ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកសារ 43
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់ អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧)។

ការសម្រេចនេះ ធ្វើឡើងដើម្បីរក្សាលំនឹងអាជីវកម្ម ខណៈដែលកម្ពុជាកំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា ការបន្ធូរបន្ថយ ការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់ អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax) រួមមាន៖

១. សម្រាប់កម្ចីថ្មី

  • ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ៥% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និង ការខ្ចីពីប្រទេស ដែលមិនមាន DTA) សម្រាប់ឆ្នាំ២០២១។
  • ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និងការខ្ចីពីប្រទេស ដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២២។
  • ពិនិត្យ និងកែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, ឲ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានវិញនៅឆ្នាំ២០២៣។

២. សម្រាប់កម្ចីចាស់

  • ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេស ដែលមាន DTA និងការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២១។
  • ពិនិត្យ និងកែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភេទខាងក្រៅ និងខាងក្នុងស្រុក, ឲ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានវិញ នៅឆ្នាំ២០២២។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប់ជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកលលោក, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានា ក្រោមក្របខណ្ឌផែនការយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ៕

អត្ថបទទាក់ទង