ខ្មែរប៉ុស្ដិ៍ Close

អភិបាលព្រះសីហនុ ពិភាក្សាការងារជាមួយក្រុមហ៊ុន​ចិន​ អំពីគម្រោងវិនិយោគកែឆ្នៃសំរាមបំលែងជាថាមពលអគ្គិសនី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
អភិបាលព្រះសីហនុ ពិភាក្សាការងារជាមួយក្រុមហ៊ុន​ចិន​ អំពីគម្រោងវិនិយោគកែឆ្នៃសំរាមបំលែងជាថាមពលអគ្គិសនី អភិបាលព្រះសីហនុ ពិភាក្សាការងារជាមួយក្រុមហ៊ុន​ចិន​ អំពីគម្រោងវិនិយោគកែឆ្នៃសំរាមបំលែងជាថាមពលអគ្គិសនី

នៅទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd បានចូលជួបសម្តែងការគួរសមជាមួយ​លោក​ ​គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងធ្វើការវិនិយោគកែឆ្នៃសំរាមបំលែងជាថាមពលអគ្គិសនៅខេត្តព្រះសីហនុ ។

នាឱកាសនោះដែរ​ លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd មានប្រសាសន៍ជំរាបជូន​ ​ អភិបាលខេត្តព្រះសីហនុ អំពីគោលបំណងនៃការវិនិយោគ​ឲ្យកាន់តែប្រសើរឡើងដល់ខេត្តព្រះសីហនុ និងផ្តល់ឱកាសឱ្យក្រុមហ៊ុនលោកមកធ្វើការវិនិយោគកែឆ្នៃសំរាមទៅជាអគ្គិសនី និងវិនិយោគលើផ្នែកផ្សេងៗទៀតនៅខេត្តព្រះសីហនុ។

ក្រុមហ៊ុនមានជំនាញ បច្ចេកវិទ្យាក្នុងការកែឆ្នៃសំរាម មកជាថាមពលអគ្គិសនី ទន្ទឹមនឹងនោះ ក៏មានគម្រោងការងារមនុស្សធម៌ជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋខេត្តព្រះ សីហនុ។ ប្រធានក្រុមហ៊ុន ក៏បានអញ្ជើញអភិបាលខេត្តព្រះសីហនុ ទៅធ្វើទស្សនៈកិច្ចនៅរោងចក្រក្នុងខេត្ត នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ ។

លោក គួច ចំរើន បានស្វាគមន៍ក្រុមហ៊ុនដែលមានបំណងមកធ្វើការវិនិយោគអគ្គិសនី ដែលយកវត្ថុធាតុដើមចេញពីសំរាម ប្រសិនបើសិក្សាមានផលវិជ្ជមាន រដ្ឋបាលខេត្ត​ នឹងស្វាគមន៍ចំពោះការវិនិយោគមួយនេះ និងសន្យាជួយរកទីតាំងបង្កើតរោងចក្រ និងជួយសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងការសុំច្បាប់វិនិយោគនៅ CDC និងក្រសួងបរិស្ថានថែមទៀតផង ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកមានអ្នកវិនិយោគ​ បានចូលជួបពិភាក្សាគ្នា ក្នុងគោលបំណងវិនិយោគសំរាម ដោយកែឆ្នៃជាថាមពលអគ្គិសនី ក៏ប៉ុន្តែមិនបានឆ្លើយតបតាមតម្រូវការដែលរដ្ឋបាលខេត្តចង់បាននោះទេ គឺគ្រាន់តែមកហើយ បាត់ស្ងាត់ទៅវិញ ប្រសិនបើក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd មានបំណងមកវិនិយោគពិតប្រាកដ ត្រូវសិក្សាលម្អិត ហើយរដ្ឋបាលខេត្តនឹងចូលរួមសហការ ដើម្បីដំណើរការបង្កើតរោងចក្រឡដុតសំរាមទទួលបានផ្លែផ្កានាពេលខាងមុខ ។

លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd ក៏បានផ្តល់អង្ករចំនួន ១០តោន ដល់រដ្ឋបាលខេត្តព្រះសីហនុ ចូលរួមក្នុងការងារមនុស្សធម៌ និងកិច្ចការសង្គមក្នុងខេត្តព្រះសីហនុ ៕

អត្ថបទទាក់ទង