ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អរគុណប្រទេសកាណាដាដែលបានផ្តល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យកំចាត់មីន អប់រំ បេសកកម្មថែរក្សាសន្តិភាព និងការប្រែប្រួលអាកាសធាតុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 48
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អរគុណប្រទេសកាណាដាដែលបានផ្តល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យកំចាត់មីន អប់រំ បេសកកម្មថែរក្សាសន្តិភាព និងការប្រែប្រួលអាកាសធាតុ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អរគុណប្រទេសកាណាដាដែលបានផ្តល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យកំចាត់មីន អប់រំ បេសកកម្មថែរក្សាសន្តិភាព និងការប្រែប្រួលអាកាសធាតុ

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងបាងកក ប្រទេសថៃ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យលោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសកាណាដាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរចំពោះជោគជ័យនៃការបំពេញបេសកកម្មការទូតរបស់លោកស្រី និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំផ្ទាល់ខ្លួនរបស់លោកស្រីក្នុងការរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសបញ្ជាក់តាមរយៈកំណើនយ៉ាងលឿននៃទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា។ លោក បានថ្លែងអំណរគុណតាមរយៈលោកស្រីចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានផ្តល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យកំចាត់មីន អប់រំ បេសកកម្មថែរក្សាសន្តិភាព និងការប្រែប្រួលអាកាសធាតុ។ ក្នុងក្របខណ្ឌអាស៊ាន លោក បានបញ្ជាក់ថា កម្ពុជាគាំទ្រឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អាស៊ាន-កាណាដា។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ការបំពេញបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។ ចំពោះ FTA អាស៊ាន-កាណាដា លោកជំទាវ បានសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងមានការវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ ដោយឡែក ចំពោះពាណិជ្ជកម្មទ្វេភាគីវិញ លោកស្រី បានកត់សម្គាល់ថា ក្រោយពេលប្រទេសកាណាដាបានបើកឱ្យដំណើរការិយាល័យស្ថានទូតកាណាដានៅទីក្រុងភ្នំពេញ នៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងរហូតដល់៨០០%។ ចំពោះប្រព័ន្ធអនុគ្រោះពន្ធ (GSP) វិញ លោកស្រី បានសង្កត់ធ្ងន់ថា កាណាដាផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍក្នុងគោលដៅសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះដោយមិនភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សឡើយ។

ក្នុងពេលនោះដែរ លោកស្រី ក៏បានលើកឡើងថា កាណាដាបានបង្កើតមូលនិធិសម្រាប់ការបញ្ជូនកងកម្លាំងស្រ្តីក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយតាមរយៈមូលនិធិនេះ លោកស្រីសង្ឃឹមថា កម្ពុជា នឹងទទួលបានមូលនិធិបន្ថែមសម្រាប់ការបញ្ជូនកងកម្លាំងមួកខៀវស្រ្តីកម្ពុជា។ លោកស្រី ក៏បានរំលឹកអំពីប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងនៅក្នុងឱកាសបញ្ជូនកងកម្លាំងមួកខៀវស្ត្រីកម្ពុជា នៅពេលកន្លងថា សូមឲ្យចៀសឆ្ងាយអំពីការរំលោភបំពានផ្លូវភេទ ក្នុងចំណោមកងកម្លាំងមួកខៀវទាំងអស់ ហើយដែលនៅពេលនោះ សូម្បីអង្គការសហប្រជាជាតិ ក៏មិនទាន់បានគិតដល់បញ្ហានេះនៅឡើយ។

ពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់កងកម្លាំងមួកខៀវរបស់កម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងក្តីរីករាយដែលកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវស្រ្តីកម្ពុជានៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាពដែលមានចំនួនសរុបជាង៣០០នាក់ ឬប្រហែល៥% នៃកងកម្លាំងមួកខៀវសរុបរបស់កម្ពុជា។ លោក ក៏បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតថា លោកតែងតែស្នើឱ្យកងកម្លាំងមួកខៀវកម្ពុជាទាំងអស់អនុវត្តឱ្យបានម៉ឺងម៉ាត់បីចំណុចដូចតទៅ៖១) បំពេញការងារដោយវិជ្ជាជីវៈ ២) គោរពវិន័យ និង ៣) គោរពច្បាប់របស់ប្រទេសដែលខ្លួនទៅបំពេញបេសកកម្ម និងជួយយកអាសាប្រជាជនក្នុងតំបន់បេសកកម្មរបស់ខ្លួន។

ក្រៅពីនេះ លោកឧបនាយករដ្ឋមន្រ្តី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាដោយត្រង់ទៅត្រង់មកលើបញ្ហាជាច្រើនផ្សេងទៀត រួមទាំងបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម។ ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយនិងស្និទ្ធស្នាល៕

អត្ថបទទាក់ទង