ខ្មែរប៉ុស្ដិ៍ Close

សហប្រធានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បញ្ចប់ការចុះពិនិត្យការដ្ឋានក្នុងរមណីយដ្ឋានអង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 31

ចាប់តាំងពីថ្ងៃទី៦ និងទី១០ ខែ មិថុនា ឆ្នាំ២០២០ សហប្រធានគណៈកម្មាធិការអាស៊ីស៊ី-អង្គរ មន្រ្តីនៃការិយាល័យអង្គការយូណេស្កូប្រចាំកម្ពុជា រួមនិងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យមើលការដ្ឋានជួសជុលនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។

ក្នុងការចុះមកពិនិត្យតាមការដ្ឋានការងារទាំងនេះ សហប្រធានបច្ចេកទេស(ស្ថានទូតជប៉ុន និងបារាំង) បានប្តូរវេនគ្នាដោយសហប្រធានបច្ចេកទេសជប៉ុនបានចុះពិនិត្យការងារចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា នៅការដ្ឋានដូចជា ការដ្ឋានផ្លូវកង់ ផ្លូវមុខព្រះលានជល់ដំរី ទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត ការដ្ឋានស្ពានហាលអង្គរវត្ត ការងារជួសជុលព្រះលានជល់ដំរី ការដ្ឋានប្រាសាទបាយ័ន ខ្លោងទ្វារខាងកើតប្រាសាទតានៃ ខ្លោងទ្វារតាកាវ ការដ្ឋានជួសជុលកំពែងក្រុងអង្គរធំ ការដ្ឋានស្រះស្រង់ និងការងារនៅការដ្ឋានខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដី។

ចំណែកសហប្រធានបច្ចេកទេសបារាំង បានបន្ដការងារនេះដោយចាប់ពីការដ្ឋាននៅប្រាសាទមេបុណ្យខាងលិច ដែលជាការដ្ឋានមួយទទួលជំនួយថវិកាពីស្ថានទូតបារាំង។ ចេញពីមេបុណ្យ សហប្រធានបារាំងបានបន្តទៅពិនិត្យការដ្ឋានប្រាសាទអកយំ ប្រាសាទទន្លេស្ងួត ប្រាសាទព្រៃប្រាសាទ (ប្រាសាទតាអួន) ប្រាសាទបន្ទាយធំ និងការដ្ឋានប្រាសាទបន្ទាយស្រី៕

អត្ថបទទាក់ទង