ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងផែនការ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកភាពក្រីក្រជាការខាតបង់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
រដ្ឋមន្ត្រីក្រសួងផែនការ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកភាពក្រីក្រជាការខាតបង់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ រដ្ឋមន្ត្រីក្រសួងផែនការ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកភាពក្រីក្រជាការខាតបង់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ

លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយល់ច្បាស់និងបានចាត់ទុកភាពក្រីក្រជាការខាតបង់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ភាពមិនអាចទទួលយកបានខាងសីលធម៌ និងភាពបែកបាក់នៃសង្គម និងបានដាក់ចេញនិងអនុវត្ដយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកំណែទម្រង់លើគ្រប់ផ្នែក គ្រប់វិស័យដូចមានចែងនៅក្នុងយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ដ្រចតុកោណជាបន្តបន្ទាប់ ដែលបច្ចុប្បន្នបានកំពុងអនុវត្តយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ និងបន្តឈានទៅអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីជំរុញកំណើនការងារ សមធម៌និងប្រសិទ្ធភាពនៅកម្ពុជា ដែលគោលដៅទាំងនេះគឺជាកត្ដាគន្លឹះសម្រាប់ ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (២០១៦-២០៣០) និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមដំណើរការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ខេត្តបាត់ដំបង ឆ្នាំ២០១៩ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង។

សូមជម្រាបផងដែរថា សិក្ខាសាលាផ្សព្វផ្សាយនេះ សហការរៀបចំដោយនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃអគ្គនាយកដ្ឋានផែនការ និងមន្ទីរផែនការខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក លោកស្រី មន្ត្រីរាជការតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងដៃគូអភិវឌ្ឍន៍ចូលផងដែរ។

លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ ចាប់តាំងពីឆ្នាំ២០១២មក រាជរដ្ឋាភិបាលកម្ពុជា បានវិភាជន៍ថវិកាបដិភាគជាបន្ដបន្ទាប់សម្រាប់ការងារអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ នៅទីជនបទ ហើយចាប់ពីឆ្នាំ២០១៥មករាជរដ្ឋាភិបាលជាអ្នកផ្តល់ថវិកាទាំងស្រុងសម្រាប់ការងារនេះ។ កន្លងទៅថ្មីៗនេះ ដោយសារកម្ពុជា អនុវត្តប្រកបដោយជោគជ័យនូវចំណុចគោលដៅភាគច្រើននៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ជាពិសេសការកាត់បន្ថយភាពក្រីក្របានឆាប់រហ័សពី ៤៧% នៅក្នុងឆ្នាំ២០០៧ និងរង្វង់ ១៤% នៅឆ្នាំ២០១៤ ហើយកម្ពុជាត្រូវបានអង្គការសហប្រជាជាតិជ្រើសជាប្រទេសគំរូសម្រាប់ការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ នោះក៏មានប្រទេសមួយចំនួននៅក្នុងតំបន់ បានបញ្ជូនប្រតិភូមករៀនសូត្របទពិសោធន៍អំពីការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងផែនជាសេនាធិការ បានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផយអជ)ជាបន្តបន្ទាប់ ដែលបច្ចុប្បន្ននេះស្ថិតក្នុងដំណាក់កាលនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ សម្រាប់អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ដោយបានកំណត់នូវអាទិភាពនានា សូចនាករ ពេលវេលា និងធនធានច្បាស់លាស់សម្រាប់ការអនុវត្ត និងមានកំណត់យន្តការសម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃផ្អែកលើក្របខ័ណ្ឌលទ្ធផល និងអំពីការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នទៅតាមមុំនៃអាទិភាពនីមួយៗ ដើម្បីឈានទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧% និងកាត់បន្ថយភាពក្រីក្រឱ្យបានលើសពី១%ក្នុងមួយឆ្នាំ និងដើម្បីទទួលបានផលចំណេញខ្ពស់ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និងឈានឡើងពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានសំដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹកចូលរួមក្នុងកិច្ចប្រជុំនាថ្ងៃនេះ ដែលជាសក្ខីភាពបញ្ជាក់អំពីការយកចិត្ដទុកដាក់ត្រៀមសហការ និងផ្ដល់ការគាំទ្រដល់ដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅខេត្តបាត់ដំបង និងត្រៀមទទួលយកនូវទិន្នន័យគ្រួសារក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណា និងពិគ្រោះយោបល់ ដើម្បីកំណត់គោលដៅក្នុងការផ្ដល់សេវា និងជំនួយផ្សេងៗដល់គ្រួសារក្រីក្រ ក៏ដូចជាការងាររៀបចំផែនការ និងការអភិវឌ្ឍផ្សេងៗនៅមូលដ្ឋាន។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានមានប្រសាសន៍បន្ថែមថា នៅក្នុងដំណើរការការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ យើងក៏ត្រូវការជាចាំបាច់នូវការចូលរួម និងកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធពីអាជ្ញាធរដែនដី មន្ទីរអង្គភាពនានា អង្គការជាតិ អន្ដរជាតិ សង្គមស៊ីវិល។ ដូច្នេះការចូលរួមរបស់ លោក លោកស្រី ក្នុងកិច្ចប្រជុំថ្ងៃនេះ ពិតជាមានសារៈសំខាន់ និងផ្ដល់ជាកម្លាំងចលករដ៏មានប្រសិទ្ធភាព ដោយផ្តើមចេញពីការយល់ដឹងដែលទទួលបានពីកិច្ចប្រជុំនេះ ក្នុងការចូលរួមចំណែកតាមដាននិងផ្តល់ការណែនាំ ដើម្បីឱ្យដំណើរការការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅខេត្ដបាត់ដំបង ទទួលបានជោគជ័យ និងទទួលបាននូវទិន្នន័យគ្រួសារក្រីក្រ ដែលមានលក្ខណៈសុក្រឹត្យ ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៨ នាយកអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងផែនការ បានអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ បានចំនួន១២ជុំរួចមកហើយ។ សម្រាប់ឆ្នាំ២០១៩នេះ នាយកដ្ឋានអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងផែនការ នឹងដំណើរការធ្វើបច្ចុប្បន្នភាពទិន្នន័យវគ្រួសារក្រីក្រជុំទី១៣ នៅក្នុងខេត្ដចំនួន៨ រួមមាន ៖ ខេត្ត កំពង់ឆ្នាំង បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កណ្តាល តាកែវ ៕

អត្ថបទទាក់ទង