ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាគាំទ្រពេញទំហឹង នូវគំនិតផ្ដួចផ្ដើមរបស់អង្គការសហប្រជាជាតិ អំពីការបង្កើតមូលនិធិសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 33
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាគាំទ្រពេញទំហឹង នូវគំនិតផ្ដួចផ្ដើមរបស់អង្គការសហប្រជាជាតិ អំពីការបង្កើតមូលនិធិសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាគាំទ្រពេញទំហឹង នូវគំនិតផ្ដួចផ្ដើមរបស់អង្គការសហប្រជាជាតិ អំពីការបង្កើតមូលនិធិសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាគាំទ្រពេញទំហឹង នូវគំនិតផ្តួចផ្តើមរបស់អគ្គ លេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) អំពីការបង្កើតមូលនិធិ អ.ស.ប. សម្រាប់ការ ឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការរៀបចំស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ ដែលត្រូវបានដាក់ ចេញកាលពីដើមឆ្នាំនេះ ព្រមទាំងគាំទ្រយ៉ាងមុតមាំចំពោះតួនាទីរបស់ អ.ស.ប. និងអង្គការ សុខភាពពិភពលោក ក្នុងកិច្ចប្រឹងប្រែងជាសកល ចំពោះការឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងនេះ។

ក្នុងសុន្ទរកថាគន្លឹះថតទុកជាមុន ថ្លែងក្នុងសម័យប្រជុំពិសេស លើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» ថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា មកដល់បច្ចុប្បន្នជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលដល់គ្រប់ប្រទេស និងបានធ្វើឱ្យមនុស្សរាប់សែននាក់បាត់បង់ជីវិត ។ ក្នុងន័យនេះកម្ពុជាយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនគួរត្រូវបានប្រទេសណាមួយឆ្លៀតយកមកអនុវត្តន៍ជារបៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួននោះឡើយ។ ខណៈដែលជីវិតមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក កំពុងស្ថិតនៅក្នុងហានិភ័យ ការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈ និងបរិហាររបស់ពួកគេលើសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង គឺមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ។ ផ្ទុយទៅវិញ សាមគ្គីភាព និងឯកភាពគ្នាក្នុងតំបន់ និងជាសកល គឺជាធាតុសកម្មមិនអាចខ្វះបាន នៅក្នុងអំឡុងពេលនៃវិបត្តិបែបនេះ។

សម្ដេចតេជោគូសបញ្ជាក់បន្តថា ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកល បែបនេះ ទាមទារនូវការសម្រេចចិត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគី និយម និងការគោរពច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ទោះជារដ្ឋនោះ ធំ ឬ តូច មាន ឬ ក្រ ក៏ដោយៗមាន អ.ស.ប. និង អង្គការសុខភាពពិភពលោកជាស្នូល។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងសង្កត់ធ្ងន់ អំពីការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជា ចំពោះ តួនាទីរបស់ អ.ស.ប. និង អង្គការសុខភាពពិភពលោក ក្នុងកិច្ចប្រឹងប្រែងជាសកល ចំពោះ ការឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ។ លើសពីនេះទៀត កម្ពុជាក៏សូមគូសបញ្ជាក់ អំពីសារៈសំខាន់ និងភាពចាំបាច់បំផុតសម្រាប់ការធានាថា វ៉ាក់សាំងដែលត្រូវបានរកឃើញ គឺជាទំនិញសាធារណៈ និងមានចរិតសកល ដែលនឹងត្រូវបានផ្គត់ផ្គង់ និងចែកចាយក្នុងស្មារតីមនុស្សធម៌ ទៅដល់គ្រប់ប្រទេសទាំងអស់ ជាពិសេស ចំពោះប្រទេសដែលងាយរង-គ្រោះបំផុត។

សម្ដេចតេជោ ក៏បានលើកឡើងផងដែរថា ទោះបីជាវិបត្តិសុខភាពសាធារណៈនេះអាច នឹងបញ្ចប់ទៅនាពេលអនាគតខ្លីខាងមុខ ប្រទេសទាំងអស់ នឹងនៅតែត្រូវដោះស្រាយបន្តទៀតនូវបញ្ហាប្រឈម ក្នុងដំណាក់កាលនៃការស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ។ ជាការពិតជំនួយអាចជាចំណែកតូចមួយនៃការស្តារនេះ ក៏ប៉ុន្តែកត្តាដែលសំខាន់មិនអាចខ្វះបានគឺ ការបន្តរក្សាបាននូវយន្តការពហុភាគីនិយម សកលភាវូបនីយកម្មនិយម ពាណិជ្ជសរីភាវូបនីយកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ និង ពិភពលោក ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ ទេសចរណ៍អន្តរជាតិ និង ការធ្វើដំណើរជាទូទៅ៕

អត្ថបទទាក់ទង