ខ្មែរប៉ុស្ដិ៍ Close

ចក្រភពអង់គ្លេស ប្រកាសផ្ដល់ជំនួយរយៈពេល៣ឆ្នាំ ក្នុងការដោះមីននៅកម្ពជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 8
ចក្រភពអង់គ្លេស ប្រកាសផ្ដល់ជំនួយរយៈពេល៣ឆ្នាំ ក្នុងការដោះមីននៅកម្ពជា ចក្រភពអង់គ្លេស ប្រកាសផ្ដល់ជំនួយរយៈពេល៣ឆ្នាំ ក្នុងការដោះមីននៅកម្ពជា

រដ្ឋាភិបាលនៃចក្រភពអង់គ្លេស នឹងប្រកាសផ្ដល់ជំនួយរយៈពេល៣ឆ្នាំ ក្នុងការដោះមីននៅក្នុងប្រទេសកម្ពជា បន្ថែមទៀត តាមរយៈអង្គការហេលឡូត្រាស ខណៈដែលកម្ពុជាបានឆ្លងកាត់សង្គ្រាម និងកំពុងជួបបញ្ហាប្រឈមនឹងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតំបន់មួយចំនួនទូទាំងប្រទេស។ សេចក្ដីប្រកាសព័ត៌មាននេះ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសនឹងចេញក្នុងពេលឆាប់ៗនេះ អំពីជំនួយបន្ដរបស់អង់គ្លេសសម្រាប់រយៈពេល៣ឆ្នាំទៅមុខទៀត ក្នុងវិស័យដោះមីននៅកម្ពុជា។

នេះបើយោងតាមការបញ្ជាក់ពី លោក កេត សូផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់ជំនួប រវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ និងលោកស្រី Tina Susan Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែសីហានេះ នៅទីស្តីការក្រសួង ។

តាមការបញ្ជាក់ពីលោក កេត សូផាន់ បានឲ្យដឹងទៀតថា លោកស្រីឯកអគ្គរដ្ឋទូតអង់គ្លេស បានបញ្ជាក់ថា រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងជួយជម្រុញលើការងារដោះមីន អោយបានកាន់តែឆាប់ ខណៈដែលវិស័យដោះមីន បានបង្ហាញអោយឃើញថា រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាខ្ពស់ក្នុងការ ដោះមីនដើម្បីរំដោះផ្ទៃដីសំរាប់ការអភិវឌ្ឍប្រទេសជាតិ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន បានថ្លែអំណរគុណដល់រដ្ឋាភិបាលចក្រក្រភពអង់គ្លេស បន្ដផ្ដល់ជំនួយរយៈពេល៣ឆ្នាំ លើវិស័យដោះមីននៅកម្ពុជា ហើយតាមរយៈនៃការផ្ដល់ជំនួយនេះ ពិតមានសារៈសំខាន់ណាស់ ខណៈដែលកម្ពុជាបានឆ្លងកាត់សង្គ្រាម និងកំពុងជួបបញ្ហាប្រឈម នឹងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅតំបន់មួយចំនួនទូទាំងប្រទេស ដើម្បីសម្រេចតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់គ្រាប់មីនកប់ក្នុងដី និងសំណល់អាវុធជាតិផ្ទុះសល់ពីសង្គ្រាមឱ្យអស់ ពីប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០១៩។

គួរបញ្ជាក់ថា នៅក្នុងជំនួបនេះដែរ ភាគីទាំង២ នឹងនៅតែបន្ដកិច្ចសហប្រតិបត្តការទ្វេភាគីជាមួយគ្នា បន្ថែមទៀត ក្នុងនោះកម្ពុជានិងចក្រភពអង់គ្លេស បានត្រៀមចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា លើកំណត់ហេតុនៃកិច្ចពិភាក្សានៃក្រសួងការបរទេសទាំង២ ដើម្បីបំរើផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ព្រមទាំងបានពិភាក្សាគ្នាផងដែរ លើការងារសន្ដិសុខ ពាណិជ្ជកម្ម និងកិច្ចសហការលើវិស័យអប់រំ ពិសេសលើកិច្ចសហការរវាងវិទ្យាស្ថានការទូតកម្ពុជា និងអង់គ្លេស លើការបណ្តុះបណ្តាល និងកិច្ច សហការវិស័យដោះមីនដើម្បីមនុស្សធម៌ ព្រោះថានៅក្នុងប្រទេសកម្ពុជា ក៏មានវិទ្យាស្ថានដោះមីនអាស៊ានដែរ៕

អត្ថបទ៖ សាវឿន

អត្ថបទទាក់ទង