ខ្មែរប៉ុស្ដិ៍ Close

នយោបាយឈ្នះ-ឈ្នះ គឺជាឱសថទិព្វបង្កើតបានសន្តិភាព ឯកភាពជាតិ​ ឯកភាពទឹកដី និងការអភិវឌ្ឍ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 43
នយោបាយឈ្នះ-ឈ្នះ គឺជាឱសថទិព្វបង្កើតបានសន្តិភាព ឯកភាពជាតិ​ ឯកភាពទឹកដី និងការអភិវឌ្ឍ នយោបាយឈ្នះ-ឈ្នះ គឺជាឱសថទិព្វបង្កើតបានសន្តិភាព ឯកភាពជាតិ​ ឯកភាពទឹកដី និងការអភិវឌ្ឍ

នៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ គឺពិតជារយៈពេលគំរ​ប់ខួប២១ឆ្នាំ នៃការអនុវត្តនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ការបង្រួមបង្រួមជាតិ និងការឯកភាពទឹកដី។ កម្ពុជា ពុំដែលធ្លាប់កើតមានក្នុងរយៈ​ពេលជាង ប្រាំរយឆ្នាំនៃប្រវត្តិសាស្រ្តបែកបាក់ជាតិ និងសង្រ្គាមផ្ទៃ​ក្នុង។ តើអ្នកណាជាស្ថាបនិកនៃសមិទ្ធិផល​ដ៏អហិមាជាប្រវត្តិសាស្រ្តនេះ? តើអ្វីទៅជាសន្តិភាព? តើអ្វីទៅជានយោបាយឈ្នះ-ឈ្នះ? ហើយអ្វីទៅជាមនុញ្ញផលជាប្រវត្តិសាស្រ្តដែលប្រជាជនកម្ពុជាទាំងមូលទទួលបាន ក្នុងរយៈពេល២១ឆ្នាំ នៃសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ពីឆ្នាំ១៩៩៨ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន? តើអ្វីទៅជាការរំពឹងទុករបស់ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីពីថ្ងៃនេះ ទៅអនាគតខាងមុខ?

សម្រាប់ប្រជាជនខ្មែរទូទៅ នៅពេលនិយាយពីសន្តិភាព គឺពួកគាត់តែងនឹកឃើញដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាសហស្ថាបនិកសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ និយាយដោយឡែក និងជាស្ថាបនិកសុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី និយាយជារួម។ ដូចនេះ លោក ហ៊ុន សែន គឺពិតជានិមិត្តរូបសន្តិភាព សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំមូល ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍ។

សន្តិភាព គឺសំដៅលើសេចក្តីសុខសាន្តទាំងផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្ស និងជាស្ថានភាពប្រទេសគ្មានសង្រ្គាម គ្មានការប្រទូស្តរ៉ាយ។ ក្នុងសច្ចភាពប្រវត្តិសាស្រ្តដ៏គួរឱ្យសោកស្តាយបំផុតរបស់ខ្មែរជាងប្រាំរយឆ្នាំ ពិសេស ក្រោយសម័យពញាយ៉ាត ឆ្នាំ១៤៧០ ពិតជាបានបង្ហាញឱ្យឃើញនូវការបែកបាក់ និងសង្រ្គាមផ្ទៃក្នុង ដែលក្នុងដំណាក់កាលបន្តបន្ទាប់ប្រទេសកម្ពុជាត្រូវបានបែងចែកតំបន់ត្រួតត្រាច្រើនក្នុងពេលតែមួយ ឧទាហរណ៍ តំបន់មួយគ្រប់គ្រងដោយព្រះស្រីរាជា តំបន់មួយផ្សេងទៀត គ្រប់គ្រងដោយសុរិយោទ័យ។ តំបន់ចតុមុខ គឺជាតំបន់ ព្រះធម្មរាជាគ្រប់គ្រង។ តំបន់រលាប្អៀរ, ពោធិ៍សាត់, បាត់ដំបង គឺជាតំបន់ព្រះស្រីរាជាគ្រប់គ្រង។ ក្នុងចុងសតវត្សរ៍ ក៏មានបែងចែកតំបន់ត្រួតត្រា ក្នុងទសវត្យឆ្នាំ១៩៧០ ១៩៨០ និង១៩៩០។  វាប្រាកដណាស់ កុំនិយាយាថា មានសាមកុកតែនៅក្នុងប្រទេសចិន តែជាក់ស្តែង ក្នុងប្រវត្តិសាស្រ្តខ្មែរក៏មានសាមកុក នៅក្នុងប្រទេសកម្ពុជាដែរ។

ផ្តើមពីជំនួបលើកដំបូង ថ្ងៃទី២ ធ្នូ ឆ្នាំ១៩៨៧ នៅ Fere en Tadenois ជាយក្រុងប៉ារីស រវាងសម្តេច ព្រះនរោត្តម សីហនុ និង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកិច្ចប្រជុំបន្តបន្ទាប់ គឺពិតជាមានការចរចាយ៉ាងស្វិតស្វាញ និងដ៏ឈ្លាសវៃរបស់លោក ហ៊ុន សែន បាននាំមកនូវកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ បង្កើតបាននូវរបបរាជានិយមទី២ ប្រជាធិបតេយ្យសេរី ពហុបក្ស និងការបោះឆ្នោតលើកដំបូងរៀបចំដោយអ៊ុនតាក់។

ក្រោយការចាកចេញរបស់អ៊ុនតាក់ ប្រទេសកម្ពុជាមិនទាន់ទទួលបានសន្តិភាពពេញលេញនោះទេ អាស្រ័យដោយប្រទេសកម្ពុជា នៅតែជាប្រទេសមួយត្រូវបានបែងចែកតំបន់គ្រប់គ្រងមួយភាគធំដោយរដ្ឋាភិបាលស្របច្បាប់ និងមួយភាគតូចស្ថិតក្រោមការត្រួតត្រារបស់ខ្មែរក្រហម ហៅថា កម្ពុជាប្រជាធិបតេយ្យ ដែលនៅមានអង្គការចាត់តាំងនយោបាយ និងយោធា ដែលជាក្បាលម៉ាស៊ីនបន្តសង្រ្គាមនៅក្នុងផ្នែកខ្លះនៃផ្ទៃប្រទេស។នៅក្នុងបរិការណ៍នេះ យុទ្ធសាស្រ្តច្រេះស៊ីដែករបស់ ប៉ុល ពត ក៏បានជួបតទល់ជាមួយនឹងនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាវគ្គផ្តាច់ព្រ័ត្រនៃដំណាក់កាលបង្រួបបង្រួមជាតិ និងការកសាងសន្តិភាពចុងក្រោយរបស់កម្ពុជា។

ពិតណាស់ នយោបាយឈ្នះឈ្នះ គឺជាយុទ្ធសាស្រ្តរបស់អ្នកនយោបាយរៀបចំឡើងដោយ គ្មានអ្នកចាញ់ គឺមានតែអ្នកឈ្នះទាំងអស់គ្នាដែលរដ្ឋាភិបាលស្របច្បាប់ក៏បានទទួល ហើយខាងកម្ពុជាប្រជាធិបតេយ្យ​ក៏បានទទួលផងដែរ។ ក្នុងនយោបាយឈ្នះឈ្នះត្រូវមានសម្បទានគ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់ ដែលអ្នកយុទ្ធសាស្រ្តត្រូវសុខចិត្តប្រត្តិបតិ្តដោយស្មោះត្រង់គ្មានការលាក់លៀម និងដោយជំនឿទុកចិត្តគ្នាទៅវិញទៅមក។ ក្នុងន័យនេះ នយោបាយឈ្នះ-ឈ្នះ ក៏មានការប្រើប្រាស់យុទ្ធសាស្រ្ត ឌីហ្វីដ DIFID ផងដែរ ក៏ប៉ុន្តែជាផ្នែកមួយនៃយុទ្ធសាស្រ្តក្នុងបណ្តាយុទ្ធសាស្រ្តដទៃទៀត ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្ត ហើយគោលដៅជាយុទ្ធសាស្រ្ត គឺត្រូវសម្រេចឱ្យបាននូវការរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមទាំងស្រុងតែម្តង។ ដូច្នេះដើម្បីធ្វើឱ្យភាគីយល់ព្រមក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះសម្រេចបានជោគ​ជ័យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់នូវលក្ខខណ្ឌ៣ ដែលភាគីកម្ពុជាប្រជាធិបតេយ្យបានទទួលយក គឺ៖ ទី១- ការធានាអាយុជីវិតនិងរូបកាយ ទី២ – ធានាអាជីពនិងមុខរបរ ក៏ជាចំណុចដ៏មានសារសំខាន់ខ្លាំងណាស់ និងទី៣- គឺការធានាកម្មសិទ្ធិ ទាំងចលនទ្រព្យ និងអចលនទ្រព្យផងដែរ។

តើហេតុអ្វីត្រូវយកផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាកន្លែងជួបជុំ និងចុះចូលរបស់លោក ខៀវ សំផន នួន ជា និងអៀង សារី និងអ្នកដៃទៀត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨?  ជាការពិតក្នុងយុទ្ធវិធីនេះ លោកនាយករដ្ឋមន្រ្តីចង់បង្ហាញនូវអត្ថន័យ៣យ៉ាងដ៏សំខាន់បំផុត៖

ទី១- លោកនាយករដ្ឋមន្រ្តី ចង់បង្ហាញសារយ៉ាងច្បាស់បំផុតដល់កងកម្លាំងខ្មែរក្រហមដែលនៅសេសសល់ខ្លះ ហើយដែលមិនទាន់បានចុះចូលនាពេលនោះឱ្

យបានដឹងថា មេដឹកនាំកំពូលរបស់ពួកគេបានមកចុះចូល និងព្រមវិលត្រឡប់ចូលរួមរស់ក្នុងសហគមន៍ជាតិវិញ ហើយថា ខ្មែរឈប់ច្បាំងគ្នាហើយ។
ទី២- ក្នុងជំនួបនោះគឺជាសារបង្ហាញដល់ប្រជាជនខ្មែរទាំងមូលថា កម្ពុជាឈប់មានសង្គ្រាម លែងមានការបាញ់គ្នាទៀតហើយ។
ទី៣- ជាសារផ្តល់សេចក្តីជឿទុកចិត្តដល់វិនិយោគិនបរទេសទាំងអស់ឱ្យមករកស៊ីដាក់ទុននៅកម្ពុជា ពីព្រោះកម្ពុជាលែងមានសង្រ្គាម កម្ពុជាមានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីចាប់ពីពេលនេះតទៅ។

ជារួម នយោបាយយឈ្នះ-ឈ្នះ គឺជាឱសថទិព្វ បង្កើតបាននូវសន្តិភាព ឯកភាពជាតិ​ ឯកភាពទឹកដី និងការអភិវឌ្ឍ ដែលបានបង្កើតឱ្យមានកាលានុវត្តិភាពថ្មីមួយសម្រាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈការដាក់ចេញជាលើកដំបូងនូវនយោបាយយុទ្ធសាស្រ្តត្រីកោណ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៨ ក្នុងអាណត្តិទី២ នៃរដ្ឋសភា ហើយក៏បានបន្តពង្រីកនូវគោលនយោបាយ និងកម្មវិធីនយោបាយអភិវឌ្ឍជាតិរឹងមាំមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងយុទ្ធសាស្រ្តចតុកោណជាបន្តបន្ទាប់រហូតមក។

សន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ពិតជាលក្ខខណ្ឌចាំបាច់បំផុត សម្រាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ចឱ្យបានរីកចម្រើនក្នុងរង្វ​ង់៧%ក្នុងមួយឆ្នាំៗ ជាមួយនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព និងអត្រាអតិផរណាក្នុងកំរិតទាប។  ជាមួយនឹងការរក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំរបស់ខ្លួន វាក៏បានបង្ហាញឱ្យឃើញនូវកំណើនចំណូលសរុបសម្រាប់មនុស្សៗ (GDP per Capita)  បានកើនឡើងដល់១៧០៦ដុល្លារ ក្នុងឆ្នាំ​២០១៩ ធៀបនឹង១៥៦៣ ដុល្លារអាមេរិក ក្នុងឆ្នាំ​២០១៨​កន្លងមក។ ការសម្រេចបានសមិទ្ធកម្មសេដ្ឋកិច្ចដ៏ល្អនេះ បានធ្វើឱ្យអត្រានៃភាព​ក្រីក្ររបស់ប្រជាជនត្រូវបានវាស់វែងឃើញថា ប្រមាណ ៥៣,៥% ក្នុងឆ្នាំ២០០៤ ធ្លាក់ចុះមកក្នុងរង្វង់ក្រោម៩% សម្រាប់ឆ្នាំ២០១៩នេះ។ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​នេះ ដោយសារ​កម្ពុជា​កំពុង​ឈរ​លើ​សុខ​សន្តិភាព ស្ថិរភាព​នយោ​បាយ​ល្អក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​លោកនាយករដ្ឋម​ន្រ្តី ​ហ៊ុន​ សែន ​បាននិងកំពុងក្លាយទៅជាការរំពឹងទុករបស់ប្រជាជនកម្ពុជាទាំងមូលនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិ​បាល​ ក្នុងកិច្ចប្រឹងប្រែងប្រែក្លាយប្រទេសកម្ពុជា​ពីប្រទេសក្រីក្រមកជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកំរិតទាប​និងមានទិសដៅក្លាយទៅជាប្រទេសដែលមានប្រាក់​ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០​ ហើយក៏មានមហិច្ឆិតាកា្លយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ទៀតផងដែរ៕

ដោយ៖ ឡុង បូរិតា

អត្ថបទទាក់ទង