ក្រសួងការងារ ជូនដំណឹងពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ឆ្នាំ២០២១
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
យោងតាមច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រម ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងការងារ បានជូនដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ អំពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ ចំនួន៣ចំណុច រួមមាន៖
១) ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២១ ត្រូវអនុវត្តតាមប្រតិទិនដូចតទៅ៖
* កំណត់យកខែកក្កដា ឆ្នាំ២០២០ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ
* កំណត់យកខែសីហា ឆ្នាំ២០២០ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈទ្វេភាគី និងត្រីភាគី
* កំណត់យកខែកញ្ញា ឆ្នាំ២០២០ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១
* កំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។
២) គ្រប់ភាគីទាំងអស់ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោងលើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យ បែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ដូចមាន កំណត់ក្នុងមាត្រា៥ នៃច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ក៏ដូចជាបន្ទាត់ភាពក្រីក្រ ដើម្បីធ្វើជាមូលដ្ឋានក្នុងការក្នុងការពិភាក្សា សម្របសម្រួលផ្ទៃក្នុង និងទទួលបានគោលជំហររួមមួយ។
៣) គ្រប់ភាគីទាំងអស់ត្រូវអនុវត្តតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល នៅគ្រប់កិច្ចប្រជុំរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់កុំឱ្យមានការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖