ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលចិនផ្តល់សម្ភារនិងបរិក្ខារជួយកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 42
រដ្ឋាភិបាលចិនផ្តល់សម្ភារនិងបរិក្ខារជួយកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ រដ្ឋាភិបាលចិនផ្តល់សម្ភារនិងបរិក្ខារជួយកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ

ក្រសួងបរិស្ថាន បានឱ្យដឹងថា រដ្ឋាភិបាលប្រទេសចិន បានផ្តល់នូវសម្ភារ និងបរិក្ខារ ដែលកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា សម្ភារ និងបរិក្ខារទាំងនោះមានដូចជា៖ អំពូលសូឡាចំនួន២.៨០០គ្រឿង, អំពូលផ្ទាំងសូឡាចំនួន២០០កំផ្លេ, និងម៉ូតូអគ្គិសនីចំនួន២០០គ្រឿង។ សម្ភារ និងបរិក្ខារទាំងនេះ ត្រូវបានដឹកមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយនឹងត្រូវបំពាក់តាមសាលារៀន និងទីសាធារណៈ។

ឯកឧត្តម បានឱ្យដឹងថា ជំនួយជាសម្ភារ និងបរិក្ខារ សម្រាប់ជួយកាត់បន្ថយការបញ្ចេញកាបូនទាំងនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម មានប្រសាសន៍ថា «តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថានលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព»៕

អត្ថបទទាក់ទង