ខ្មែរប៉ុស្ដិ៍ Close

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ប្រកាសបើកកម្មវិធីនវានុវត្តន៍បញ្ច្រាសដើម្បីបណ្តុះគំនិតការដោះស្រាយបញ្ហាប្រឈមក្នុងអាជីវកម្ម

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 49
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ប្រកាសបើកកម្មវិធីនវានុវត្តន៍បញ្ច្រាសដើម្បីបណ្តុះគំនិតការដោះស្រាយបញ្ហាប្រឈមក្នុងអាជីវកម្ម មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ប្រកាសបើកកម្មវិធីនវានុវត្តន៍បញ្ច្រាសដើម្បីបណ្តុះគំនិតការដោះស្រាយបញ្ហាប្រឈមក្នុងអាជីវកម្ម

ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាគ្រឹះស្ថានសាធារណរដ្ឋបាល ក្រោមអាណាព្យាបាលនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃប្រទេសកម្ពុជា ប្រកាសបើកកម្មវិធីដែលមានឈ្មោះថា នវានុវត្តន៍ បញ្រ្ចាស ( Reverse Innovation) ហៅកាត់ថា RI។

កម្មវិធីនវានុវត្តន៍បញ្រ្ចាស ជាកម្មវិធីដែលមានលំនាំថ្មីប្លែកនៅក្នុងប្រទេសកម្ពុជា ដោយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនដៃគូប្រកាសបញ្ហាប្រឈមនៅក្នុងក្រុមហ៊ុនរបស់ពួកគេ ដើម្បីស្វែងរកដំណោះស្រាយពីសិស្សនិស្សិត នវានុវត្តជន ធុរកិច្ចថ្មី និងក្រុមហ៊ុន។ ក្រុមហ៊ុនទាំងនោះ នឹងប្រកាសអំពីបញ្ហានោះនៅថ្ងៃធ្វើបទបង្ហាញបញ្ច្រាស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ តាមរយៈការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ។ បន្ទាប់មក អ្នកដែលមានចំណាប់អារម្មណ៍ក្នុងការដោះស្រាយ អាចដាក់ពាក្យតាមរយៈគេហទំព័ររបស់កម្មវិធី។

បន្ទាប់មកទៀត បេក្ខជនដែលបានជ្រើសរើស នឹងត្រូវ ឆ្លងកាត់វគ្គតម្រង់ទិសចំនួន ១៣ សប្តាហ៍។ កម្មវិធី នឹងជ្រើសរើសក្រុមជ័យលាភីចំនួន ៣ និងផ្តល់ប្រាក់រង្វាន់ជូន ក្រុមជ័យលាភីលេខ ១ ទទួលបានទឹកប្រាក់ ៤០ លានរៀល, លេខ ២ទទួលបានទឹកប្រាក់ ៣០ លានរៀលនិង ក្រុមជ័យលាភីលេខ ៣ ទទួលបានទឹកប្រាក់ ២០ លានរៀល។ ក្រៅពីប្រាក់រង្វាន់ជ័យលាភី ក្រុមដែលបានជ្រើសរើសចូលដំណាក់កាល RI នឹងទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗ មួយចំនួនដូចជា បុរេមូលនិធិបណ្តុះអាជីវកម្មចំនួន ៨ លានរៀល ការតម្រង់ទិសផ្នែកបច្ចេកទេស ការសាកល្បង ការ ទូទាត់ បែប ឌីជីថល ការប្រើប្រាស់ការិយាល័យរួមអំឡុងពេល RI និងការប្រើប្រាស់បច្ចេកវិទ្យាក្លោដផងដែរ។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ’ បានផ្តល់អនុសាសន៍ថា សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី កំពុងប្រកាន់ភ្ជាប់នូវនវានុវត្តន៍ និងបច្ចេកវិទ្យា ដើម្បីជាស្នូលក្នុងការអភិវឌ្ឍផលិតផលឬសេវាកម្មដែលជួយសម្រួលដល់ ជិវិតប្រចាំថ្ងៃរបស់មនុស្សជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារសំខាន់នៃឌីជីថលភាវូបនីយកម្មនៃសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី ដើម្បីពន្លឿនការលូតលាស់របស់ពួកគេក្នុងការរួមចំណែកទៅកាន់សេដ្ឋកិច្ចឌីជីថល។ដោយកម្មវិធីនេះមានលំនាំខុសប្លែកពីកម្មវិធីនវានុវត្តន៍ផ្សេងៗនៅក្នុងប្រទេសកន្លងមក ។

លោកបណ្ឌិត តាំង ងួនលី នាយកប្រត្តិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានមានអនុសាសន៍បន្ថែមទៀតថា “នវានុវត្តជន ធុរកិច្ចថ្មី រួមទាំងសិស្សនិស្សិត នឹងត្រូវបានផ្តល់ឱកាសក្នុងការប្រើប្រាស់ធនធាននិងជំនាញរបស់ក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហាសំខាន់ដែលកើត
មានឡើងក្នុងទីផ្សារ។ ពួកគេនឹងមានឱកាសធ្វើការរួមគ្នាជាមួយក្រុមហ៊ុនធំ ៗ និងបង្ហាញពីសក្តានុពលរបស់ពួកគេក្នុងការអភិវឌ្ឍផលិតផលដែលអាចទទួលបានការវិនិយោគបន្ថែមទៀតដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាក៏បានលើកឡើងថា “ យើងសង្កេតឃើញថា ចំនួនអ្នកប្រើប្រាស់មានការកើនឡើងជាលំដាប់ ស្ថាប័នហិរញ្ញវត្ថុកំពុងតែជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកែលម្អផលិតផលឬសេវាកម្មដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។” លោកបណ្ឌិតក៏បានបន្ថែមថា “ ជាធម្មតា ធនាគារ រៀបចំការស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងក្រុមការងាររបស់ក្រុមហ៊ុនផ្ទាល់។ តាមរយៈកម្មវិធី RI, ធនាគារ នឹងប្រើនីតិវិធីថ្មីក្នុងការរកដំណោះស្រាយដោយធ្វើការជាមួយអ្នកពាក់ព័ន្ធខាងក្រៅផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាជាក់លាក់នៃវិស័យហិរញ្ញវត្ថុ។ យើងទន្ទឹងរង់ចាំធ្វើការជាមួយនវានុវត្តជនដែលប្រើប្រាស់ គំនិតច្នៃប្រឌិត ជំនាញ និងស្មារតីសហគ្រិនភាពរបស់ពួកគេដើម្បីជួយផ្តល់ដំណោះស្រាយលើបញ្ហាប្រឈមរបស់យើង។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរបានសង្កត់ធ្ងន់ថា កម្មវិធីនវានុវត្តន៍បញ្រ្ចាស ជាគំនិតផ្តួចផ្តើមថ្មីមួយក្នុងការដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យហិរញ្ញវត្ថុ។ ម៉ូដែលដែលផ្អែកលើតម្រូវការជាក់ស្តែងនេះ នឹងជួយបដិវត្តន៍ដល់ប្រព័ន្ធអេកូឡូស៊ីនៃបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ដំណោះស្រាយអាជីវកម្មប្រកបដោយនវានុវត្តន៍ ការបង្កើតធុរកិច្ចថ្មី និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងចំណោមអ្នកពាក់ព័ន្ធ។

កម្មវិធីនវានុវត្តន៍បញ្រ្ចាសហៅកាត់ថា RI នេះ ត្រូវបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងមានការសហការរៀបចំដោយ សមាគមធនាគារនៅកម្ពុជា និងសហគ្រិនខ្មែរ។ លើសពីនេះទៀត កម្មវិធីនេះបានទទួលការឧបត្ថម្ភពី ការិយាល័យឥណទានកម្ពុជា, ធនាគារអេស៊ីលីដា ភីអិលស៊ី, និងធនាគារឯកទេស វីង(ខេមបូឌា) ។ លើសពីនេះទៀត កម្មវិធីក៏មានការគាំទ្រពីក្រុមហ៊ុនដៃគូមួយចំនួនដូចជា ធនាគារ ABA ក្រុមហ៊ុន អាយជីធិក និងក្រុមហ៊ុន Bongloy ទៅលើការតម្រង់ទិស និងការប្រើប្រាស់ការទូទាត់ប្រាក់តាមឌីជីថល៕

អត្ថបទទាក់ទង