ព្រលានយន្តហោះថ្មីនៅកម្ពុជាយ៉ាងតិចចំនួន៧ ស្ថិតក្នុងដំណាក់កាលសាងសង់ និងស្តារឡើងវិញ ចំណាយទុនវិនិយោគរាប់ពាន់លានដុល្លារ (Video inside)
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានលាតត្រដាងពីគម្រោងវិនិយោគ នៃការសាងសង់អាកាសយានដ្ឋានថ្មីៗ និងស្តារឡើងវិញ យ៉ាងតិចចំនួន៧ ដែលប្រើប្រាស់ទុនវិនិយោគរាប់ពាន់លានដុល្លារ។
ថ្លែងក្នុងសន្និសីទស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល» ដែលរៀបចំឡើងដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានលើកឡើងថា គម្រោងសាងសង់ព្រលានយន្តហោះថ្មីទាំង៧នេះ ដូចជាព្រលានយន្តហោះភ្នំពេញថ្មី, ព្រលានយន្តហោះខេត្តសៀមរាបថ្មី, ព្រលានយន្តហោះតារាសាគរកោះកុង, អាកាសយានដ្ឋានកោះកុង, ព្រលានយន្តប៉ោយប៉ែត, ព្រលានយន្តហោះខេត្តមណ្ឌលគិរី និងព្រលានយន្តហោះខេត្តបាត់ដំបង។
១៖ អាកាសយានដ្ឋានភ្នំពេញថ្មី ដែលកំពុងអភិវឌ្ឍន៍នៅខេត្តកណ្តាលជាប់ជាមួយខេត្តតាកែវ បាន និងកំពុងដំណើរការសាងសង់ ដែលមកដល់ពលនេះ ការកសាងសម្រេចបានប្រហែល៣០ភាគរយហើយ។ ព្រលានយន្តហោះភ្នំពេញថ្មីនេះ វិនិយោគរួមរវាងក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិន លើផ្ទៃដីទំហំប្រមាណ២,៦០០ហិកតា មានទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក។
២៖ អាកាសយានដ្ឋានសៀមរាបថ្មី ដែលធ្វើការវិនិយោគ ដោយក្រុមហ៊ុនយូណានរបស់ចិន មានទឹកប្រាក់ជាង៩៨០លានដុល្លារ។ បច្ចុប្បន្នហាក់មានការយឺតយ៉ាវ ដោយសារមានមូលហេតុ គឺទី១៖ ដោយសារសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក, ទី២៖ ដោយសាការធ្លាក់ នៃកំណើនទេសចរណ៍របស់កម្ពុជា និងទី៣៖ ដោយសារមានការកែសម្រួលភាគហុនិកឡើងវិញ។ ទោះជាមានការយឺតយ៉ាវក្តី ក៏ការបន្តអភិវឌ្ឍន៍នៅតែបន្តជារៀងរហូត។
៣៖ អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ដែលនឹងបញ្ចប់ដំណាក់កាលទី១ នៅខែធ្នូ ឆ្នាំ២០២០ វិនិយោគទឹកប្រាក់១៥០លានដុល្លារ ជាការវិនិយោគសម្រាប់គាំទ្រដល់វិស័យទេសចរណ៍។
៤៖ អាកាសយានដ្ឋានកោះកុង ដែលជាការវិនិយោគរួមគ្នារបស់លោកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុនថៃ Bangkok Airway ដែលវិនិយោគលើទីតាំងថ្មី មានចម្ងាយ២០គីឡូម៉ែត្រពីទីរួមខេត្ត ទុនវិនិយោគប្រហែល៦០លានដុល្លារ។ អាកាសយានដ្ឋានកោះកុងនេះ កំពុងស្ថិតក្នុងដំណាក់កាល សិក្សាផលប៉ះពាល់សង្គម និងបរិស្ថាន។
៥៖ អាកាសយានដ្ឋានប៉ោយប៉ែត ដែលគម្រោងវិនិយោគ ដោយក្រុមហ៊ុនអាកាសយានដ្ឋានប៉ោយប៉ែត មានទឹកប្រាក់ប្រមាណជាង៥០លានដុល្លារ ដើម្បីដល់វិស័យទេសចរណ៍ នៅតំបន់ប៉ោយប៉ែត ដែលជាពោលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា។
៦៖ អាកាសយានដ្ឋានខេត្តមណ្ឌលគិរី ដែលសាងសង់លើផ្ទៃដី៣០០ហិកតា ដែលកំពុងស្ថិតក្នុងដំណាក់សិក្សានៅឡើយ តាមការប៉ាន់ស្ថានអាចនឹងវិនិយោគប្រមាណជាង៦០លានដុល្លារ។ គម្រោងនេះ បានសិក្សារួចរាល់ និងបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច។
៧៖ អាកាសយានដ្ឋានបែកចាន ខេត្តបាត់ដំបង ដែលត្រូវកែលម្អឡើងវិញ ដើម្បីបម្រើដល់វិស័យទេសចរ និងការដឹកជញ្ជូន សម្រាប់រយៈពេលខ្លី និងមធ្យម។ គម្រោងនេះស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។
សូមជម្រាបថា សព្វថ្ងៃនេះកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ កំពុងតែដំណើរការ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋាន ដោយក្រុមហ៊ុន SCA របស់បារាំង៕
ប្រភព ៖ Fresh News