អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះពិនិត្យការដ្ឋានការងារក្នុងរមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានការងារមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ក្នុងបំណងសំខាន់ ដើម្បីត្រួតពិនិត្យការងារ និងឱ្យយោបល់ភ្លាមៗនៅនឹងកន្លែង ធ្វើយ៉ាងណាឱ្យការងារទាំងនោះប្រព្រឹត្តិទៅដោយរលូន និងស្របតាមបច្ចេកទេសត្រឹមត្រូវ។
ជាចំណុចចាប់ផ្តើម លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការដ្ឋានការងារនៅប្រាសាទបាយ័ន្ត បន្ទាប់មកទៅពិនិត្យគម្រោងកែលម្អសោភ័ណភាព និងហេដ្ឋារចនាសម្ពន្ធមួយចំនួននៅបរិវេណមុខព្រះលានជល់ដំរី និងចុងក្រោយឱ្យយោបល់ការងារមួយចំនួននៅប្រាសាទអង្គរវត្ត។
ក្នុងនោះ លោកអគ្គនាយក បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តន៍ការងារជាប្រចាំ ពិសេសកិច្ចការអភិរក្ស អភិវឌ្ឍន៍ និងកែលម្អរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរទៅមុខជាលំដាប់៕