ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈពលរដ្ឋ៖ សម្តីសជាតិមារយាទសត្រកូល !

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 68
ទស្សនៈពលរដ្ឋ៖ សម្តីសជាតិមារយាទសត្រកូល ! ទស្សនៈពលរដ្ឋ៖ សម្តីសជាតិមារយាទសត្រកូល !

ថ្ងៃនេះ ខ្ញុំចង់សាកល្បងស្វែងយល់អំពីទស្សនៈរបស់សុភាសិតបុរាណខ្មែរយើងដែល យើងគ្រប់គ្នាចេះចាំរត់មាត់គ្រប់គ្នាគឺពាក្យថា «សម្តីសជាតិ មាយាទសត្រកូល» ដោយឆ្លុះបញ្ចាំងពីចរិតរបស់អ្នកនយោបាយដែលកំពុងដើរ តួសម្តែងបោកប្រាស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ថ្មីៗនេះ លោក សម រង្ស៊ី ដែលអស់សង្ឃឹមថានឹងបានចូលរួមការបោះឆ្នោតបាននិយាយដ៏គួរឲ្យអស់សំណើចតាមវិទ្យុអាស៊ីសេរីថា គាត់នឹងធ្វើយុទ្ធនាការឲ្យអង្គការសហប្រជាជាតិដកកៅអីពីរាជរដ្ឋាភិបាលក្រោយការបោះឆ្នោតខែកក្កដា ខាងមុខ។

វាមិនចម្លែកទេដែលអ្នកនយោបាយរូបនេះប្រើសម្តីបន្ទាបបន្ថោកកិត្យានុភាពជាតិ របស់ខ្លួន និងជាសម្តីឥតគ្រាប់ មាត់ឥតគម្រប ចេះតែបង្ហូរវាចារខ្វះការទទួលខុសត្រូវដើម្បីបោកប្រាស់ប្រជាពលរដ្ឋមួយចំនួនឲ្យលង់ជឿ។ គ្រាន់តែលឺពាក្យនេះ រូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរជាច្រើនចង់សើចផង និងហួសចិត្តផងថា មិនគួរ លោក សម រង្ស៊ី ចេះនិយាយបែបនេះចេញមកកើត? ជាបឋម សំណួរមួយបានផុសឡើងជាស្វ័យប្រវត្តិថា តើចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ពេលដែលរបបខ្មែរក្រហមសម្លាប់ខ្មែរស្ទើរដាច់ពូជទៅហើយនោះ ម្តេចគេមិនបានឃើញ និងមិនបានលឺលោក សម រង្ស៊ី ចេញមុខស្នើអង្គការសហប្រជាជាតិឲ្យដកកៅអីកម្ពុជាពីពួកខ្មែរក្រហម? ម្តេចលោក សម រង្ស៊ី មិនចេញមុខទាមទាររកប្រជាធិបតេយ្យ និងការគោរព សិទ្ធិមនុស្សផង? បើគាត់បានធ្វើពេលនោះវិញមិនដឹងប្រជាពលរដ្ឋត្រេកអរយ៉ាងណានោះទេ? តែស្ងាត់ឈឹង ស្ងាត់ដូចចោរលួចសេះ។

ម្យ៉ាងទៀត ចេះតែឆ្ងល់ថា តើលោក សម រង្ស៊ី និយាយពាក្យបែបនេះទៅកើតយ៉ាងដូចម្តេច? អង្គការសហប្រជាជាតិណាគេទៅទទួលស្គាល់ចលនាឧទ្ទាមក្រៅច្បាប់ ហើយផាត់ចោលរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនោះ? រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតខែកក្កដាខាងមុខនេះគឺជារាជរដ្ឋាភិបាលដែលកើត ចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរអ្នកបោះឆ្នោតគាំទ្រ។ ការបោះឆ្នោតទៀតសោត រៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែល បង្កើតឡើងដោយច្បាប់កម្ពុជា និងដែលទទួលស្គាល់ដោយ សហគមន៍អន្តរជាតិ មានដូចជាប្រទេសជប៉ុន រុស្ស៊ី ចិន និងប្រទេសជាច្រើនទៀតជួយជ្រោមជ្រែង។ រីឯការបោះឆ្នោតនេះក៏មានគណបក្សជាច្រើនចូល ប្រកួតប្រជែងគ្នាតាមបែបប្រជាធិបតេយ្យ។ តើអ្នកណាគេយកលទ្ធិប្រជាធិបតេយ្យនៃប្រទេសមួយទាំងមូលទៅចងភ្ជាប់ជាមួយគណបក្សនយោបាយមួយនោះ? ខ្ញុំពិតជាមិនដែលបានលឺទាល់តែសោះហើយ ទើបតែលឺលោក សម រង្ស៊ី ម្នាក់នេះគត់ដែលហាក់ដូចជាចេះតែនិយាយឲ្យតែរួចពីមាត់។ លោកសម រង្ស៊ី ប្រហែលនៅចាំបាន សូម្បីជំនាន់ខ្មែរក្រហមប្រល័យពូជសាសន៍ឯងយ៉ាងរង្គាលគង់អង្គការសហប្រជាជាតិ ទទួលស្គាល់។ នោះទើបជារឿងគួរឲ្យឆ្ងល់។ ចុះទម្រាំបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងស្គាល់ការអភិវឌ្ឍយ៉ាងសម្បើម មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងមានកំណើន សេដ្ឋកិច្ចខ្ពស់ថែមទៀត តើលោកសម រង្ស៊ី ដេកស្រមៃយ៉ាងម៉េចទើបនិយាយពាក្យបែបនេះចេញ?

ប្រហែលជាលោក សម រង្ស៊ី មិនល្ងង់ដល់ម្លឹងទេ ប៉ុន្តែ សារជាតិជាអ្នកនយោបាយដែលមិនដែលសប្បាយនឹងឃើញ ការរីកចម្រើនរបស់ប្រទេសដែល មិនមែនខ្លួនជាអ្នកដឹកនាំ ក៏ចេះតែពោលពាក្យឥតប្រយោជន៍ដើម្បីតែគោលដៅនយោបាយតែភ្លេចគិតពីភាពសមរម្យអស់រលីង។ កាលពីពេលថ្មីៗនេះ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធមិនចចារជាមួយដោយសារតែលោក សម រង្ស៊ី បានវាយប្រហារ និងប្រមាថ ធ្ងន់ធ្ងរបុគ្គលទៅលើគ្រួសារ លោកនាយករដ្ឋមន្ត្រី ហើយលោក សម រង្ស៊ី បែរជានិយាយថា អ្នកនយោបាយដែលយក រឿងបុគ្គលជាធំជាអ្នកនយោបាយគំនិតរាក់។ ពាក្យនេះធ្លាក់ទៅលើលោក សមរង្ស៊ី ខ្លួនឯងទាំងស្រុង ពីព្រោះ គឺលោក សម រង្ស៊ី នេះហើយដែលមួយជីវិត នយោបាយរបស់ខ្លួនយកតែរឿងបុគ្គលមកធ្វើជាបន្ទាត់ នយោបាយរបស់ខ្លួន។ លោក សម រង្ស៊ី វាយប្រហារ និងប្រមាថតែទៅលើបុគ្គលលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកនាយក រដ្ឋមន្ត្រីជារៀងរហូតមក។

ក្នុងមួយជីវិតនយោបាយរបស់ សម រង្ស៊ី ដែលដឹកនាំបក្សប្រឆាំងចាប់ពីគណបក្សជាតិខ្មែរ គណបក្សដែលមានឈ្មោះខ្លួនឯង និងរហូតដល់គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនដែលអង្គុយគិតពីគោលនយោបាយដើម្បីយកមកប្រកួតជាមួយគណបក្សកាន់អំណាចឡើយគឺគិតតែពីការវាយប្រហារបុគ្គលតែប៉ុណ្ណោះ។ រហូតដល់ថ្ងៃដែលគណបក្សសង្គ្រោះជាតិរលាយ ក៏គណបក្សនេះនៅតែមិនទាន់មានគោលនយោបាយច្បាស់លាស់នៅឡើយ។ ទើបតែចុងក្រោយនេះ មានពួកបរទេសជួយជ្រោមជ្រែងពីក្រោយទើបបានជជែកពីគោលនយោបាយតែក៏មិនទាន់បានចេញជារូបរាង ពិតប្រាកដផងក៏ត្រូវតុលាការរំលាយចោលបាត់។ នេះសបញ្ជាក់ថា លោក សម រង្ស៊ី ជាអ្នកនយោបាយគំនិតរាក់កំផែលដូចគាត់និយាយមែន។ ដោយសារគំនិតរាក់កំផែល នេះហើយបានជាបោះឆ្នោតមិនដែលឈ្នះគណបក្សកាន់អំណាច ហើយទីបំផុតងាក ទៅរកវិធីផ្តួលរំលំរាជរដ្ឋាភិបាលតាមបែបបដិវត្តន៍ពណ៌វិញនោះ។

ប៉ុន្តែ ដោយសារតែគំនិតរាក់កំផែលនេះដដែលទើបធ្វើឲ្យផែនការបដិវត្តន៍ពណ៌ត្រូវបរាជ័យ ហើយទីបំផុត គណបក្សក៏រលាយថែមទៀត។ ទោះជារលាយហើយក៏ដោយ ក៏សារជាតិអ្នកនយោបាយដែល ពោរពេញដោយគំនិតឈ្នានិស នៅតែបន្តឃោសនាប្រជាភិថុតិបោកប្រាស់ពលរដ្ឋខ្លួនឯង និងបោកប្រាស់សហគមន៍អន្តរជាតិ មិនព្រមឈប់ឡើយ។ តែពាក្យចាស់បូរាណពោលថា «ភូតច្រើនចាញ់អាត្មា» មានន័យថា ភូតញឹកពេកគ្មានអ្នកជឿ ហើយទីបំផុតក៏កុនខ្លួនឯង។ ជាក់ស្តែង ពីដំបូងឡើយ សម រង្ស៊ី និងបក្ខពួក ខំអួតក្តែងៗ

ថា បើហ៊ានរំលាយបក្សសង្គ្រោះជាតិ ពលរដ្ឋកន្លះនគរនឹងងើបបះបោរ តែពេលគណបក្សនេះត្រូវបានរំលាយដោយតុលាការកំពូល គ្មានពលរដ្ឋណាម្នាក់តវ៉ាសោះមានន័យថា ពួកគេមិនខ្វល់ពីការរំលាយបក្សនយោបាយមួយនេះទេ។ សម រង្ស៊ី បន្តភូតទៀតថា គាត់ នឹងធ្វើចលនាឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើរាជរដ្ឋាភិបាលក្រុងភ្នំពេញ។ ដល់ពេលគាត់ធ្វើចលនាអស់ចិត្ត សហគមន៍អន្តរជាតិក៏នៅស្ងៀមឈឹងគ្មានអ្នកណាធ្វើតាមសំណើរបស់គាត់ឡើយ។ សម រង្ស៊ី អស់ក្រឡាក៏ស្រាប់តែងាកមអង្វររកការចរចាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញដោយនិយាយថា មានតែខ្មែរ និងខ្មែរ ទេទើបអាចនិយាយគ្នាបាន។ សំណើរនេះក៏ត្រូវបានទាត់ចោលដោយបក្សកាន់អំណាចទៀត។ សម រង្ស៊ី កាន់តែអស់ក្រឡា ទ័លច្រកមែនទែន ក៏បែរមកនិយាយភូត ទៀតថា គាត់នឹងធ្វើយុទ្ធនាការឲ្យអង្គការសហប្រជាជាតិដកកៅអីកម្ពុជាពីរាជរដ្ឋាភិបាលក្រោយការបោះឆ្នោតខែកក្កដាខាងមុខ។ មិនដឹងថា បោះឆ្នោតហើយ ពេលដែលគ្មានអ្នកណាជួយគាត់សោះ អ្នកនយោបាយត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាត្ររូបនេះមានក្បាច់អីមកភូតទៀតទេ។

ប៉ុន្តែ អ្វីដែលពលរដ្ឋខ្មែរ ស្គាល់ក្រយៅគាត់ច្បាស់គឺ ផែនការបដិវត្តន៍ពណ៌ដែលមាន បរទេសនៅពីក្រោយខ្នង និងមានបណ្តាញជាអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ មួយចំនួន និងបណ្តាញផ្សាយព័ត៌មានបរទេសដូចជាវិទ្យុអាស៊ីសេរីជាដើមនោះ ដែលជាផែនការ ចុងក្រោយត្រូវបរាជ័យទាំងស្រុងនៅកម្ពុជា។ អ្វីដែលគេស្គាល់កាន់តែច្បាស់ទៀតនៅពេលនេះគឺ សម្តីរបស់សម រង្ស៊ី ជាសម្តីបំផ្លាញជាតិ បំផ្លាញកិត្តិយស ប្រទេសខ្លួនឯង ដើម្បីតែចង់បានអំណាច។ ចំណែកមារយាទរបស់ សម រង្ស៊ី គឺបញ្ជាក់ពីនយោបាយក្បត់ជាតិតពូជរបស់គ្រួសារត្រកូលគាត់យ៉ាងពិតប្រាកដ សម ដូចជាសុភាសិតបូរាណខ្មែរថា «សម្តីសជាតិ មារយាទស ត្រកូល»។ ជនក្បត់ជាតិដែល ប្រឆាំងនឹងផលប្រយោជន៍ ពលរដ្ឋខ្លួនឯង មិនដែលទទួល បានជោគជ័យឡើយ។ សូម លោក សម រង្ស៊ី ឬអ្នកនយោបាយដទៃទៀត ចាំទុកចុះ៕

ដោយ កូនខ្មែរ

អត្ថបទទាក់ទង