ខ្មែរប៉ុស្ដិ៍ Close

ទោះបីជួបវិបត្តិកូវីដ-១៩, អគ្គនាយកដ្ឋានពន្ធដារ នៅតែអាចប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ២ ៨៨៩លានដុល្លារ កើន៣.៧៣% នៅឆ្នាំ២០២០

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 53
ទោះបីជួបវិបត្តិកូវីដ-១៩, អគ្គនាយកដ្ឋានពន្ធដារ នៅតែអាចប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ២ ៨៨៩លានដុល្លារ កើន៣.៧៣% នៅឆ្នាំ២០២០ ទោះបីជួបវិបត្តិកូវីដ-១៩, អគ្គនាយកដ្ឋានពន្ធដារ នៅតែអាចប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ២ ៨៨៩លានដុល្លារ កើន៣.៧៣% នៅឆ្នាំ២០២០

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២០ ព្រមទាំងលទ្ធផលការងារសំខាន់ៗ សម្រេចបានក្នុងឆ្នាំ២០២០ និងវិធានការសំខាន់ៗសម្រាប់អនុវត្តបន្តក្នុងឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែធ្នូ ឆ្នាំ២០២០ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា សរុបរយៈពេល ១២ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១១ ៧០០.៥២ប៊ីលានរៀល (ប្រមាណជា ២ ៨៨៩.០២លានដុល្លារអាមេរិក) ស្មើនឹង១០១.៣៦% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករប្រមូលបានក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន ៤២៣.២០ ប៊ីលានរៀល (ប្រមាណជា ១០៤,៤៩ លានដុល្លារអាមេរិក) ស្មើនឹង ៣.៧៣% ទោះក្នុងស្ថានភាពសេដ្ឋកិច្ចសាកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាពប្រាកដប្រជា ជាពិសេស មានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក គង់ វិបុល បានបញ្ជាក់ថា លទ្ធផលជាទីមោទនៈនេះ គឺមិនអាចកាត់ផ្តាច់ចេញពី ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញនិងមានប្រសិទ្ធិភាពខ្ពស់ក្នុងឆ្នាំ២០២០ កន្លងមក និងក្រោមការដឹកនាំចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ និងការដាក់ផែនការយ៉ាងមុតស្រួចរបស់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លទ្ធផលការងារសំខាន់ៗសម្រេចបានក្នុងឆ្នាំ២០២០ ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបានមានដូចខាងក្រោម៖
* បានធ្វើបច្ចុប្បន្នភាពនិងកែសម្រួលប្រកាសស្ដីពីពន្ធលើប្រាក់ចំណេញដែលមានអាយុកាលប្រមាណ ១៧ឆ្នាំ តាមរយៈការដាក់ចេញនូវ ប្រកាសស្ដីពីពន្ធលើប្រាក់ចំណូល ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងដោះស្រាយបញ្ហាប្រឈមនានាលើកឡើងដោយវិស័យឯកជន។

* បានធ្វើការកែទម្រង់ការគ្រប់គ្រង ប្រមូលបំណុលពន្ធដារ តាមរយៈការដាក់ចេញនូវប្រកាសស្ដីពីការគ្រប់គ្រងបំណុលពន្ធដារ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ដោះស្រាយបញ្ហាប្រឈម ផ្ដល់ភាពច្បាស់លាស់និងត្រឹមត្រូវក្នុងការកត់ត្រាតាមដានឥណទេយ្យពន្ធ និងអ្នកជាប់ពន្ធងាយស្រួលតាមដាន និងអនុវត្តកាតព្វកិច្ចសារពើពន្ធ។

* បានដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) ដោយភ្ជាប់ជាមួយមុខងារទូទាត់ប្រាក់ពន្ធតាមរយៈប្រព័ន្ធអេទ្បិចត្រូនិក និងប្រព័ន្ធធនាគារ ដើម្បីពង្រឹងនូវប្រសិទ្ធភាព តម្លាភាព និងសុក្រឹតភាពនៃការគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ ព្រមទាំងជាការផ្ដល់ភាពងាយស្រួល ជូនអ្នកជាប់ពន្ធដោយកាត់បន្ថយពេលវេលា និងបញ្ហាប្រឈមផ្សេងៗក្នុងការបំពេញ ការដាក់លិខិតប្រកាស និងការទូទាត់ប្រាក់ពន្ធ។

* បានចូលរួមរៀបចំនិងអនុវត្តនូវយន្តការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (IT Platform) និងបានពង្រឹងយន្តការចុះបញ្ជីពន្ធដារ តាមរយៈប្រកាសស្តីពីការចុះបញ្ជីពន្ធដារនិងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ ។

* បានចូលរួមរៀបចំនិងអនុវត្តប្រកាសអន្តរក្រសួងលេខ ២៦៤ ប្រក.សក.ដជគ ស្តីពីបែបបទនិងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត រវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលផ្តល់នូវយន្តការផ្ដល់សេវាបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ ដោយផ្តល់ជម្រើសបន្ថែមជូនប្រជាពលរដ្ឋអាចដាក់ពាក្យនិងបង់ប្រាក់ពន្ធតាមប្រព័ន្ធអនទ្បាញ។

* បានដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធស្វ័យប្រវត្តិកម្មចែករំលែកទិន្នន័យ-ព័ត៌មាន រវាងអគ្គនាយកដ្ឋានពន្ធដារនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
* បានចូលរួមរៀបចំ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងផ្នែកពន្ធដារ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩។

* បានដាក់ឱ្យអនុវត្តនូវគោលការណ៍នៃកម្មវិធីកែទម្រង់ធនធានមនុស្ស ជាពិសេសគោលការណ៍កំណត់ចំណាត់ថ្នាក់ នៃកម្រិតប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការទទួលខុសត្រូវរបស់ប្រធានអង្គភាព (Merit and Demerit System)។

* បានបន្តធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាពក្នុងការផ្ដល់សេវាជូនអ្នកជាប់ពន្ធ ដោយក្នុងឆ្នាំ២០២០ បានអភិវឌ្ឍប្រព័ន្ធចំនួន ១៨ កម្មវិធីចំនួន ៤ និងបានធ្វើបច្ចុប្បន្នភាពប្រព័ន្ធនិងកម្មវិធីចំនួន ២៣ ហើយគិតចាប់ពីឆ្នាំ ២០១៤ – ២០២០ មានប្រព័ន្ធនិងកម្មវិធីដែលបានអភិវឌ្ឍសរុបចំនួន ៨៦។

* បានរួមចំណែកអនុវត្តដោយជោគជ័យនិងប្រសិទ្ធភាពសម្រាប់ផែនការឆ្នាំ ២០២០ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។

* ក្នុងបដិការណ៍នៃស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាពប្រាកដប្រជា ជាពិសេស ការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ ១៩ បានអនុវត្តការគ្រប់គ្រងប្រមូលចំណូលគ្រប់ និងលើសផែនការច្បាប់់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២០ និងបានចូលរួមរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។

* បន្តជំរុញបញ្ចប់ការរៀបចំធ្វើបច្ចុប្បន្នភាពច្បាប់ស្ដីពីសារពើពន្ធ ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ធានាភាពច្បាស់លាស់ ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព នីត្យានុកូលភាព និងសង្គតិភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។

* ត្រៀមអនុវត្តយន្តការគ្រប់គ្រងប្រមូល ចំណូលពន្ធលើវិស័យផលិតស្រាបៀរ ដោយកែសម្រួលការគ្រប់គ្រងប្រមូលចំណូលពន្ធ ដោយប្រើប្រាស់ឧបករណ៍ទំនើបស្វ័យប្រវត្តិ។

* បន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធលើវិស័យដែលនៅមានសក្តានុពល ដើម្បីធានាបាននូវតម្លាភាព និងមានភាពប្រកួតប្រជែង ជាអាទិ៍ វិស័យទូរគមនាគមន៍, វិស័យស្រាបៀរនិងភេសជ្ជៈ, វិស័យថ្នាំជក់និងបារី។

* បន្តធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងបំណុលពន្ធ ដែលនឹងកត់ត្រា និងរក្សាប្រវត្តិបំណុលពន្ធច្បាស់លាស់ មានការវិភាគនូវហានិភ័យបំណុលពន្ធត្រឹមត្រូវ និងផ្ដល់លទ្ធភាពខ្ពស់ដល់រដ្ឋបាលសារពើពន្ធ ក្នុងការគ្រប់គ្រងប្រមូលបំណុលពន្ធ។

* ត្រៀមដាក់ឱ្យប្រើប្រាស់នូវកម្មវិធីបង់ប្រាក់ពន្ធលើអចលនទ្រព្យតាមទូរសព្ទ ដែលនឹងផ្ដល់ភាពងាយស្រួលជូនអ្នកជាប់ពន្ធ ក្នុងការពិនិត្យព័ត៌មានអចលនទ្រព្យរបស់ខ្លួន និងបង់ពន្ធលើអចលនទ្រព្យតាមទូរសព្ទដៃតែម្ដង ។

* ត្រៀមដាក់ឱ្យអនុវត្តកម្មវិធីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមអនឡាញ ដែលនឹងផ្ដល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ អាចបង់ប្រាក់ពន្ធតាមអនឡាញ ហើយរដ្ឋបាលសារពើពន្ធនឹងបញ្ជូនលតាបត្រ បញ្ជាក់ការបង់ប្រាក់ពន្ធ ដល់គេហដ្ឋានរបស់អ្នកជាប់ពន្ធតែម្ដង។

* បន្តធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធី តាមរយៈការអភិវឌ្ឍនិងធ្វើបច្ចុប្បន្នភាពប្រព័ន្ធនិងកម្មវិធីថ្មីៗ ។

* បន្តពង្រឹងការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ព្រមទាំងកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ដោយធ្វើទ្បើងតាមកិច្ចប្រជុំ សិក្ខាសាលា វិបស្សនា ប្រព័ន្ធផ្សព្វផ្សាយនានា គេហទំព័រ ទំព័រទំនាក់ទំនងសង្គម និងការផ្សាយផ្ទាល់តាមអនទ្បាញពីមជ្ឈមណ្ឌលឆ្លើយតបតាមទូរសព្ទ (Call center) ជាពិសេសការរៀបចំកម្មវិធី «ពន្ធដារកម្ពុជា» ដោយមានការជួបជជែកជាមួយអ្នកជាប់ពន្ធផ្ទាល់ តាមប្រព័ន្ធបណ្ដាញសង្គម Facebook (GDT Facebook Live) ដើម្បីពន្យល់និងដោះស្រាយការលំបាក និងចម្ងល់របស់ប្រជាពលរដ្ឋ។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ ពីកម្លាំងកាយចិត្ត ជាពិសេស ក្នុងតំណាក់កាលលំបាក ដែលម្ខាងត្រូវអនុវត្តគ្រប់គ្រងប្រមូលចំណូលពន្ធ ឱ្យគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ហើយម្ខាងត្រូវចូលរួមអនុវត្តវិធានការទប់ស្កាត់ និងឆ្លើយតបនឹងវបត្តិជំងឺកូវីដ-១៩ និងអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការសម្រួលផ្នែកពន្ធដារជួយដល់វិស័យទទួលរងផលប៉ះពាល់ តាមរយៈការសម្រួល និងការអនុគ្រោះពន្ធចំពោះវិស័យរងផលប៉ះពាល់ធ្ងន់ធ្ងរ ក្នុងបដិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ-១៩ ដែលឆ្លើយតប និងរក្សានូវលំនឹងសង្គមនិងអាជីវកម្ម ក៏ដូចជាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងក្រុមជនងាយរងគ្រោះ។

សម្រាប់ឆ្នាំ ២០២១នេះ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានគាំទ្រលើវិធានការដែលបានដាក់ចេញរបស់អគ្គនាយកដ្ឋានពន្ធដារ និងបានផ្តល់អនុសាសន៍សំខាន់ៗ ជាទិសដៅអនុវត្តបន្តដូចខាងក្រោម៖

* ត្រូវយកចិត្តទុកដាក់ ពិនិត្យ និងសិក្សាលើលទ្ធភាពនៃការប្រមូលចំណូលដែលមានសក្តានុពលផ្សេងទៀត ដោយគិតគូរទាំងទិដ្ឋភាពចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ដើម្បីធានាបាននូវអនុលោមភាពសារពើពន្ធ និងការប្រមូលចំណូលឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនោះប្រភពចំណូលពីវិស័យ E-Commerce, វិស័យប្រេងកាតដែលជាសក្តានុពលថ្មី, វិស័យធនធនរ៉ែ ព្រមទាំងវិស័យដែលមានសក្តានុពលមួយចំនួនទៀត។

* រៀបចំកែសម្រួលបទប្បញ្ញតិក្នុងការកំណត់និយមន័យសហគ្រាសធុនតូចនិងមធ្យម និងជំរុញសម្រួលលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមមកក្នុងប្រព័ន្ធ ក្នុងគោលដៅជំរុញកំណើននិងបង្កើតជាកាលានុវត្តភាពសេដ្ឋកិច្ច។

* ពង្រឹងការចុះបញ្ជីពន្ធដារ និងជំរុញការបំពេញកាតព្វកិច្ចសារពើពន្ធសម្រាប់សហគ្រាសក្នុងវិស័យកាស៊ីណូ ដើម្បីធានាឱ្យបាននូវតម្លាភាពសារពើពន្ធ និងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យបានជាអតិបរមា ។

* បន្តអនុវត្តកំណែទម្រង់ស្ថាប័ន ទំនើបកម្មរដ្ឋបាលសារពើពន្ធ-ប្រព័ន្ធបច្ចេកវិទ្យព័ត៌មានដោយធានាយ៉ាងណាបង្កភាពងាយស្រួល (User Friendly) សម្រាប់អ្នកជាប់ពន្ធនិងមន្ត្រី ព្រមទាំងពង្រឹងអនុលោមភាពសារពើពន្ធ ដើម្បីជំរុញប្រសិទ្ធភាព និងភាពប្រទាក់ក្រឡាក្នុងការបំពេញបេសកកម្មគ្រប់គ្រងប្រមូលចំណូលពន្ធ ។

* បន្តអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ។

* បន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាពនូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Platform) ស្របតាមខ្លឹមសារអនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។

* ពង្រឹងនិងយកចិត្តទុកដាក់លើការធ្វើសវនកម្ម ស្របតាមខ្លឹមសារប្រកាសលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្តីពីសវនកម្មពន្ធដារ ដែលជាជញ្ជីងវាស់នូវអនុលោមភាពរបស់សហគ្រាស និងចៀសវាងការបង្កការលំបាកដល់អ្នកជាប់ពន្ធ ។

* បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌បង់ពន្ធ ពង្រឹងការផ្សព្វផ្សាយ និងអនុវត្តបទប្បញ្ញត្តិថ្មីពាក់ព័ន្ធនឹងពន្ធដារ ជូនដល់មន្ត្រីអនុវត្តផ្ទាល់ អ្នកជាប់ពន្ធ និងសាធារណជន ដើម្បីពន្យល់និងដោះស្រាយការលំបាកនិងចម្ងល់របស់ប្រជាពលរដ្ឋ។

* បន្តកិច្ចសហការ និងពិគ្រោះយោបល់ ជាមួយវិស័យពាក់ព័ន្ធ ដើម្បីទទួលយកធាតុចូលក្នុងការសិក្សារៀបចំ និងកែលម្អ បទប្បញ្ញត្តិពាក់ព័ន្ធចាំបាច់នានា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់ខ្ជាប់នូវ បាវចនា-គោលការណ៍ រួមក្នុងការបំពេញការងារក្នុងនោះ (១) កៀរគរប្រមូលឱ្យអ្នកជាប់ពន្ធចូលក្នុងប្រព័ន្ធរួមមួយ (២) ធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ (៣) រៀបចំប្រព័ន្ធការងារឱ្យលំបាកសម្រាប់ការគេចវេះពន្ធ និង (៤) ធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព សមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម៕

អត្ថបទទាក់ទង