ខ្មែរប៉ុស្ដិ៍ Close

ផ្លូវនៅប្រាសាទបាគងកំពុងត្រូវបានរៀបចំអ៊ុតបេតុងកៅស៊ូ​ (AC) កម្រាស់​៦​ ស.ម​ ទទឹង ​៥-៦​ ម៉ែត្រ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 20

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការជួលជុលកែលម្អផ្លូវប្រាសាទបាគង​ ដែលភ្ជាប់ពីផ្លូវជាតិលេខ៦​ កាត់តាមប្រាសាទព្រះគោ​ ឆ្ពោះទៅជុំវិញប្រាសាទបាគង​។

ផ្លូវនេះមានប្រវែង ​២.៧៨១​ ម៉ែត្រ​ ទទឹង​៥-៦​ ម៉ែត្រ​ ហេីយនឹងត្រូវអ៊ុតបេតុងកៅស៊ូ​ (AC) កម្រាស់​៦​ ស.ម​. ចែកជាពីរស្រទាប់​ (ស្រទាប់ក្រោមពណ៌ខ្មៅ​និងស្រទាប់លេីពណ៌ក្រហមចាស់)​ ដេីម្បីឱ្យសមស្របតាមបទដ្ឋានបេតិកភណ្ឌពិភពលោក។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី​ បានណែនាំឱ្យក្រុមហ៊ុនអនុវត្ត​និងអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាត្រូវយកចិត្តទុកដាក់ខ្ពស់អនុវត្តតាមស្តង់ដារបច្ចេកទេស​ និងអនុសាសន៍របស់អ្នកជំនាញការអន្តរជាតិអាយសុីសុី-អង្គរ​ ព្រោះថាផ្លូវនេះមានសារ:សំខាន់​ណាស់​ ដែលនឹងបម្រេីនូវផលប្រយោជន៍បងប្អូនប្រជាពលដ្ឋដែលរស់នៅតំបន់ប្រាសាទបាគង​ និងសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ៕