ខ្មែរប៉ុស្ដិ៍ Close

តើដឹងទេថាស្ពានបុរាណតាមបណ្តោយផ្លូវជាតិលេខ៦ពីប្រាសាទបាគងដល់ទីប្រជុំជនកំពង់ក្តីមានចំនួនប៉ុន្មាន?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨ ឯកសារ 34
តើដឹងទេថាស្ពានបុរាណតាមបណ្តោយផ្លូវជាតិលេខ៦ពីប្រាសាទបាគងដល់ទីប្រជុំជនកំពង់ក្តីមានចំនួនប៉ុន្មាន? តើដឹងទេថាស្ពានបុរាណតាមបណ្តោយផ្លូវជាតិលេខ៦ពីប្រាសាទបាគងដល់ទីប្រជុំជនកំពង់ក្តីមានចំនួនប៉ុន្មាន?

ផ្លូវជាតិលេខ៦ ពីបាគងទៅទីប្រជុំជនកំពង់ក្តី គឺរត់លើកំណាត់ផ្លូវបុរាណពីសម័យអង្គរ ហើយតាមការស្រាវជ្រាវរបស់អ្នកបុរាណវិទ្យាបានរកឃើញថា កំណាត់ផ្លូវនេះមានស្ពានបុរាណចំនួន២១ ក៏ប៉ុន្តែបច្ចុប្បន្នស្ពានបុរាណចំនួន១០ បានខូចបាត់រូបរាង ហើយមាននៅសល់តែស្ពានចំនួន១១ ប៉ុណ្ណោះ ដែលអាចរក្សាបាន។

ការខូចខាតបាត់បង់ក៏ព្រោះតែកត្តាពេលវេលា ការខ្វះខាតកិច្ចការគាំពារនាពេលប្រទេសស្ថិតក្នុងស្ថានប្រទាញប្រទង់ដោយសារសង្រ្គាមស៊ីវិល ហើយស្ពានដែលមាននៅសល់ទាំង១១ នោះមានដូចជា ស្ពានអូរចិញ្ជៀន ស្ពានតូច ស្ពានថ្មបាយក្រៀម ស្ពានថ្ម ស្ពានតាមាស ស្ពានភូមិអូរ ស្ពានថ្នាល់ដាច់ ស្ពានស្វាយ ស្ពានបឹងអំពិល ស្ពានខ្ពស់ និងស្ពានព្រះទិស

កន្លងមកស្ពានបុរាណទាំង១១នេះ មានការទ្រុឌទ្រោមខ្លាំង ទើបនៅឆ្នាំ២០១៣ នៅពេលធ្វើការជួសជុលផ្លូវជាតិលេខ៦ឡើងវិញ ទើបអាជ្ញាធរជាតិអប្សរាបានស្នើសុំក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនចិនដែលទទួលម៉ៅការធ្វើផ្លូវវាងស្ពានបុរាណទាំងនោះ ដើម្បីថែរក្សា អភិរក្សស្ពានទាំងនោះឱ្យបានគង់វង្សតកូនចៅ និងសម្រាប់បម្រើវិស័យទេសចរណ៍ផង។

ក្នុងន័យថែរក្សានិងលើកតម្លៃស្ពានបុរាណទាំងនោះ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានយកចិត្តដាក់ថែទាំនិងលើកតម្លៃស្ពានបុរាណ ដូចជា ស្ពានព្រះទិស ដោយដាក់ឱ្យមានភ្នាក់អភិរក្សចំនួន៤នាក់ បំពេញការងារជាអចិន្រ្តៃយ៍ បានកសាងរោងឆ្មាំ១ខ្នង បង្គន់អនាម័យ១ខ្នង មាន៤បន្ទប់ សម្រាប់បម្រើទេសចរ។ ដោយឡែកស្ពានបុរាណចំនួន១០ទៀត យើងបានដាក់ស្លាកឈ្មោះស្ពានបុរាណតាមស្ពាននីមួយៗ ដើម្បីឱ្យភ្ញៀវទេសចរបានស្គាល់ ព្រមទាំងធ្វើការសម្អាតជារៀងរាល់ខែរួមមាន ការកាប់ឆ្ការរុក្ខជាតិតូចធំ រើសសំរាមជុំវិញស្ពាន និងមើលស្ថានភាពស្ពានជាដើម ៕