ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៖ គិតត្រឹមថ្ងៃទី១១ ខែតុលា ម្សិលមិញនេះ រាជធានី-ខេត្ត ១៦ហើយ ដែលរងការប៉ះពាល់ពីជំនន់ទឹកភ្លៀង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 48
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៖ គិតត្រឹមថ្ងៃទី១១ ខែតុលា ម្សិលមិញនេះ រាជធានី-ខេត្ត ១៦ហើយ ដែលរងការប៉ះពាល់ពីជំនន់ទឹកភ្លៀង អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៖ គិតត្រឹមថ្ងៃទី១១ ខែតុលា ម្សិលមិញនេះ រាជធានី-ខេត្ត ១៦ហើយ ដែលរងការប៉ះពាល់ពីជំនន់ទឹកភ្លៀង

គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៣៖០០រសៀល មានរាជធានី-ខេត្ត ចំនួន១៦ហើយ ដែលរងការប៉ះពាល់ពីជំនន់ទឹកភ្លៀង នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។

ឯកឧត្តម បានគូសបញ្ជាក់ថា៖ “ដោយទទួលរងនូវឥទ្ធិពលព្យុះទី១១ និងសម្ពាធទាបមួយចំនួន បានធ្វើឱ្យកម្ពុជាយើងមានភ្លៀងធ្លាក់ច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសគឺខេត្តនៅតាមមាត់សមុទ្រ តំបន់ខ្ពង់រាបភាគខាងជើង និងភាគពាយ័ព្យ ដែលបានបង្កឱ្យមានជំនន់ទឹកភ្លៀងនេះឡើង”។

ជំនន់ទឹកភ្លៀងនេះ គិតត្រឹមថ្ងៃទី១១ ខែតុលា បានប៉ះពាល់រាជធានី-ខេត្ត ចំនួន១៦ហើយ (ខេត្តភាគពាយ័ព្យ រងគ្រោះធ្ងន់ធ្ងរជាងគេ) ស្មើនឹង៥១ស្រុក/ក្រុង និង១៥៧ឃុំ/សង្កាត់ ដោយក្នុងនោះក៏បានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង ១០១ ៨១២នាក់ និង ២៤ ៦៦៦ខ្នងផ្ទះ ខណៈប្រជាពលរដ្ឋប្រមាណ ៩ ៥៦០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយឡែកប្រជាពលរដ្ឋ ០៩នាក់ បានស្លាប់ដោយសារគ្រោះទឹកជំនន់នេះ។

ឯកឧត្តមអ្នកនាំពាក្យបានបន្ថែមថា គ្រោះទឹកជំនន់នេះក៏បានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករប្រមាណ ៣៩ ៤៦២ ហិកតា និងដំណាំរួមផ្សំប្រមាណ ៣៤ ១៨៨ ហិកតា។

ក្នុងខណៈពេលដែលគ្រោះទឹកជំនន់កំពុងវាយប្រហារនេះផងដែរ ខេត្តចំនួន១៧ ស្មើប្រមាណ ២៧ក្រុង/ស្រុក បែរជារងផលប៉ះពាល់ពីគ្រោះរាំងស្ងួតទៅវិញ ដែលបណ្តាលឱ្យប៉ះពាល់ស្រូវប្រមាណ ៨៣ ៧៣៣ហិកតា។

ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានហ្វឹកហាត់កងកម្លាំងប្រដាប់អាវុធចំនួន ១ ០០០នាក់ ទុកជាមុនរួចហើយដើម្បីក្លាយជាអ្នកសង្គ្រោះ នៅពេលទឹកជំនន់នេះ ហើយកងកម្លាំងទាំងនេះក៏បាន និងកំពុងសង្គ្រោះប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួនដែលរងគ្រោះធ្ងន់ធ្ងរហើយដែរ។

ដោយឡែក ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានដាក់ចេញនូវបទបញ្ជាឱ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ផងដែរ៕