កូវីដ-១៩ ៖ ព្រះមហាក្សត្រីយានីអង់គ្លេសថ្លែងសារជាប្រវត្តិសាស្ត្រទៅកាន់ប្រជាជាតិ
ជាការដ៏កម្របំផុតដែលព្រះមហាក្សត្រីយានីអង់គ្លេស Elizabeth II ចេញថ្លែងសារទៅកាន់ប្រជាជាតិ។ តាមទម្លាប់ ព្រះមហាក្សត្រីយានី មានបន្ទូលតែនៅពេល ថ្លែងសុន្ទរកថាផ្លូវការនៅចំពោះមុខសភា និងក្នុងឱកាសបុណ្យណូអែល ឬគ្រីស្មាក់។ ប៉ុន្តែជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យពិភពលោកទាំងមូល បាក់ខ្លបស្ទើរគ្រប់គ្នា បានជំរុញឱ្យព្រះមហាក្សត្រីយានី ថ្លែងសុន្ទរកថា ពិសេស ទៅកាន់ប្រជាពលរដ្ឋរបស់ព្រះអង្គទាំងអស់ (អង់គ្លេសនិងរដ្ឋក្នុងខំមិនវាល) តាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃអាទិត្យទី ៥ មេសា វេលាម៉ោង៧យប់ ម៉ោងសកល។
តាមទម្លាប់ ព្រះមហាក្សត្រីយានី មានបន្ទូលតែនៅពេលត្រូវថ្លែងសុន្ទរកថា នៅចំពោះមុខសភា និងនៅតាមកញ្ចក់ទូរទស្សន៍ជាតិដើម្បីជូនពរពលរដ្ឋក្នុងឱកាសបុណ្យគ្រីស្មាក់។ ជាសរុប ងអំឡុងពេលគ្រងរាជ្យចំនួន៦៨ឆ្នាំ ព្រះអង្គចេញថ្លែងសារទៅកាន់ប្រជាជាតិ ក្នុងពេលមានទុក្ខភ័យខ្លាំង តែបីដងគត់ប៉ុណ្ណោះ។
លើកទីមួយ គឺនៅឆ្នាំ១៩៩១ នៅពេលពិភពលោកជួបសង្គ្រាមជាលើកដំបូងនៅតំបន់ឈូងសមុទ្ទពែក្ស។ លើកទីពីរ នៅឆ្នាំ១៩៩៧ ក្រោយពេលបុណ្យសពព្រះនាងDiana ដែលជាអតីតកូនប្រសារ និងដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងប៉ារីស និងនៅពេលព្រះមាតារបស់ព្រះអង្គសោយទីវង្គតនៅឆ្នាំ២០០២។
កាលពីឆ្នាំ២០១២ ព្រះមហាក្សត្រីយានីបានថ្លែងសារតាមកញ្ចក់ទូរទស្សន៍ទៅកាន់ប្រជាជាតិដែរ តែដោយមូលហេតុវិជ្ជមាន ដើម្បីអរគុណពលរដ្ឋ ក្នុងឱកាសខួប៦០ឆ្នាំនៃការគ្រងរាជ្យរបស់ព្រះអង្គ។
ប្រឈមនឹងជំងឺកូវីដ-១៩ ព្រះមហាក្សត្រីយានី បានសម្រេចព្រះទ័យថ្លែងសារ ទៅកាន់ប្រជាពលរដ្ឋរបស់ព្រះអង្គទាំងអស់ ពោលគឺប្រជាពលរដ្ឋរស់នៅអង់គ្លេស និង ពលរដ្ឋរស់នៅក្នុងប្រទេសដែលព្រះអង្គជាប្រមុខរដ្ឋ ឬហៅថាក្រុមប្រទេសCommonwealth (កាណាដា អូស្ត្រាលី និងសរុបជាង២០ប្រទេសផ្សេងទៀត)។
តាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃអាទិត្យនេះ វេលាម៉ោង៧យប់ ម៉ោងសកល។ ជាគម្រប់លើកទីបួន។
សុន្ទរកថារបស់ព្រះមហាក្សត្រីយានីនេះ ជាសារដែលបានថតទុកតាំងតែពីថ្ងៃទី ៣មេសាមក ពីដំណាក់ Windsor នៅជាយក្រុងឡុងដ៍ទីដែលព្រះមហាក្សត្រីយានីនិងស្វាមី សម្រាកនៅក្នុងអំឡុងពេល ឃុំព្រះកាយដូចពលរដ្ឋអង់គ្លេសទាំងឡាយដើម្បីទប់ស្កាត់ការចម្លងមេរោគកូរ៉ូណាថ្មី។
បើតាមសម្រង់ខ្លឹមសារដែលភ្នាក់ងារសារព័ត៌មានបារាំងទទួលបាន ព្រះមហាក្សត្រីយានី នឹងថ្លែងសារដែលផុសចេញពីព្រះទ័យរបស់ព្រះអង្គតែម្តង។
“ខ្ញុំសង្ឃឹមថា នៅឆ្នាំខាងមុខ គ្រប់គ្នានឹងមានមោទនភាពនឹងអ្វីដែលយើងជំនះបាននៅពេលនេះ! អ្នកដែលនឹងបន្តវេនពីយើង នឹងនិយាយថា ពលរដ្ឋអង់គ្លេសជំនាន់នេះ ខ្លាំងដូចជំនាន់មុនៗដែរ។ ជាពលរដ្ឋដែលមាន/ចេះស្វ័យគោរពវិន័យខ្ពស់ មុះមុត មានសប្បុរសធម៌ និងភាតរៈ”។ នេះជាសម្រង់ព្រះរាជបន្ធូលរបស់ព្រះមហាក្សត្រីយានី។ សុន្ទរកថាទាំងស្រុង នឹងចាក់ផ្សាយតាមទូរទស្សន៍ តាមវិទ្យុ និងតាមប្រព័ន្ធសង្គមរបស់រាជវាំង ដែលគ្រប់គ្នា អាចតាមដានស្តាប់បាន។
ព្រះមហាក្សត្រីយានីថ្លែងសារ វិបត្តិធ្ងន់ធ្ងរខ្លាំង
អន្តរាគមន៍របស់ព្រះមហាក្សត្រីយានីអេលីហ្សាបែតទីពីរ ប្រព្រឹត្តទៅក្នុងខណៈដែលអង់គ្លេសកត់ត្រាឃើញចំនួនអ្នកស្លាប់ កើនឡើងដល់កំរិតកំពូលបំបែកឯកត្តកម្មរាល់ថ្ងៃ។ ស្លាប់ថែម ៣៨១នាក់នៅថ្ងៃអង្គារ ៥៦៣នាក់នៅថ្ងៃពុធ ៥៦៩នៅថ្ងៃព្រហស្បតិ៍ ៦៨៤នាក់នៅថ្ងៃសុក្រ។ តុល្យាការផ្លូវការចុងក្រោយនៅថ្ងៃសៅរ៍បានបង្ហាញថា មានស្លាប់៧០៨នាក់ ក្នុងនោះមានម្នាក់ជាកុមារអាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ។ ដូច្នេះសូមប្រយ័ត្ន កូវីដ-១៩មិនមែនសម្លាប់តែជីវិតមនុស្សចាស់ និងអ្នកទន់ខ្សោយទេ។ ជាសរុប មានពលរដ្ឋអង់គ្លេស ស្លាប់ដោយកូវីដ-១៩ ចំនួន ៤៣១៣នាក់ ជាង៤ម៉ឺនមួយពាន់៩រយនាក់មានផ្ទុកមេរោគកូរ៉ូណា។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក ចនស៊ុន ផ្ទាល់ ក៏មានផ្ទុកមេរោគកូរ៉ូណា ព្រះអង្គម្ចាស់ ហ្សាល រាជបុត្រស្នងរាជរបស់អង់គ្លេស ទើបបានជាសះស្បើយពីជំងឺកូវីដ-១៩ ម្សិលម្ង៉ៃនេះទេ។
ស្ថិតក្នុងចំណោមអ្នកមានហានិភ័យខ្ពស់នឹងកូវីដ-១៩ ព្រះមហាក្សត្រីយានី ដែលមានព្រះជន្ម៩៣ព្រះវស្សា ស្វាមីព្រះជន្ម ៩៨ព្រះវស្សា បានជម្លៀសព្រះកាយទៅសម្រាកនៅវាំងវីស័រ តាំងពីថ្ងៃទី ១៩មីនា រយៈពេល១២សប្តាហ៍(ឬរហូតដល់ការរាតត្បាតស្ងប់ស្ងាត់) ដូចបណ្តាលពលរដ្ឋអង់គ្លេសវ័យលើសពី៧០ឆ្នាំឡើងទៅដែរ ។
អង់គ្លេសទើបប្តូរយុទ្ធសាស្ត្រ សម្រេចបិទខ្ទប់ប្រជាជន ចាប់ពីថ្ងៃទី ២៣មីនា សម្រាប់រយៈពេលបីសប្តាហ៍យ៉ាងតិច និងបានប្រកាសឱ្យប្រជាពលរដ្ឋត្រៀមលក្ខណៈប្រឈមនឹងផលវិបាកបង្កឡើងកូវីដ-១៩ ដោយសំឡឹងឃើញថាអង់គ្លេសអាចនឹងវិលមករកភាពធម្មតាវិញនៅរវាង៦ខែ។ ចំពោះមន្ទីរពេទ្យ អង់គ្លេសដ៏ដូចបារាំង កំពុងប្រើគ្រប់មធ្យោបាយធំ ទ្រទ្រង់រចនាសម្ព័ន្ធសុខាភិបាល ដែលអាចនឹងចាល់គ្រប់កន្លែង៕ RFI