កូវីដ-១៩៖ បារាំងពន្យាការបិទខ្ទប់ប្រជាជន និងចង់ប្រើបច្ចេកវិទ្យាលើទូរស័ព្ទ ដើម្បីតាមស្កាត់ការចម្លង
គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី៩មេសានេះ តួលេខផ្លូវការបង្ហាញថា មានអ្នកស្លាប់ដោយកូវីដ-១៩ នៅបារាំង ចំនួន៧៦៣២នាក់ ដែលក្នុងនោះ ៥៤២នាក់ គឺស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខនេះ នៅមិនទាន់រាប់បញ្ចូល នូវចំនួនអ្នកស្លាប់ នៅតាមមណ្ឌលចាស់ជរា ដែលមានប្រមាណ៣២៣៧នាក់បន្ថែមទៀត ដែលគេជឿថា សុទ្ធតែបណ្តាលមកពីកូវីដ-១៩។ នៅថ្ងៃនេះដែរ រដ្ឋាភិបាលបារាំង បានប្រកាសថា បារាំងនៅមិនទាន់ឆ្លងផុតដំណាក់កាលគ្រោះថ្នាក់នៅឡើយទេ ហើយអំពាវនាវឲ្យប្រជាជនទាំងអស់ គោរពបញ្ជាសំងំក្នុងផ្ទះ ដើម្បីកាត់ផ្តាច់ការចម្លងរាលដាល។
ថ្ងៃទី៩មេសានេះ ចូលដល់ថ្ងៃទី២៤ហើយ ដែលប្រជាជនទូទាំងប្រទេសបារាំង ត្រូវសំងំនៅក្នុងផ្ទះ មិនអាចចេញទៅណាបាន លើកលែងតែទៅបរិវេណជិតផ្ទះ ដើម្បីទិញម្ហូបអាហារ ឬមានការចាំបាច់ពិសេសណាមួយ។ រាល់ការបំលាស់ទី ត្រូវតែមានលិខិតអនុញ្ញាត ពុំនោះទេនគរបាលអាចផាកពិន័យ។
ការហាមប្រជាជនឲ្យសំងំក្នុងផ្ទះ គឺដើម្បីកាត់ផ្តាច់ការចម្លងរាលដាល ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ធ្វើដូចនេះ គឺដើម្បីសម្រាលការលំបាកនៅតាមមន្ទីរពេទ្យ ព្រោះបើមានអ្នកឈឺច្រើនពេក គឺពេទ្យមិនអាចជួយទាន់ទេ។ តែយ៉ាងណាបច្ចុប្បន្ននេះ ប្រព័ន្ធសុខាភិបាលបារាំង កំពុងស្ថិតក្នុងការលំបាកខ្លាំងទៅហើយ ព្រោះថាចំនួនអ្នកជំងឺកូវីដដែលធ្ងន់ខ្លាំង គឺមានដល់ជាង៧ពាន់នាក់។ មនុស្សទាំង៧ពាន់នាក់នេះ កំពុងស្ថិតក្នុងការសង្រ្គោះបន្ទាន់ ហើយត្រូវការជាចាំបាច់នូវម៉ាស៊ីនជំនួយការដកដង្ហើម។
បន្តអនុវត្តវិធានការបិទខ្ទប់ប្រជាជន
ស្ថានភាពនៃការឆ្លងរាលដាល នៅមិនទាន់ថមថយកម្លាំងទេ មនុស្សឆ្លងចេះតែកើន អ្នកស្លាប់ក៏ចេះតែកើន។ តំបន់ភាគខាងជើងឈាងខាងកើត និងតំបន់ជុំវិញក្រុងប៉ារីស មានស្ថានភាពធ្ងន់ធ្ងរជាងគេ ដោយសារដង់ស៊ីតេប្រជាជនច្រើន ហើយមនុស្សមិនសូវជាគោរពបទបញ្ជាសំងំក្នុងផ្ទះទៀត។ ហេតុដូច្នេះហើយ បានជានៅប៉ារីស និងស្រុកចំនួន៥ជុំវិញក្រុងប៉ារីស អាជ្ញាធរបានរិតបន្តឹងបន្ថែម ដោយបានហាមមិនឲ្យមនុស្សចេញដើរ ធ្វើកីឡាទេចន្លោះពីម៉ោង១០ព្រឹក ដល់ម៉ោង៧ល្ងាច។
វិធានការបិទខ្ទប់ទាំងស្រុង ទូទាំងប្រទេសនេះ នឹងត្រូវចប់នៅថ្ងៃទី១៥មេសាខាងមុខនេះហើយ។ វិមានប្រធានាធិបតីបារាំង បានឲ្យដឹងកាលពីល្ងាចថ្ងៃពុធទី៨មេសា រដ្ឋាភិបាលនឹងពន្យារយៈពេលបិទខ្ទប់ទាំងស្រុងនេះបន្តទៀត តែមិនបានបញ្ជាក់ថា ថែមប៉ុន្មានសប្តាហ៍ទៀតនោះទេ។ នៅថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយនេះ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នឹងថ្លែងសារទៅកាន់ប្រជាជាតិបារាំងជាថ្មីម្តងទៀត ដើម្បីប្រាប់ពីការបន្តការបិទខ្ទប់នេះ ព្រមទាំងប្រកាសពីវិធានការថ្មីៗទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩។
កម្មវិធីលើទូរស័ព្ទដៃ “StopeCovid”
ទាក់ទិននឹងវិធានការថ្មីនេះដែរ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានដំណឹងថា រដ្ឋាភិបាលបារាំង មានគម្រោងប្រើប្រាស់បច្ចេកវិទ្យាលើទូរស័ព្ទ ដើម្បីតាមស្កាត់រកអ្នកឆ្លងមេរោគកូវីដ-១៩ ក៏ដូចជារកអ្នកដែលបានប្រាស្រ័យប៉ះពាល់ ជាមួយអ្នកផ្ទុកកូវីដ-១៩។លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង និងលោករដ្ឋលេខាធិការ ទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មានវិទ្យា បានលើកឡើងនៅក្នុងបទសម្ភាសន៍ក្នុងកាសែត Le Monde កាលពីថ្ងៃពុធម្សិលមិញ ថារដ្ឋាភិបាល កំពុងពិចារណា បង្កើតកម្មវិធីប្រើលើទូរស័ព្ទដៃ ដើម្បីតាមស្កាត់រកអ្នកណា ដែលអាចឆ្លងមេរោគកូវីដ-១៩។ កម្មវិធីនោះមានឈ្មោះថា « StopeCovid »។
យោងតាមមន្ត្រីបារាំងទាំង២នាក់នេះ កម្មវិធី « StopeCovid » នឹងដើរដោយ បច្ចេកវិទ្យា Bluetooth នៅតាមទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់ ហើយអាចដានដំណើរបំលាស់ទីរបស់ម្ចាស់ទូរស័ព្ទនោះ។ កាលណាមនុស្សម្នាក់ ដើរឬនៅជិតមនុស្សម្នាក់ទៀត កម្មវិធីនេះនឹងតភ្ជាប់គ្នារវាងទូរស័ព្ទទាំង២។ បើមានម្នាក់ មានផ្ទុកកូវីដ-១៩ គឺអាជ្ញាធរ នឹងអាចតាមដានដឹង ថាអ្នកផ្ទុកនោះ បានជួបនរណាខ្លះ បាននៅក្បែរនរណាខ្លះ។ ដូច្នេះ អាជ្ញាធរអាចជូនដំណឹងទៅមនុស្សទាំងនោះ ឲ្យប្រុងប្រយ័ត្នតាមដានសុខភាព ឬក៏អាចហៅមកធ្វើតេស្តរកមេរោគដែរ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានលើកឡើងពីបទពិសោធន៍កន្លងមក ថាអាជ្ញាធរខាតពេលច្រើនណាស់ ក្នុងការសាកសួរ ស៊ើបរកមនុស្សដែលបានប្រាស្រ័យ ប៉ះពាល់ជាមួយអ្នកផ្ទុកកូវីដ-១៩ ណាម្នាក់។ ដូច្នេះកម្មវិធីលើទូរស័ព្ទដៃនេះ អាចជួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការចម្លងរាលដាល បានលឿនរហ័សមួយកម្រិតទៀត ព្រោះគេអាចដឹងអត្តសញ្ញាណអ្នកដែលអាចឆ្លងបានលឿនរហ័ស ហើយអាចអនុវត្តវិធានការចាំបាច់បានលឿនរហស័ ដើម្បីផ្តាច់បណ្តាញចម្លងទៅអ្នកដ៏ទៃ។ មានប្រទេសមួយចំនួនបានប្រើ បច្ចេកវិទ្យាស្រដៀងគ្នានេះដែរដូចជានៅចិន សិង្ហបុរី ឬកូរ៉េខាងត្បូងជាដើម។
ប្រសិទ្ធិភាពតិច និងអាចបំពានសិទ្ធិឯកជន
ទាក់ទិននឹងការព្រួយបារម្ភពីសិទ្ធិឯកជននេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានសង្កត់ធ្ងន់ទៅលើលក្ខណៈមិនចាប់បង្ខំនៃការប្រើប្រាស់កម្មវិធី « StopeCovid » នេះ។ ពោលគឺប្រជាជនម្នាក់ៗ ជាអ្នកសម្រេចដោយខ្លួនឯង ថាចង់ទាញវាយមកប្រើ ឬក៏អត់ ហើយគេអាចលុបចេញវិញពេលណាក៏បាន។ លោករដ្ឋមន្ត្រីបារាំង អះអាងទៀតថា អាជ្ញាធរនឹងមិនទាញយកទិន្ន័យ របស់ម្ចាស់ទូរស័ព្ទ មកស្តុកទុកនោះទេ។ គឺគេនឹងលុបចោលវិញ ក្នុងពេលកំណត់ណាមួយ។
ដោយឡែក លោកស្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វិញ បានបញ្ជាក់ថា ក្រសួងលោកស្រី និងមិនធ្វេសប្រហែស បណ្តោយឲ្យកម្មវិធីទូរស័ព្ទដៃនេះ មកបំពានលើសិទ្ធិឯកជនជាមូលដ្ឋានរបស់ប្រជាជនជាដាច់ខាត។ លោកស្រីបានសង្កត់ធ្ងន់ថា បញ្ហានេះជាបញ្ហាធំ ដូច្នេះ មុននឹងបើកឲ្យប្រើកម្មវិធីនេះ គឺត្រូវតែមានការជជែកដេញដោលគ្នានៅក្នុងសភា ឲ្យបានអស់សេចក្តី។
ទាក់ទិននឹងទៅប្រសិទ្ធិភាព របស់កម្មវិធីបច្ចេកវិទ្យានេះ ក៏មានការរិះគន់ខ្លះៗដែរ។ យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញនៅសកលវិទ្យាល័យ Oxford ដែលជាអ្នកបានពិចារណាប្រើប្រព័ន្ធបច្ចេកវិទ្យាជួយទប់ស្កាត់ការឆ្លងកូវីដ-១៩នេះមុនគេ បានលើកឡើងថា ដើម្បីឲ្យកម្មវិធីលើទូរស័ព្ទដៃប្រភេទនេះ អាចមានប្រសិទ្ធិភាពបាន គឺទាល់តែប្រជាជនប្រមាណ៦០% ប្រើវា។ តែបញ្ហាចោទ គឺថា មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែមានទូរស័ព្ទដៃទំនើបនោះទេ ហើយបន្ថែមពីនេះទៀត គឺឈរលើគោលការណ៍ស្ម័គ្រចិត្តថែមទៀត។ ដូច្នេះប្រសិទ្ធិភាពនៃកម្មវិធី « StopeCovid » អាចមានតិច។
តែយ៉ាងណា លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានសង្កត់ធ្ងន់ថា គេត្រូវមើលកម្មវិធី « StopeCovid » ថាឧបករណ៍មួយ ក្នុងចំណោមឧបករណ៍ទាំងឡាយផ្សេងទៀត ដែលអាចជួយចូលរួមក្នុងការកាត់បន្ថយការឆ្លងរាលដាល។ វាមិនល្អប្រពៃគ្រប់ជ្រុងជ្រោយ តែវាអាចជួយ។ ពោលគឺយើង ត្រូវចេះច្បិចយកចំណុចល្អ របស់បច្ចេកវិទ្យាទំនើបមកប្រើ ដោយប្រុងប្រយ័ត្ននិងដោយការពារសិទ្ធិមូលដ្ឋានរបស់អ្នកប្រើ។ សម្រាប់ពេលនេះ មិនទាន់មានការសម្រេចជាផ្លូវការណាមួយ ថារដ្ឋាភិបាលបារាំង នឹងដាក់ឲ្យប្រើកម្មវិធី « StopeCovid » នេះទេ។ RFI