គួរយល់ដឹង៖ ថ្វីដ្បិតពេជ្រជាវត្ថុរឹងជាងគេក្នុងលោក តែនៅមានវត្ថុរឹងជាងពេជ្រទៅទៀត
(ពិភពលោក)៖ ពេជ្រ ត្រូវបានគេដឹងថាជាវត្ថុតែមួយគត់ដែលរឹងជាងវត្ថុណាៗទាំងអស់នៅលើផែនដីយើងនេះ ខណៈដែលពេជ្រមួយគ្រាប់ៗសុទ្ធតែកកើតឡើងដោយកម្ដៅដ៏សែនក្ដៅ និងកម្លាំងសម្ពាធដ៏ខ្លាំងមហិមាពីក្រោមសំបកផែនដី ហើយត្រូវបានដោលឱ្យចេញផុតពីផ្ទៃផែនដីតាមរយៈបន្ទុះភ្នំភ្លើង។
វាកកើតឡើងនៅក្នុងផ្ទៃផែនដីដែលមានជម្រៅចាប់ពី ១៦០-៤៨០ គីឡូម៉ែត្រចុះទៅក្រោម។ គេរកឃើញពេជ្រភាគច្រើនក្នុងថ្មភ្នំភ្លើងឈ្មោះ ឃិមបឺឡៃត៍ (Kimberlite) នៃប្រទេសអាហ្វ្រិកខាងត្បូង ដោយតំបន់នោះមានទីតាំងនៅក្បែរភ្នំភ្លើងមិនទាន់រលត់។ ពេជ្រមួយចំនួនទៀត ក៏ត្រូវបានគេរកឃើញក្នុងសភាពត្រូវទឹកច្រោះហូរនាំឃ្លាតចេញពីភ្នំភ្លើងឃិមបឺឡៃត៍ផងដែរ។
ប្រទេសដែលច្នៃពេជ្រមានចំនួន ២០ប្រទេស ខណៈបច្ចុប្បន្នអាហ្វ្រិកខាងត្បូងជាប្រទេសលំដាប់ទី៥ ដែលច្នៃពេជ្របានច្រើនជាងគេបន្ទាប់ពីអូស្ត្រាលី កុងហ្គោ បូស្វាណា និងរុស្ស៉ី។
ថ្វិដ្បិតថាពេជ្រជាវត្ថុដែលរឹងជាងគេនៅលើពិភពលោក ប៉ុន្តែនាអំលុងខែសីហា ឆ្នាំ២០០៦ អ្នកវិទ្យាសាស្ត្រប្រទេសអាល្លឺម៉ង់បានបង្កើតវត្ថុម្យ៉ាង ដែលមានភាពរឹងជាងពេជ្រទៅទៀត។
វត្ថុនោះត្រូវបានគេផលិតឡើងនៅក្នុងបន្ទប់ពិសោធន៍ឈ្មោះថា ថូណាដូ-កាបូន ដែលត្រូវបានសង្កត់យ៉ាងណែន និងដុតកម្ដៅក្នុងសីតុណ្ហភាព ២,២២៦ អង្សាសេ នៅលើម៉ូលេគុលកាបូនដ៏រឹងបំផុត។
វត្ថុខាងលើនេះមានភាពរឹងខ្លាំងរហូតអាចឆូតពេជ្រឱ្យស្នាមបាន ដោយមិនចាំបាច់បញ្ចេញកម្លាំងខ្លាំងនោះឡើយ៕