ខ្មែរប៉ុស្ដិ៍ Close

ក្រសួងបង្កើនវិធានការជំរុញចលនាទេសចរណ៍ក្នុងស្រុក ខណៈទេសចរអន្តរជាតិ ព្រួយបារម្ភលើការរាលដាលវីរុសកូរ៉ូណា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 52
ក្រសួងបង្កើនវិធានការជំរុញចលនាទេសចរណ៍ក្នុងស្រុក ខណៈទេសចរអន្តរជាតិ ព្រួយបារម្ភលើការរាលដាលវីរុសកូរ៉ូណា ក្រសួងបង្កើនវិធានការជំរុញចលនាទេសចរណ៍ក្នុងស្រុក ខណៈទេសចរអន្តរជាតិ ព្រួយបារម្ភលើការរាលដាលវីរុសកូរ៉ូណា

ក្រោយពីចុះត្រួតពិនិត្យដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី២៦ ខែមករានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាល គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាមិនទាន់ជួបប្រទះអ្នកដំណើរ ឬទេសចរណាម្នាក់ ត្រូវបានសង្ស័យថាឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី «កូរ៉ូណាវីរុស» នៅឡើយទេ។

តាមរយៈការចុះត្រួតពិនិត្យ និងការសាកសួរពីមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប លោករដ្ឋមន្ត្រីបានសង្កេតឃើញ និងទទួលបានព័ត៌មានថា ចំនួនភ្ញៀវទេសចរមានការថយចុះជាងប៉ុន្មានថ្ងៃមុន ដែលមិនទាន់មានការផ្ទុះឡើងនូវជំងឺនេះនៅប្រទេសចិន ព្រោះប្រទេសចិនក៏បានហាមឃាត់ប្រជាជនខ្លួននៅទីក្រុងអ៊ូហាន់ (Wuhan) មិនឱ្យធ្វើដំណើរចេញក្រៅប្រទេសដែរ។ ប្រសិនបើជំងឺនៅតែរីករាលដាល ភ្ញៀវទេសចរអន្តរជាតិនឹងកាត់បន្ថយការចេញទស្សនាក្រៅប្រទេសរបស់ខ្លួន។

ហេតុដូច្នេះហើយទើបលោករដ្ឋមន្ត្រីបានបញ្ជាឱ្យសេនាធិការកោះប្រជុំគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងផ្នែកឯកជនបន្ទាន់ ដើម្បីបន្តជំរុញចលនាទេសចរណ៍ក្នុងស្រុកឱ្យបានកាន់តែខ្លាំងថែមទៀត និងដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកអាជីវកម្ម និងឧស្សាហកម្មទេសចរណ៍ ដូចដែលកម្ពុជាធ្លាប់ជួបប្រទះ និងបានរួមគ្នាទប់ស្កាត់នៅពេលមានការផ្ទុះឡើងនូវជំងឺ SARS ក្នុងពិភពលោកកាលពីឆ្នាំ២០០៣។

លោកបានបន្តថា ការជំរុញចលនាទេសចរណ៍ក្នុងប្រទេសនេះ គឺជាវិធានការមួយដ៏សំខាន់ដែលអង្គការទេសចរណ៍ពិភពលោកទទួលស្គាល់ ក្នុងពេលដែលវិស័យទេសចរណ៍ត្រូវទទួលរងនូវផលប៉ពាល់ពីជំងឺឆ្លង ឬវិបត្តិសេដ្ឋកិច្ចសកល។ ការធ្វើដំណើរបស់ទេសចរក្នុងស្រុកនឹងចូលរួមចំណែកទ្រទ្រង់យ៉ាងសំខាន់ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅពេលដែលការធ្វើដំណើររបស់ទេសចរអន្តរជាតិមានការធ្លាក់ចុះ។

នៅពេលមានវិបត្តិដូចនេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវការត្រឹមចំណូល ដើម្បីទូទាត់ថ្លៃអគ្គិសនី ទឹក និងប្រាក់ខែសម្រាប់បុគ្គលិកមួយចំណែកប៉ុណ្ណោះ។ ដូចនេះផ្នែកឯកជនផ្ទាល់ត្រូវចាត់ការកែសម្រួលការគ្រប់គ្រងអាជីវកម្ម ដោយរស់រវើកតាមសភាពការណ៍ ចូលរួមកាត់បន្ថយកញ្ចប់ទស្សនកិច្ច កាត់បន្ថយថ្លៃចំណេញ ចូលរួមបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា ជាមួយរដ្ឋបាលមូលដ្ឋានជាដើម។ រីឯបុគ្គលិក និងនិយោជកដែលបម្រើការងារតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋានជាដើមនោះ ក៏ត្រូវមានការយោគយល់គ្នាទៅវិញទៅមកជាមួយម្ចាស់មូលដ្ឋាន។

លោកបញ្ជាក់ថា ការងារដូចនេះកម្ពុជាក៏ធ្លាប់ជួបប្រទះ ហើយបានរួមគ្នាឆ្លងកាត់រួចហើយ។ ចំពោះមុខមុនបង្អស់ ការចាំបាច់សំខាន់បំផុត គឺត្រូវរួមគ្នាទប់ស្កាត់ និងកម្ចាត់ការរីករាលដាលនៃជំងឺដ៏សាហាវនេះឱ្យខាងតែបាន។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន នាថ្ងៃទី២៩ ខែមករា ខាងមុខ លោកនឹងដឹកនាំកិច្ចប្រជុំការងារធំមួយជាមួយផ្នែកពាក់ព័ន្ធលើការងារនេះ៕

Fresh News

អត្ថបទទាក់ទង