ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងការងារ៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នឹងប្រែក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
រដ្ឋមន្រ្តីក្រសួងការងារ៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នឹងប្រែក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មី រដ្ឋមន្រ្តីក្រសួងការងារ៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នឹងប្រែក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មី

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នឹងប្រែក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មី ដើម្បីផ្តល់ឱកាសដល់និស្សិតក្នុងការរិះរកនូវការបង្កើតថ្មី និងការស្រាវជ្រាវទាក់ទងនិងការអភិវឌ្ឍប្រកបដោយចីរភាព។ សកម្មភាពស្រាវជ្រាវ និងផ្តោតលើវិស័យវិស្វកម្មសំណង់ស៊ីវិល អគ្គិសនី និងព័ត៌មានវិទ្យា។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលមួយនេះក៏ ជាកន្លែងផ្លាស់ប្តូរមតិយោបល់ និងការចែករំលែកបទពិសោធន៍ជាមួយវិស័យឯកជន និងគ្រឹះស្ថាននានា។ នេះជាប្រសាសន៍លើកឡើងរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ សាស្រ្តាចារ្យ និងបុគ្គលិកសិក្សា និងអបអរសាទរ ខួប ២០ឆ្នាំ របស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្រទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ(TVET) និងដាក់ចេញអនុសាសន៍ជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ ដែលស្ថិតក្រោមឱវាទរបស់ខ្លួន ត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាពទៅដល់សិក្ខាកាម ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាទំនើប ឬហៅថាបដិវត្តឧស្សាហកម្ម ៤.០។

ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រខាងលើឱ្យបានផុសផុល ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំណត់ថា នឹងចុះជំរុញផ្ទាល់នៅតាមគ្រឹះស្ថានអប់រំទាំងឡាយ ដែលចំណុះក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈម្ដងមួយៗ តួយ៉ាងនាថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៩នេះ ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ដែលមានការអមដំណើរដោយឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតផងនោះ បានចុះទៅដល់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។ សកម្មភាពចុះត្រួតពិនិត្យផ្ទាល់ខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីជំរុញលើកទឹកចិត្តក្នុងការអនុវត្ត នូវគោលនយោបាយ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងអនុវត្តទៅតាមអាទិភាពទី២ដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រ ការអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ ដែលពង្រឹងបន្ថែមទៅលើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ (TVET) ។

លោកបណ្ឌិត អ៊ិត សំហេង បានលើកទឹកចិត្តដល់សាស្រ្តាចារ្យ នៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសត្រូវខិតខំបន្តការអប់រំ បណ្ដុះបណ្ដាល និងលើកទឹកចិត្តឱ្យសិស្ស និស្សិត ត្រូវខិតខំសិក្សារៀនសូត្រតាមជំនាញរបស់ខ្លួន ធ្វើយ៉ាងឱ្យវិទ្យាស្ថានជាតិមួយនេះក្លាយជាគ្រឹះស្ថាននាំមុខមួយ ក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងប្រព័ន្ធគ្រប់គ្រង សមត្ថភាពគ្រូបណ្ដុះបណ្ដាល និងគុណភាពរបស់សិស្ស-និស្សិត សិក្ខាកាម។ នាឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានទាញការចាប់អារម្មណ៍ទៅដល់យុវជនកម្ពុជាទាំងឡាយ គប្បីងាកមកចាប់អារម្មណ៍ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលកំពុងមានភាពចាំបាច់ និងកំពុងមានតម្រូវការខ្លាំងក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។

លោករដ្ឋមន្ត្រី អ៊ិត សំហេង ក៏បានស្នើដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បន្ថែមការស្រាវជ្រាវក្នុងជំនាញរបស់ខ្លួនបន្ថែមទៀតដើម្បីឲ្យដើរទាន់ការវិវត្តិន៍បច្ចេកទេសថ្មីៗ។ ដូច្នេះ សាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូ សូមយកចិត្តទុកដាក់ក្នុងការសិក្សាបន្ថែមដោយខ្លួនឯងទៀត ដោយគ្រូខ្លះបានកម្រិតថ្នាក់បរិញ្ញាបត្រ បន្តយកថ្នាក់អនុបណ្ឌិត ឬបណ្ឌិតបន្ថែមទៀត។ លោក បានបន្ថែមថា ការធ្វើបែបនេះដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំបាច់ក្នុងដំណាក់កាលថ្មីនេះ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី៤ហើយ នៅក្នុងដំណើរចុះផ្ទាល់ដល់គ្រឹះស្ថានអប់រំ បណ្តុះបណ្តាល ក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជម្រុញការអនុវត្តគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០១៩-២០២៣ ក៏ដូចជាការស្វែងយល់ពីវឌ្ឍនភាពនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ៕

អត្ថបទទាក់ទង