អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «ស៊ីហ្គេមលើកទី៣២ គឺជាព្រឹត្តិការណ៍រំលេចពីអច្ឆរិយភាពនៃកម្ពុជា»
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ចេញផ្សាយវីដេអូផ្លូវការថ្មីដ៏លេចធ្លោរមួយ ក្រោមចំណងជើងថា «ស៊ីហ្គេមលើកទី ៣២ គឺជាព្រឹត្តិការណ៍រំលេចពីអច្ឆរិយភាពនៃកម្ពុជា»។ វីដេអូនេះ គឺជាការសរុបនៃព្រឹត្តិការណ៍ដ៏មហស្ចារ្យដែលបានកើតមាននៅកម្ពុជា ទឹកដីសុវណ្ណភួមិដ៏ប្រណិត។ ខ្លឹមសារនៃវីដេអូដ៏ពិសេសនេះបានប្រាប់ពិភពលោកថា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ (Kingdom of Wonder) បានបង្ហាញនូវរូបភាពកាន់តែច្បាស់ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការរៀបចំបានយ៉ាងល្អប្រសើរដែលមិននឹកស្មាន ដល់នេះ ពិតជាបានធ្វើឲ្យបរទេសលាន់មាត់គ្រប់ៗគ្នាថា “Amazing” ដែលមានន័យជាភាសាខ្មែរថា «អស្ចារ្យណាស់» ។
ភាពអស្ចារ្យរបស់កម្ពុជាដែលបានស្តែងឡើងតាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមមានច្រើនទម្រង់ ហើយដែលជនបរទេសក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិននឹកស្មានថា ការទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងរបស់កម្ពុជាអាចធ្វើបានល្អដល់ម្លឹងសោះ។
មហាទស្សនីយភាពដែលលើកយកមកសម្តែងក្នុងពិធីនោះ មិនត្រឹមតែមានរូបភាពគួរឲ្យស្ញប់ស្ញែងប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ចាក់ដោតចំបេះដូងខ្មែរគ្រប់រូបឲ្យបានឃើញពីអច្ឆរិយភាពនៃដូនតារបស់ខ្លួនពីអតីតកាល ដោយមិនភ្លេចពីការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំខ្មែរបច្ចុប្បន្នដែលអាចធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍយ៉ាងសម្បើមបន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលភ្លើងសង្គ្រាម របបប្រល័យពូជសាសន័ ប៉ុល ពតនិងការបែកបាក់ជាតិអស់ជាច្រើនទសវត្សរ៍។
ភាពអស្ចារ្យរបស់កម្ពុជាក៏បានស្តែងឡើងតាមរយៈសមត្ថភាពដែលមិនស្មានដល់របស់អត្តពលិកខ្មែរដែលអាចដណ្តើមបានមេដាយរហូតដល់.282គ្រឿងក្នុងនោះមានមេដាយមាសរហូតដល់ ៨១ គ្រឿង, មេដាយប្រាក់ ៧៤ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១២៧ រឿង។ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងសតវត្សរ៍ទី២១។ កំណត់ត្រានេះពិតជាបានបង្ហាញអំពីសក្តានុពលដ៏អស្ចារ្យនៃវិស័យកីឡាកម្ពុជា។
ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកដំបូងឆ្នាំ ២០២៣ បន្ទាប់ពីខកខានអស់រយៈពេល ៦៤ ឆ្នាំ កម្ពុជាក៏បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលដោយសារតែព្រះរាជាណាចក្រដ៏តូចច្រឡឹងមួយនេះបានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យកីឡាស៊ីហ្គេម នោះគឺការទទួលអត្តពលិកបរទេសដោយមិនគិតប្រាក់ ទាំងអាហារ ការស្នាក់នៅ និងដឹកជញ្ជូន។ ចំណែកឯសំបុត្រចូលទស្សនានិងការផ្សព្វផ្សាយក៏រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចមិនយកប្រាក់សូម្បីតែមួយសេន ពោលគឺកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីដែលភាសាបរទេសហៅថា Free Games ក្រោមស្មារតី «ប្រទេសតូច តែបេះដូងធំ»។
ទន្ទឹមនឹងភាពអស្ចារ្យដែលបានបង្ហាញឲ្យឃើញ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានអត្ថន័យច្រើនយ៉ាងណាស់សម្រាប់ប្រជាជាតិខ្មែរទាំងមូល ក្នុងនោះអត្ថន័យដ៏លេចធ្លោរចំនួនពីរ គឺសន្តិភាពនិងការអភិវឌ្ឍ បាននិងកំពុងផ្តល់ផលជាក់ស្តែងជូនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។ បើគ្មានសន្តិភាព គ្មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគ្មានការកើនឡើងនៃជីវភាពរបស់ប្រជាពលរដ្ឋខ្មែរទេនោះ កម្ពុជាក៏មិនអាចរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមបែបនេះបានដែរ។ ស្មារតីជាតិ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ បានស្តែងឡើងយ៉ាងច្បាស់នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នេះ តាមរយៈការគាំទ្រនិងសាទរយ៉ាងគគ្រឹកគគ្រេងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ក្រោមស្មារតី «ខ្មែរអាចធ្វើបាន»។
សូមទស្សនាវីដេអូ៖