លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការប្រើកម្លាំងមិនអាចដោះស្រាយបញ្ហាបាននោះទេ មានតែការចរចា និងកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការប្រើកម្លាំងមិនអាចដោះស្រាយបញ្ហាបាននោះទេ មានតែការចរចា និងកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ
ក្នុងជំនួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ទោ Goh Si Hou មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកពុំមានការជឿជាក់ថា ការប្រើកម្លាំងអាចដោះស្រាយបញ្ហាបាននោះទេ ផ្ទុយទៅវិញ ការចរចា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទេ ដែលដោះស្រាយរាល់បញ្ហាទាំងឡាយបាន។
ក្នុងន័យនេះ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រឹងប្រែងធ្វើយ៉ាងណាកែប្រែព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាង អាចក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ លើសពីនោះទៅទៀត គឺការកែប្រែតំបន់ដែលធ្លាប់ជាអតីតសមរភូមិប្រយុទ្ធឲ្យទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា កងទ័ពកម្ពុជា-សិង្ហបុរី ចាំបាច់ត្រូវចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមក ក៏ដូចជាការហ្វឹកហាត់រួមគ្នាផងដែរ។ នៅពេលនេះពិភពលោកមានការរត់ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើង បើប្រៀបធៀបទៅនឹងជំនាន់សង្គ្រាមត្រជាក់ ក្នុងន័យនេះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរពិតជាមានសារៈសំខាន់។
លោកនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោក Goh Si Hou អំពីនយោបាយរបស់កម្ពុជា គឺប្រជាពលរដ្ឋជាខឿនការពារជាតិកម្ពុជា កងទ័ពមានតួនាទីសំខាន់ក្នុងការការពារជាតិ ក៏ប៉ុន្តែក្រៅពីនេះកងទ័ពកម្ពុជា ក៏មានតួនាទីចូលរួមក្នុងការជួយបង្កបង្កើនផល ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានគ្រោះអន្តរាយ និងចូលរួមការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
លោកឧត្តមសេនីយ៍ទោ Goh Si Hou បាន បានបង្ហាញនូវក្តីរីករាយរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត ផងដែរ ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ទោបន្តទៀតថា លោករួមជាមួយនឹងលោក ហ៊ុន ម៉ាណែត នឹងបន្តធ្វើការជាមួយគ្នា ធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ រួមទាំងផលប្រយោជន៍អាស៊ានផងដែរ។ ជាមួយគ្នានេះផងដែរ លោកបានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ផងដែរថា កងទ័ពទាំងពីរកន្លងមក មានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អ ហើយលោក និងលោក ហ៊ុន ម៉ាណែត នឹងបន្តនូវទំនៀមទម្លាប់កិច្ចសហប្រតិបត្តិការល្អនេះជាបន្តទៀត៕



