ទឹកធ្លាក់ជ្រោះភ្នំ៥៣ នៅខេត្តបាត់ដំបង គឺជាតំបន់ទេសចរណ៍លាក់ខ្លួនថ្មីមួយ ដែលមានទេសភាពគួរឲ្យទាក់ទាញ
អាជ្ញាធរខេត្តបាត់ដំបងបានបញ្ជាក់ថា ទឹកធ្លាក់ជ្រោះភ្នំ៥៣ នឹងក្លាយជាតំបន់ទេសចរណ៍ថ្មីមួយ ដ៏មានសក្តានុពលរបស់ខេត្តបាត់ដំបង ខណៈដែលតំបន់នេះ មានទេសភាពស្រស់ស្អាតព័ទ្ធទៅដោយជ្រលងភ្នំជុំវិញ គួរឲ្យចង់គយគន់ ។
លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ទឹកធ្លាក់ជ្រោះភ្នំ៥៣ គឺជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយ ដែលស្ថិតនៅលើភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់និងព្រំដែនកម្ពុជា- ថៃ កំពុងមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបាននាំគ្នាទៅលេងកម្សាន្តមិនចេះដាច់ មិនថាថ្ងៃធម្មតា ថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាកផ្សេងៗនោះទេ។ លោកបន្តថា ភ្ញៀវទេសចរដែលបានមកលេងកម្សាន្ត នៅទឹកធ្លាក់ជ្រោះភ្នំ៥៣នេះ អាចងូតទឹកលេងកម្សាន្ត អាចគយគន់នូវទេសភាពធម្មជាតិយ៉ាងស្រស់ត្រកាលព័ទ្ធជុំវិញទៅដោយជ្រលងភ្នំជាច្រើន។ លោកបានបន្តថា មន្ទីរទេសចរណ៍ បានចុះណែនាំដល់ប្រជាពលរដ្ឋនៅតំបន់នោះ ធ្វើយ៉ាងណាត្រូវបម្រើសេវាកម្មទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តកាន់តែច្រើន។ ក្នុងនោះ អាជ្ញាធរ បានដាក់កម្លាំងការពារសុខសុវត្ថិភាពជូនភ្ញៀវទេសចរ ដើម្បីបង្ការការការពារនូវគ្រោះថ្នាក់ណាមួយជាយថាហេតុ ។
ប្រជាពលរដ្ឋនៅតំបន់នោះក៏ដូចជាអាជ្ញាធរបានដាក់កម្លាំង ការពារសុវត្ថិភាពភ្ញៀវ ព្រោះកន្លែងនោះគឺជាតំបន់គ្រោះថ្នាក់ អញ្ចឹងត្រូវដាក់របាការពារ និងត្រូវមានអ្នកមើលឲ្យបានត្រឹមត្រូវ នៅកន្លែងងូត ជៀសវាងគ្រោះថ្នាក់ណាមួយកើតមានឡើង ធ្វើអោយប៉ះពាល់ដល់អាយុជីវិត, ទី២គឺធ្វើកិច្ចសហការរវាងម្ចាស់ដី ដើម្បីឲ្យគាត់ទទួលបានផលប្រយោជន៍ឱ្យបានសមស្របនៅក្នុងតំបន់នេះ ទី៣ត្រុវបានណែនាំឲ្យអាជ្ញាធរភូមិឃុំនៅទីនោះ ត្រូវរៀបចំផ្លូវចូលឱ្យបានធំទូលាយ ដើម្បីបញ្ចៀសឡាន និងទីតាំងចំណតឲ្យបានត្រឹមត្រូវ និងទី៤ជំរុញឲ្យមានការរៀបចំទៅជារមណីយដ្ឋានទេសចរណ៍ ឱ្យមានកន្លែងអង្គុយសមរម្យ មានសួនលម្អ មានផ្ទះស្នាក់ដើម្បីផ្តិតយកនូវទេសភាពយ៉ាងស្រស់ស្អាតនាព្រឹកព្រលឹម ហើយនៅតំបន់នេះថ្ងៃអនាគតនិងក្លាយទៅជាតំបន់ដ៏ទាក់ទាញមួយរបស់ខេត្ត។»
លោកប្រធាមន្ទីរបានបញ្ជាក់ទៀតថាបច្នុប្បន្ននេះប្រជាពលរដ្ឋដែលបម្រើសេវាកម្មទេសចរណ៍ អាចរកប្រាក់ចំណូលបានខ្ពស់ ពីការលក់កសិផល ដែលបានដាំក្នុងចំការរបស់ខ្លួន ដែលធ្វើឲ្យពួកគាត់កាន់តែមានជីវភាពធូរធារជាងមុន។
លោក ម៉ី សឹង ប្រជាពលរដ្ឋរស់នៅភូមិជាប់នឹងតំបន់ទឹកធ្លាក់ភ្នំ៥៣ បានឲ្យដឹងដែរថា ពីមុនទឹកធ្លាក់ភ្នំ៥៣ សម្បូរសត្វស្វា គ្មានមនុស្សរស់នៅទេ ហើយផ្លូវពិបាកធ្វើដំណើរ ប៉ុន្តែក្រោយពេលចាប់ពីការផ្ដើមរៀបចំកែលម្អ មានមនុស្សមកលេងកាន់តែច្រើនជាហូរហែរ ដែលបានជួយបង្កើនជាប្រាក់ចំណូលប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ។
សូមបញ្ជាក់ថា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក៏នៅមានតំបន់ទេសចរណ៍ធម្មជាតិ ជាច្រើនកន្លែងផ្សេងទៀត ដូចជា ភ្នំបារាំងធ្លាក់ និងភ្នំហុងទឹង ជាដើម ៕