ខ្មែរប៉ុស្ដិ៍ Close

ផ្សារទឹកនៅដងស្ទឹងសៀមរាប នៅក្នុងកម្មវិធី សម្រាកសៀមរាប មានភាពទាក់ទាញ និងធ្វើឱ្យភ្ញៀវទេសចរមានការកោតសរសើរ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 28
ផ្សារទឹកនៅដងស្ទឹងសៀមរាប នៅក្នុងកម្មវិធី សម្រាកសៀមរាប មានភាពទាក់ទាញ និងធ្វើឱ្យភ្ញៀវទេសចរមានការកោតសរសើរ ផ្សារទឹកនៅដងស្ទឹងសៀមរាប នៅក្នុងកម្មវិធី សម្រាកសៀមរាប មានភាពទាក់ទាញ និងធ្វើឱ្យភ្ញៀវទេសចរមានការកោតសរសើរ

នៅកម្មវិធីសម្រាកសៀមរាបសម្រាប់ថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរពីថ្ងៃទី១៧ដល់២១សីហាឆ្នាំ២០២០នេះ បានទទួលភ្ញៀវទេសចរយ៉ាងច្រើនមកលេងខេត្តសៀមរាប ដោយរដ្ឋបាលខេត្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានរៀបចំកម្មវិធីកម្សាន្តជាច្រើនដែលក្នុងនោះផ្សារទឹក ឃើញមានភាពទាក់ទាញនិងទទួលបានការចាប់អារម្មណ៍ច្រើនពីបណ្តាអ្នកទៅទស្សនា។

លោក ហុង ក្រឹម មន្រ្តីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដែលទទួលខុសត្រូវនៅតំបន់ផ្សារទឹកនេះ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០២០នេះថា ភ្ញៀវទេសចរដែលមកទស្សនានៅតំបន់មាត់ស្ទឹងសៀមរាបនេះតែងតែទៅទស្សនានិងទិញផលិតផលនានានៅផ្សារទឹកនេះ ហើយយកទៅអង្គុយទទួលទាននៅផែដែលអាជ្ញាធរបានរៀបចំនៅបណ្តោយមាត់ស្ទឹងនិងអ្នកទេសចរខ្លះក៏បានជិះទូកកម្សាន្តសប្បាយ ថតរូបដោយភាពញញឹម។

លោកបានបន្តថា តំបន់ដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ទទួលខុសត្រូវក្នុងការរៀបនៅមាត់ស្ទឹងសៀមរាបចំនៅមុខមន្ទីរបក្សខេត្ត ក្នុងនោះមានស្តង់ម្ហូបអាហារចំនួន៣២ ទូកផ្សារទឹក១៥ ទូកជិះកម្សាន្តចំនួន៤៥គ្រឿង ទូកកាយយ៉ាក់ចំនួន១០ និងទូកហង្សចំនួន៥ ដោយចាប់ផ្តើមដំណើរការពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់។

កញ្ញា ជឹម ប៉ូលិកា អ្នកទេសចរម្នាក់ដែលបានទៅទស្សនាផ្សារទឹកនេះ បានបង្ហាញពីការចាប់អារម្មណ៍ថា ពេលបានទស្សនាផ្សារទឹកនេះហើយ កញ្ញាឃើញថា មានភាពប្លែក និងមានការសប្បាយរីករាយជាខ្លាំង ជាពិសេសពេលជិះទូកទិញផលិតផល និងថតរូបលេងកម្សាន្តអមដោយតន្រ្តីស្គរដៃប្រគំកំដរយ៉ាងពីរោះរណ្តំ

កញ្ញា ជឹម ប៉ូលិកា យល់ឃើញថា ការរៀបចំឱ្យមានផ្សារទឹកនៅស្ទឹងសៀមរាប នៅក្នុងកម្មវិធីសម្រាកសៀមរាបនេះ គឺបានបង្ហាញពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណីខ្មែរ ដែលមានតាំងពីបុរាណកាលមក និងបានធ្វើឱ្យយុវជនយុវនារីជំនាន់ក្រោយបានឃើញ និងឈ្វេងយល់បានកាន់តែច្បាស់ពីវប្បធម៌របស់យើងផងដែរ។ ជាពិសេសនោះ គឺបានសប្បាយរីករាយនិងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា នៅថ្ងៃឈប់សម្រាកនេះផងដែរ៕

អត្ថបទទាក់ទង