ខ្មែរប៉ុស្ដិ៍ Close

ប្រទេស១២ប្រកាសទទួលអត្តពលិកកម្ពុជាឱ្យហ្វឹកហាត់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០ កីឡា - សុខភាព 59
ប្រទេស១២ប្រកាសទទួលអត្តពលិកកម្ពុជាឱ្យហ្វឹកហាត់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ប្រទេស១២ប្រកាសទទួលអត្តពលិកកម្ពុជាឱ្យហ្វឹកហាត់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) បានប្រាប់ឱ្យដឹងថា ប្រទេសចិន កូរ៉េ ជប៉ុន ថៃ វៀតណាម បណ្ដាប្រទេសមួយចំនួននៅទ្វីបអាស៊ី អឺរ៉ុប និង អាមេរិកស្ម័គ្រចិត្តទទួលយកកីឡាករ កីឡាការិនីកម្ពុជាទៅហ្វឹកហាត់ ។ ឯកឧត្តមបន្តថា ពេលនេះមានប្រទេសចំនួន១២ដែលបានប្រកាសទទួលយកអត្តពលិកកម្ពុជាហ្វឹកហាត់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ដោយសារកូវីដ-១៩ បានធ្វើឱ្យកម្ពុជាត្រូវពន្យារពេលក្នុងការបញ្ជូនអត្តពលិករបស់ខ្លួនទៅហ្វឹកហាត់នៅក្រៅប្រទេស ។ ទោះជាយ៉ាងណា ក៏ឯកឧត្តម វ៉ាត់ ចំរើន បានដាក់គោលដៅទៅហ្វឹកហាត់នៅក្រៅប្រទេសជារឿងសំខាន់ ។ នាខែវិច្ឆិកាចុងឆ្នាំនេះ ប្រសិនបើកូវីដ ១៩មានការថមថយនោះ កម្ពុជានឹងបើកយុទ្ធនាការបញ្ជូនអត្តពលិកចេញទៅហ្វឹកហាត់នៅក្រៅប្រទេសក្នុងទ្រង់ទ្រាយធំតែម្ដង ។ ក្នុងករណីអ្វីៗនៅមិនទាន់ឈានទៅរកភាពប្រក្រតីដូចដើមទេនោះ ដើមឆ្នាំ២០២១កម្ពុជានឹងត្រូវបង្ខំចិត្តបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេស ។ ចិន កូរ៉េ ជប៉ុន ថៃ វៀតណាម បណ្ដាប្រទេសមួយចំនួននៅទ្វីបអាស៊ី អឺរ៉ុប និង អាមេរិកគេស្ម័គ្រចិត្តទទួលយកកីឡាករ កីឡាការិនីកម្ពុជាទៅហ្វឹកហាត់ ។

កីឡាករ កីឡាការិនីកម្ពុជា ដែលត្រៀមខ្លួនចេញទៅហ្វឹកហាត់នៅក្រៅប្រទេសមានចំនួន១១០នាក់ ។ឆ្នាំ២០២១ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាមដែលនោះជាការប្រកួតចុងក្រោយមុនឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ឆ្នាំ២០២១នេះដែរ ក៏ជាឆ្នាំដែលកម្ពុជាពិនិត្យមើលចុងក្រោយពីសមត្ថភាពអត្តពលិករបស់ខ្លួន ក៏ដូចជាការពិនិត្យមើលពីមន្ត្រីបច្ចេកទេសរបស់ខ្លួនជាលើកចុងក្រោយដែរ ។ កម្ពុជាមានប្រភេទកីឡាដែលមានសក្ដានុពលជាច្រើន ដូចជាប៉េតង់ ចំបាប់ វូស៊ូ វ៉ូវីណាម តេក្វាន់ដូ សូហ្វតិន្នីស វាយកូនបាល់ វាយសី និងប្រភេទកីឡាជាច្រើនទៀត ។ មិនតែប៉ុណ្ណោះប្រភេទកីឡាមួយចំនួនដែលកន្លងមកពុំធ្លាប់ប្រជែងបានមេដាយនោះ ក៏កំពុងតែធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ចាប់អារម្មណ៍ខ្លាំងណាស់ដែរ ។
ប្រភេទកីឡាបាល់ទាត់ពេលនេះ ក៏កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់ល្អពិសេសកីឡាករវ័យក្មេងៗដែលបណ្ដុះបណ្ដាលចេញពីសាលាបាល់ទាត់ជាតិបាទី ។ បាល់ទះ បាល់បោះ កំពុងតែបង្ហាញពីភាពខ្លាំងនិងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយខែទៅមួយខែ ព្រមទាំងពីមួយឆ្នាំទៅមួយឆ្នាំ ៕

អត្ថបទទាក់ទង