាពនៅក្នុងឧត្តមសិក្សា»

លោកស្រី បានថ្លែងបន្ថែមទៀតថា «គម្រោងនេះ នឹងជួយបន្តនូវសមិទ្ធផលនានា ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបាននាពេលកន្លងមក ក្នុងការកសាងសមត្ថភាពរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការ របស់ទីផ្សារដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័ស»

ប្រភព៖ FreshNews

អត្ថបទទាក់ទង