ខ្មែរប៉ុស្ដិ៍ Close

សារលិខិតរបស់សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើជូនអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 53
សារលិខិតរបស់សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើជូនអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម សារលិខិតរបស់សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើជូនអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។

សារលិខិតនេះ មានខ្លឹមសារទាំងស្រុងថា ៖

​ឯកឧត្តម​ជាទីស្រឡាញ់​រាប់អាន​!

ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង ​ដោយ​បាន​ទទួល​នូវ​សារលិខិត​សួរសុខទុក្ខ​របស់​ឯកឧត្តម​ ចុះ​ថ្ងៃទី ១៩ ខែមេសា​ឆ្នាំ ២០២១។ ក្នុងនាម​គណបក្សប្រជាជន​កម្ពុជា ​រាជរដ្ឋាភិបាល ​ប្រជាជន​កម្ពុជា​ និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់​ ខ្ញុំសូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​បក្ស​ រដ្ឋ ​និង​ប្រជាជន​វៀតណាម​ ដែល​តែង​តែ​យកចិត្តទុកដាក់ ​ដល់​ការ​ថែរក្សា​នូវ​ចំណងមិត្តភាព​ សាមគ្គីភាព​ និង​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​នៅ​គ្រប់​កា​លៈ​ទេ​សៈ​ទាំងអស់​។

ជា​ការពិត​ប្រទេស​យើង​ទាំងពីរ ​ក៏ដូចជា​សហគមន៍​អន្តរជាតិ​ កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​ ក្នុង​ប្រវត្តិ​សា​ស្រ្ត​មនុស្សជាតិ​ ដោយសារ​ជំងឺ​កូ​វី​ដ -១៩ ដែល​បាន​និង​កំពុង​បង្ក​វិបត្តិ​យ៉ាង​ធំធេង​ ចំពោះ​សុខភាព​សាធារណៈ​សង្គម​និង​សេដ្ឋកិច្ច​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ខ្ញុំសូម​កោតសរសើរ​ ចំពោះ​វិធានការ​យ៉ាង​ឆាប់រហ័ស​ ប្រកបដោយ​ទំនួលខុសត្រូវ​ខ្ពស់ ​និង​យ៉ាង​មានប្រសិទ្ធភាព​របស់​វៀតណាម​ ព្រម​ទាំង​ការ​រួមចំណែក​ជា​សកល​ ក្នុង​ការ​ទប់ស្កាត់​ជំងឺរាតត្បាត​នេះ​ តាមរយៈ​ការ​គាំទ្រ​ និង​ការ​ផ្តល់​ជំនួយ​ដល់​សហគមន៍​អន្តរជាតិ ​ក៏ដូចជា​កម្ពុជា​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ និង​ពហុភាគី​។

នៅ​កម្ពុជា​ ទោះបីជា​យើង​បាន​ទទួលជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ -១៩ បាន​ស្ទើរ​ពេញ​មួយ​ឆ្នាំ ២០២០ ក៏​សង្គ្រាម​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ កំពុង​វិវត្តន៍​មកដល់​ដំណាក់កាល​ថ្មី​ដែល​ស្មុគស្មាញ​ជាពិសេស​ក្រោយ​ការ​ផ្ទុះ​“ ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​” ។ បច្ចុប្បន្ន​ ក្រសួងសុខាភិបាល ​រួម​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត ​ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែ​ត​ បាន​និង​កំពុង​រៀបចំ​មន្ទីរ​ព្យាបាល​ជម្ងឺ​កូ​វី​ដ -១៩ យ៉ាង​ដុតដៃដុតជើង​ ដើម្បី​សម្រាលទុក្ខ​លំបាក​ និង​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។

ខ្ញុំសូម​ស​ម្តែ​ង​នូវ​ការ​ពេញចិត្ត​ ចំពោះ​ការ​រីកចម្រើន​ដ៏​ល្អ​ប្រសើរ ​នៃ​កិច្ច​សហប្រតិបត្តិការ​ រវាង​គណបក្ស​រដ្ឋាភិបាល​ និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ ​ស្របតាម​ទិសស្លោក ​«​ភាព​ជា​អ្នកជិតខាង​ល្អ ​មិត្ត​ភាព​ជា​ប្រពៃណី ​កិច្ច​សហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ ​និង​ស្ថិរភាព​យូរអង្វែង​»​។

ខ្ញុំ​សូមជូនពរ​ឱ្យ​ទំនាក់ទំនង​សាមគ្គីភាព ​មិត្ត​ភាព​ជា​ប្រពៃណី​ និង​កិច្ច​សហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ ​រវាង​គណបក្ស ​រដ្ឋាភិបាល​ និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ ​កាន់តែ​រីកចម្រើន​រឹងមាំ​ជាលំដាប់​៕

អត្ថបទទាក់ទង