ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគ៖ ទំនាក់ទំនងកម្ពុជាចិន ជាមិត្តភាពដែកថែប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 57
អ្នកវិភាគ៖ ទំនាក់ទំនងកម្ពុជាចិន ជាមិត្តភាពដែកថែប អ្នកវិភាគ៖ ទំនាក់ទំនងកម្ពុជាចិន ជាមិត្តភាពដែកថែប

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមនឹងគណៈប្រតិភូកម្ពុជាជាមេដឹកនាំនៅលើពិភពលោកទី១ ដែលបានទៅទស្សនកិច្ចសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរួមនឹងប្រជាជនចិននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២០ អំឡុងពេលដែលប្រទេសចិនបាននិងកំពុងតែជួបការលំបាកយ៉ាងខ្លាំង ដោយសារតែជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគកូរ៉ូណាថ្មី ហើយប្រឈមនឹងការរើសអើងយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមអ្នកអួតខ្លួនថា ជាបិតានិងមាតាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។

ដំណើរទស្សនកិច្ចនៅប្រទេសចិន ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានាធិបតីចិន ជី ស៊ីនពីង និងនាយករដ្ឋមន្រ្តីចិន លី ខឺឈាង គឺមានអត្ថន័យជ្រាលជ្រៅណាស់ស្របតាមទិសស្លោកខ្មែរ «ជួយគ្នាក្នុងគ្រាក្រ សម្គាល់មិត្តល្អនៅក្នុងគ្រាមានអាសន្ន»។ ប្រធានាធិបតីចិន បានប្រកាសអរគុណចំពោះទឹកចិត្តរបស់កម្ពុជា និងលើកឡើងថា «កម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមិត្តដែកថែបរបស់ចិនដែលជួយគ្នាក្នុងគ្រាមានអាសន្ន» ដែលនេះគឺពិតជាសក្តិសមនឹងការប្រសិទ្ធនាមរបស់មេដឹកនាំចិនថា ទំនាក់ទំនងកម្ពុជានិងចិនជា«មិត្តភាពដែកថែប» ដែលមិនអាចនរណាមកបំបែកបានឡើយ។

ទោះបីជាដំណើរទស្សនកិច្ចមានរយៈពេលខ្លី ប៉ុន្តែមានអត្ថន័យជ្រៅ និងប្រកបដោយសុទិដ្ឋិនិយម និងពោរពេញដោយអត្ថរស៖ ទី១-បង្ហាញសាមគ្គីភាពជាមួយ រដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ ទី២- ដើម្បីពង្រឹងនូវស្មារតី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា រស់នៅនិងសិក្សានៅប្រទេសចិន ឱ្យបន្តស្នាក់នៅប្រទេសចិនទៀត តស៊ូជាមួយប្រជាពលរដ្ឋចិន ទី៣- បញ្ជូនសារទៅប្រជាពលរដ្ឋកម្ពុជាជំងឺរបស់ពលរដ្ឋកម្ពុជា មិនមែនជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» នោះទេ គឺជំងឺភ័យខ្លាច ហើយមកដល់ពេលនេះមិនទាន់មានពលរដ្ឋកម្ពុជាណាម្នាក់កើតជំងឺនេះទេ។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងប៉េកាំងពិតជាបានបង្ហាញថា កម្ពុជាជាមិត្តល្អរបស់ប្រទេសចិននៅគ្រប់កាលៈទេសៈទាំងអស់ ខណៈប្រទេសខ្លះ ហាក់បីដូចជាកំពុងធ្វើសង្គ្រាមចិត្តសាស្ត្រធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។

ក្នុងកាលៈទេសៈនេះ ពិភពលោកចាំបាច់ត្រូវរួមកម្លាំងគ្នាដើម្បីទប់ស្កាត់ការរាតត្បាតវីរ៉ុសកូរ៉ូណាថ្មីនេះឱ្យខានតែបានសិន ជាជាងការឆ្លៀតឱកាសវាយប្រហារ ស្តីបន្ទោស ឬទាញយកផលប្រយោជន៍សេដ្ឋកិច្ចនិងនយោបាយ និងបង្កើតការរើសអើងប្រកាន់ពូជសាសន៍។ កាយវិការដែលមេដឹកនាំកម្ពុជា ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកដៃកូនប្រុសរបស់ខ្លួន រួមនឹងសមាជិករដ្ឋាភិបាលរបស់ខ្លួនទៅកាន់ប្រទេសចិន ជាសកម្មភាពមនុស្សធម៌ និងការចូលរួមលើកទឹកចិត្ត និងចូលរួមចែករំលែកសមានទុក្ខ និងចែករំលែកក្តីកង្វល់ជាមួយប្រទេសចិនដែលប្រជាពលរដ្ឋខ្លួន បានរងគ្រោះពីជំងឺផ្លូវដង្ហើម ហើយរហូតមកទល់ពេលនេះបាន សម្លាប់មនុស្សជាច្រើនរយនាក់ និងមនុស្សជាច្រើនពាន់នាក់ទៀត បានឆ្លងនិងកំពុងទទួលការព្យាបាល។ កម្ពុជាជួយគាំទ្រនិងលើក ទឹកចិត្តប្រទេសចិនជានិច្ច និងបង្ហាញពីចំណងសាមគ្គីភាពយ៉ាងស្អិតរមួតជាទីបំផុតជាមួយនឹងប្រទេសនិងប្រជាជនចិន ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈលំបាកយ៉ាងណា។

កម្ពុជានិងចិន មានទំនាក់ទំនងការទូតជាមួយគ្នា មានអាយុកាលយូរលង់ណាស់មកហើយ។ ចាប់ពីឆ្នាំ២០១៩មក ទំនាក់ទំនងកម្ពុជានិងចិនបានចាប់ផ្តើមក្នុង ទំព័រសករាជថ្មី ដោយបានអនុវត្តនយោបាយជោគវាសនារួមគ្នា។ ចំណែកលោកប្រធានាធិបតី ក៏បានលើកឡើងថា រដ្ឋាភិបាលចិននឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិន មកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផលពីកម្ពុជាចូលប្រទេសចិន។ លោកប្រធានាធិបតីបានស្នើកម្ពុជាធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ ដែលគាំទ្រដល់ការវិនិយោគ និងធ្វើធុរកិច្ច។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជម្រាបជូនថ្នាក់ដឹកនាំចិនថា កម្ពុជាគាំទ្រប្រទេសចិន ហើយកម្ពុជាចូលរួម និងរួមសុខរួមទុក្ខជាមួយប្រទេសចិនជានិច្ច។

នេះហើយជាគុណធម៌របស់ជាតិនិងប្រជាជនកម្ពុជាចំពោះមិត្តភក្តិដែលបានផ្តល់តម្លៃលើមិត្តភាព និងការគោរពបូរណភាពដែនដី និងអធិបតេយ្យភាពជាតិរបស់រដ្ឋឯករាជ្យដូចកម្ពុជា។ កម្ពុជាដែលអនុវត្តបាវចនាដឹកនាំប្រទេសដាក់ចុះដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន «កំណែទម្រង់ខាងក្នុង ពង្រីកមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ»។ កម្ពុជាមិនយកប្រទេសណាមួយជាសត្រូវឡើយ ហើយប៉ងប្រាថ្នារស់នៅក្នុងគោល ការណ៍សន្តិសហវិជ្ជមានរួមគ្នាដើម្បីថែរក្សាសណ្តាប់ធ្នាប់ពិភពលោក៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២០

អត្ថបទទាក់ទង