ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរាជទូត​ជប៉ុន​៖ ក្រសួងផែនការ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត និង​ផ្ដល់នូវ​ប្រភព​ទិន្នន័យ​មួយ​ដែល​បានមកពី​ការធ្វើជំរឿន សម្រាប់​ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 66
ឯកអគ្គរាជទូត​ជប៉ុន​៖ ក្រសួងផែនការ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត និង​ផ្ដល់នូវ​ប្រភព​ទិន្នន័យ​មួយ​ដែល​បានមកពី​ការធ្វើជំរឿន សម្រាប់​ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន​ ឯកអគ្គរាជទូត​ជប៉ុន​៖ ក្រសួងផែនការ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត និង​ផ្ដល់នូវ​ប្រភព​ទិន្នន័យ​មួយ​ដែល​បានមកពី​ការធ្វើជំរឿន សម្រាប់​ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន​

​នា​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បានលើកឡើង​ពី​សារៈសំខាន់​នៃ​ទិន្នន័យ​ជាច្រើន ដែល​បានមកពី​ការធ្វើជំរឿន និង​អង្កេត​ផ្សេងៗ​ទៀត ដែល​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត ដើម្បី​សម្រេចបាន​នូវ​ប្រភព​ទិន្នន័យ​មួយ​ដែលមាន​គុណភាព និង​មាន​សារៈសំខាន់ ជា​ជំនួយស្មារតី​ដល់​ដៃគូ​អភិវឌ្ឍន៍​នានា ក៏ដូចជា​ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន ស្វែងរក​ឱកាស​វិនិយោគ​ថ្មីៗ​ទៀត មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។

​ការលើកឡើង​នេះ ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ការស្វែងរក​ព័ត៌មាន ឬ​ទិន្នន័យ​ថ្មីៗ ដែល​ក្រសួងផែនការ​សម្រេចបាន ដើម្បី​ជា​មូលដ្ឋាន​គ្រឺះ​សម្រាប់​ក្រុមហ៊ុន​ជប៉ុន ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ច្រើនឡើង​បន្ថែមទៀត​។ នេះ​បើ​យោងតាម​ក្រសួងផែនការ​។

​ឯកឧត្តម MIKAMI Masahiro បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម និង​អាច​ទប់ស្កាត់បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ពិភពលោក និង​ប្រទេស​ជប៉ុន បាន​កំពុង​ជួបប្រទះ​ដូចគ្នា​។ ឯកឧត្ដម​បានបញ្ជាក់​ថា ស្ថិតក្នុង​កាលៈទេសៈ​នេះ ជប៉ុន​បានប្រកាស​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់ រួមទាំង​ប្រកាស​ផ្តល់នូវ​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ផងដែរ ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ការកសាង​សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេល និង​ក្រោយ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​ថ្លែង​នូវ​អំណរ​អរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែងតែ​ផ្តល់ជំនួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ទាំង​ស្មារតី និង​សម្ភារ ដែលជា​ផ្នែក​មួយ​មិនអាច​កាត់ផ្តាច់​បាន ចំពោះ​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​របស់​កម្ពុជា​ដូច​សព្វថ្ងៃ ជាពិសេស​ក្នុងអំឡុងពេល​សម័យ​អ៊ុនតាក់ ជប៉ុន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​។ ទន្ទឹមនេះ តាមរយៈ​អង្គការ JICA ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​ជាមួយ​ក្រសួងផែនការ ចាប់តាំងពី​ឆ្នាំ​២០០៥ មកដល់​ដំណាច់ឆ្នាំ​២០១៥ ភាគី​ជប៉ុន​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ជួយ​ដល់​ក្រសួងផែនការ រួមមាន​ទាំង​ការបណ្តុះបណ្តាល​មន្ត្រី​ជំនាញ ប្រមាណ​ជាង​៦០០​នាក់​ផ្តល់នូវ​អគារ​កម្ពស់​៥​ជាន់ សម្រាប់​ដំណើ​ការធ្វើជំរឿន​ប្រជាជន​ទូទៅ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០០៨ រួម​សហការគ្នាជាមួយ​អង្គការ​UNFPA ក្នុង​ការធ្វើជំរឿន​ប្រជាជន​ទូទៅ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០០៨ ការធ្វើ​បញ្ជី​សហគ្រាស​ទូទាំងប្រទេស​ឆ្នាំ​២០០៩ ការធ្វើជំរឿន​សេដ្ឋកិច្ច​ឆ្នាំ​២០១១ ដែលជា​ការងារ​ជាតិ​ដំបូង​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា រួមទាំង​ការអង្កេត​ចន្លោះ​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៣ អង្កេត​ចន្លោះ​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ​២០១៤ និង​ជំនួយ​បច្ចេកទេស សម្ភារ ដល់​មន្ទីរ​ផែនការ នៅ​ថ្នាក់ក្រោម​ជាតិ ទាំង​២៥​រាជធានី ខេត្ត​ផងដែរ​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​បន្ថែមថា នៅ​រយៈពេល​ដ៏​ខ្លី​ខាងមុខ ក្រសួងផែនការ នឹង​រៀបចំ​ប្រកាស​លទ្ធផល​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ ជា​ផ្លូវការ ហើយ​ទិន្នន័យ​ជំរឿន​នេះ គឺជា​ប្រភព​ទិន្នន័យ​ដ៏​សំខាន់ សម្រាប់​ភាគី​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​ជាពិសេស​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ថ្មីៗ​នៅ​កម្ពុជា​។​ ​ឯកឧត្ដម​ឯកអគ្គរាជទូត​ជប៉ុន​កត់សម្គាល់​ឃើញថា កម្ពុជា មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ មិនមែន​កើតមក​ដោយ​ឯកឯង​នោះទេ ជប៉ុន​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ ហើយ​ឯកឧត្ដម​បាន​កោតសរសើ​រ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​បាន​បង្កើតឡើង​ដោយ​ខ្លួនឯង​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​មួយ​ដ៏​ពិតប្រាកដ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ធ្វើឱ្យ​កម្ពុជា​សម្រេចបាន​នូវ​ចក្ខុវិស័យ​មួយ​ដ៏​វែងឆ្ងាយ ប្រកបដោយ​ការអភិវឌ្ឍ​រីកចម្រើន​។ ជាមួយគ្នានេះដែរ ឯកឧត្តម ឯកឧត្ដម​ឯកអគ្គរាជទូត​ក៏បាន​មើលឃើញ​ពី​ការរីកចម្រើន​ខាង​វិស័យ​បច្ចេកវិទ្យា ឌីជីថល នៅ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដែល​ទៅ​ថ្ងៃមុខ ជប៉ុន​ក៏​អាច​នឹងមាន​ឱកាស​រៀន​សូត្រ​ពី​កម្ពុជា​លើ​វិស័យ​បច្ចេកវិទ្យា ឌីជីថល ផងដែរ​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ដ្រី ឆាយ ថន ក៏បាន​អរគុណ​ផងដែរ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែងតែ​យកចិត្ត​ទុក​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា តាមរយៈ​ការ​ផ្តល់នូវ​អាហារូបករណ៍​ដល់​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​កម្ពុជា មាន​មហិច្ឆតា​ក្នុង​កំណែទម្រង់សេដ្ឋកិច្ច​ស៊ីជម្រៅ ប្រែ​ក្លាយទៅជា​សេដ្ឋកិច្ច​ឌីជីថល ស្របតាម​ការរីកចម្រើន​ផ្នែក​វិស័យ​បច្ចេកវិទ្យា​សកល​៕

អត្ថបទទាក់ទង