ខ្មែរប៉ុស្ដិ៍ Close

ឯកសារបេតិកភណ្ឌប្រចាំតំបន់នឹងត្រូវចងក្រងនិងរក្សាទុកដោយក្រុមយុវជនបេតិកភណ្ឌស្ម័គ្រចិត្តក្នុងតំបន់អង្គរដោយខ្លួនឯង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 66
ឯកសារបេតិកភណ្ឌប្រចាំតំបន់នឹងត្រូវចងក្រងនិងរក្សាទុកដោយក្រុមយុវជនបេតិកភណ្ឌស្ម័គ្រចិត្តក្នុងតំបន់អង្គរដោយខ្លួនឯង ឯកសារបេតិកភណ្ឌប្រចាំតំបន់នឹងត្រូវចងក្រងនិងរក្សាទុកដោយក្រុមយុវជនបេតិកភណ្ឌស្ម័គ្រចិត្តក្នុងតំបន់អង្គរដោយខ្លួនឯង

បន្ទាប់ពីបើកវគ្គសិក្សាអស់រយៈពេល៤ខែកន្លងមក កម្មវិធីអប់រំកុមារបេតិកភណ្ឌនៅសាលាបឋមសិក្សាស្រះស្រង់ បានបញ្ចប់វគ្គទី១ដោយជោគជ័យកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្រោមវត្តមានថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អង្គការគាំពារពារកេរមរតក មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរវប្បធម៌ខេត្តសៀមរាប មជ្ឈមណ្ឌលយុវជនជាតិកម្ពុជាខេត្តសៀមរាប សម្បុរសជនគាំទ្រគម្រោង មាតាបិតាសិស្ស រួមនឹងអាជ្ញាធរមូលដ្ឋានប្រហែលជាង២០០នាក់។

កម្មវិធីនេះ បានបង្កើតឡើងនៅសាលាគោលដៅចំនួន២ គឺសាលាបឋមសិក្សាស្រះស្រង់និងវិទ្យាល័យនគរធំ ក្នុងគោលបំណងបណ្តុះគំនិតឱ្យសិស្សានុសិស្សចេះស្រឡាញ់ ស្វែងយល់ពីបេតិកភណ្ឌក្នុងតំបន់ដែលខ្លួនកំពុងរស់នៅឱ្យកាន់តែច្បាស់ ចេះស្រាវជ្រាវ ចេះចងក្រងឯកសាររក្សាទុកសម្រាប់ក្មេងជំនាន់ក្រោយ។ អប់រំផ្ទាល់លើសិស្សអំពីអ្វីដែលអ្នកស្រាវជ្រាវបានឃើញ ដើម្បីឱ្យសិស្សតាមទាន់សភាពការណ៍នៃការស្រាវជ្រាវ ផ្តល់ព័ត៌មានថ្មី និងបច្ចុប្បន្នភាពដល់សិស្សានុសិស្ស និងបន្តវិធីសាស្រ្តនៃការស្រាវជ្រាវបែបវិទ្យាសាស្រ្តជាមូលដ្ឋានបណ្តុះបណ្តាលដល់សិស្សបន្តិចម្តងៗ ហើយសិស្សអាចសិក្សាស្វែងយល់ដោយខ្លួនឯង ដើម្បីបន្ថយគម្លាតនៃការយល់ដឹងពីសហគមន៍ ព្រោះខ្លួនកំពុងរស់នៅក្នុងតំបន់បេតិកភណ្ឌ។

លោកស្រី Joyce Hanan Clark ប្រធានអង្គការគាំពារកេរមរតកប្រចាំសហរដ្ឋអារមេរិកមានប្រសាសន៍ថា យើងមិនអាចធ្វើការមួយថ្ងៃ ដើម្បីឱ្យអនាគតល្អប្រសើរទេ គឺយើងមានដំណើរការវែងឆ្ងាយបន្តទៀតជាមួយកិច្ចការអប់រំបេតិកភណ្ឌ។ កម្មវិធីអប់រំនេះមិនបានផ្តោតតែលើប្រាសាទទេ គឺរាប់បញ្ចូលទាំងបរិស្ថាន បេតិកភណ្ឌក្រោមដី ក្នុងទឹក រូបី និងអរូបីផង ដើម្បីឱ្យក្មេងៗដឹងថាមានអ្វីខ្លះជាបេតិកភណ្ឌក្នុងតំបន់ខ្លួន? វាមានប្រយោជន៍ដូចម្តេច? ហើយត្រូវការពារយ៉ាងណា? ដូច្នេះហើយទាមទារឱ្យយើងត្រូវបណ្តុះដល់ក្មេងៗជំនាន់ក្រោយ ធ្វើការងារនេះជាប្រចាំនិងយូរអង្វែងក្នុងការថែរក្សា ព្រោះមិនមែនដើម្បីតែមួយគ្រួសារទេ គឺបេតិកភណ្ឌដើម្បីជាតិទាំងមូល។

វាជាការសំខាន់ណាស់ ដែលយើងបានកើត រស់នៅ រកស៊ីជាមួយបេតិកភណ្ឌ ត្រូវតែសិក្សា ស្វែងយល់ ការពារ ថែរក្សាបេតិកភណ្ឌ។ បើទោះបីជាម៉ោងសិក្សាមានរយៈពេលខ្លី តែសិស្សានុសិស្សពិតជាបានដឹងច្រើនអំពីប្រវត្តិសាស្ត្រ ការស្រាវជ្រាវ ទំនៀមទម្លាប់ តួនាទីប្រាសាទ បរិស្ថាន ក្រមសីលធម៌ពេលចូលប្រាសាទ និងប្រវត្តិសិល្បៈ។ នេះជាការកែប្រែទម្លាប់ដ៏ប្រសើរ ដែលអ្នកជំនាន់មុន ត្រូវបន្តវេនដល់អ្នកជំនាន់ក្រោយ។

លោក អ៊ឹម សុខរឹទ្ធី ប្រធានគម្រោងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានរំឭកថា គម្រោងនេះបង្កើតឡើងតាំងពីឆ្នាំ២០០៧ ដោយមានកិច្ចសហការជាមួយប្រទេសថៃ ហើយទទួលជោគជ័យបំផុតនៅវិទ្យាល័យបន្ទាយឆ្មារ តែនេះជាវគ្គសិក្សាទី១នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារដែលបានចូលរួមសហការទាំងអស់ ពិសេសអ្នកឧបត្ថម្ភកម្មវិធី ដែលបានជ្រោមជ្រែងឱ្យការអប់រំដ៏មានតម្លៃនេះដំណើរការយ៉ាងរលូន ជាប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល។ យើងនឹងពង្រីកវិសាលភាពទៅសាលាផ្សេងទៀតនៅតំបន់អង្គរមាន សាលាបាគងជាដើម ដែលនៅពេលអនាគត កុមារនិងយុវជនស្ម័គ្រចិត្តនឹងបានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ចងក្រងឯកសារប្រចាំតំបន់របស់ខ្លួនដោយខ្លួនឯង ហើយរក្សាទុកនៅទីតាំងផ្ទាល់សម្រាប់សហគមន៍។ លើសពីនោះ យើងក៏នឹងបង្កើតឱ្យមានការចុះកម្មសិក្សាទៅក្រៅតំបន់ដូចជាសំបូរព្រៃគុក និងបន្ទាយឆ្មារជាដើម ដើម្បីស្វែងយល់បន្ថែមពីបេតិកភណ្ឌក្រៅស្រុក៕

អត្ថបទទាក់ទង