ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសាធារណៈការ ​ប្រកាស​បើក​ឲ្យ​ដំណើរ​ការ​ចុះ​បញ្ជី​ស្លាក​លេខ​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្តចាប់ពីថ្ងៃទី៧ខែមករានេះតទៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 74
ក្រសួងសាធារណៈការ ​ប្រកាស​បើក​ឲ្យ​ដំណើរ​ការ​ចុះ​បញ្ជី​ស្លាក​លេខ​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្តចាប់ពីថ្ងៃទី៧ខែមករានេះតទៅ ក្រសួងសាធារណៈការ ​ប្រកាស​បើក​ឲ្យ​ដំណើរ​ការ​ចុះ​បញ្ជី​ស្លាក​លេខ​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្តចាប់ពីថ្ងៃទី៧ខែមករានេះតទៅ

ក្រសួង​សាធារ​ណៈការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​នេះ បាន​ប្រកាស​បើក​ឲ្យ​ដំណើរ​ការ​ចុះ​បញ្ជី​ស្លាក​លេខ​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្ត ​ដោយ​មាន​តម្លៃ​ចាប់​ពី​២​លាន​រៀល​ឬ​ស្មើ​នឹង​៥០០​ដុល្លារអាមេរិក​​ឡើង​ទៅ​។ មន្ត្រី​ជំនាញ​បាន​ធ្វើ​ការ​ពន្យល់​ថា ការ​ធ្វើស្លាក​ធ្វើ​លេខ​ពិសេសនេះ គឺ​ម្ចាស់​យានយន្ត​អាច​កំណត់​អក្សរ ឬ​លេខ​ទៅ​តាម​អ្វី​ដែល​ពួកគេ​ចង់​បាន ហើយក៏​អាច​រក្សា​ទុក​ស្លាក​លេខ​ពិសេស​នេះ​ប្រើប្រាស់​ពេញ​មួយ​ជីវិត បើ​ទោះបី​ជា​រថយន្ត​ត្រូវ​បាន​លក់​បន្ត​ក៏​ដោយ​។

អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជួន លោក ហ៊ាង សុទ្ធាយុត្តិ ដែល​ជា​អ្នក​ជំនាញ​ក្នុង​រៀប​ចំ​ដាក់​ឲ្យ​ដំណើរ​ការ​ចុះ​បញ្ជីស្លាក​លេខ​ពិសេស​ផ្ទាល់​ខ្លួន​នេះ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ថា ការ​ដាក់​ឲ្យ​ដំណើរ​ស្លាក​លេខ​ពិសេស​នេះ​ដើម្បី​ធ្វើ​ទំនើប​កម្ម​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​កា​រគ្រប់​គ្រង​និងជា​ការបង្កើន​ការ​ប្រមូល​ថវិកា​ជាតិ​ផង​ដែរ។ សម្រាប់​តម្លៃ​នៃស្លាក​លេខពិសេស​គឺមាន​ចា​ប់​ពី​២​លាន​រៀល​ឬ​ស្មើ​នឹង​៥០០​ដុល្លារ​អាមេរិក​ឡើង​ទៅ​។ ស្លាកលេខ​ពិសេស​នេះ​ គឺ​ម្ចាស់​រថយន្ត​អាច​បញ្ជាទិញ​​ដោយ​ដាក់​ឈ្មោះ​ផ្ទាល់​ខ្លួន ​ឬ​ឈ្មោះ​ពិសេស​ណា​មួយ​សម្រាប់​សំគាល់​អត្តសញ្ញាណ​ខ្លួន​ឯង​ ហើយ​នៅ​ពេល​លក់​រថយន្ត​ឬ​ប្តូរ​ម្ចាស់​កម្ម​សិទ្ធិ គឺ​អាច​ដក​ហូត​ស្លាក​លេខនោះ​ចេញ​ដោយ​រក្សា​ទុក​ប្រើ​ផ្ទាល់​ខ្លួន​អស់​មួយជីវិត។ ​នេះ​គឺ​ជា​ការ​ពន្យល់​របស់​លោក ហ៊ាង សុទ្ធាយុត្តិ ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា និងទំនាក់​ទំនង​សាធារណៈ​រូបនេះ បាន​ពន្យល់​ទៀត​ថា មូល​ហេតុ​ដែល​ក្រសួង​នឹក​ឃើញ​វិធី​សាស្ត្រ​ចេញ​ស្លាកលេខ​ពិសេស​នេះ គឺ​ដោយ​យោង​លើ​ការ​ស្ទង់​មតិ​ដែល​បង្ហាញថា ពលរដ្ឋ​ដែល​មាន​ជីវភាព​ធូធារ ឬ​អ្នក​ស៊ីវិល័យ ជាច្រើន​ចង់​បាន​ស្លាក​លេខ​ពិសេស​នេះ។​ ហើយ​ម្យ៉ាង​ទៀត​រដ្ឋ​ក៏អាច​លក់​ស្លាកលេខ​នេះ​បាន​ថ្លៃ​ដើម្បី​ប្រមូល​ចំណូល​ចូល​រដ្ឋ​ផង​ដែរ​។​​

យ៉ាង​ណា​ក៏​ដោយ ​នៅពេល​សួរ​ថា ប្រសិន​បើ​មាន​ឥស្សរ​ជន​ជាន់​ខ្ពស់ ឬ​អ្នក​មាន​ឥទ្ធិពល​ណា​មួយ​ប្រើ​ប្រាស់​ស្លាក​លេខ​ពិសេសនេះ​សម្រាប់​រថយន្ត​របស់ខ្លួន ហើយ​នៅពេល​បង្ក​គ្រោះ​ថ្នាក់​ជាយថាហេតុ តើ​វាអាច​ធ្វើ​ឲ្យ​ប៉ូលីស​ចរាចរណ៍​ខ្លាច​មិន​ហ៊ាន​ចាប់ដែរ​ឬ​ទេ?​ លោក ហ៊ាង សុទ្ធាយុត្តិ យល់ថា សម័យ​នេះ​ហើយ​គេមិន​អាច​បិទ​បាំង​កំហុស​របស់​នណា​ម្នាក់​បាន​ឡើយ​ ព្រោះ​មាន​សារព័ត៌មាន​សម្បូរបែប​។​

ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​ឯកជន​វិញ ​អ្នក​ជំនាញ​ដដែល​បញ្ជាក់ថា ​វាជា​ការឯក​ភាព​គ្នា​រវាង​អ្នក​ប្រើ​ប្រាស់​​និង​រដ្ឋ​ ដោយ​​ម្ចាស់​រថយន្តអាច​ប្រើ​ឈ្មោះ​ពិត ​ឬក៏ចង់​ប្រើ​ឈ្មោះ​ពិសេស​ណា​មួយ​ដែល​ខ្លួន​ពេញ​ចិត្ត​។ ​ប៉ុន្តែ​តម្លៃ​ស្លាក​លេខ​ពិសេស​នេះ​ក៏​កើន​ឡើង​ទៅ​តាម​នោះ​ដែរ​៕

RFI