ខ្មែរប៉ុស្ដិ៍ Close

សក្ដានុពលទេសចរណ៍តាមដងទន្លេ រួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញខ្ពស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 33
សក្ដានុពលទេសចរណ៍តាមដងទន្លេ រួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញខ្ពស់ សក្ដានុពលទេសចរណ៍តាមដងទន្លេ រួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញខ្ពស់

ក្នុងសារលិខិតអបអរសាទរពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ភាពសម្បូរបែបនៃសក្ដានុពលទេសចរណ៍ តាមដងទន្លេ បាននិងកំពុងរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សក្ដានុពលនេះក៏បានចូលរួមចំណែកសម្រេចចក្ខុវិស័យអាស៊ានជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក និងប្រកបដោយភាពកក់ក្ដៅ ស្របពេលដែល ទេសចរណ៍តាមដងទន្លេ ជាពិសេសទេសចរណ៍ទន្លេមេគង្គ បានក្លាយជាផលិតផលទេសចរណ៍សំខាន់មួយសម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ានផងដែរ។ លោកបានបន្តថា ទឹកទន្លេជាប្រភពនៃការចិញ្ចឹមជីវិត ជាទីកន្លែងដែលបណ្ដុះបណ្ដាល និងពូនជ្រុំនូវវប្បធម៌ និងអរិយធម៌។ ទន្លេជាអំណោយពីធម្មជាតិ បានផ្សារភ្ជាប់ប្រទេសនានាដែលទទួលទានទឹករួមគ្នាឱ្យក្លាយជាសហគមន៍វាសនារួមគ្នា ប្រកបដោយសមភាព ភាពស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ។

ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀត ដែលមិនត្រឹមតែចូលរួមចំណែក ក្នុងការផ្សព្វផ្សាយ ពីសក្ដានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់តាមដងទន្លេ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាននិងវប្បធម៌។

សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនេះនឹងធ្វើឡើងចាប់ពីថ្ងៃ១៣-១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិសុខ ទន្លេនៃវិបុលភាព»៕

អត្ថបទទាក់ទង